កិច្ចការ
របស់ពួកសាវ័ក
១
បុព្វកថា
១ ឱលោកថេវភីលអើយ ខ្ញុំបានតែងរឿង១ច្បាប់មុននោះ ពីអស់ទាំងការដែលព្រះយេស៊ូវ បានចាប់តាំងធ្វើ ហើយបង្រៀន
២ ដរាបដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើងផុតទៅហើយ គឺក្រោយដែលទ្រង់បានផ្តាំ ដោយនូវព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវ័ក ជាពួកអ្នកដែលទ្រង់បានរើស
៣ ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ
៤ រួចមក កាលបានប្រជុំទាំងអស់គ្នាហើយ នោះទ្រង់ហាមមិនឲ្យគេចេញពីក្រុងយេរូសាឡិមឡើយ ដោយព្រះបន្ទូលថា ត្រូវឲ្យនៅចាំសេចក្តីសន្យានៃព្រះវរបិតា ដែលអ្នករាល់គ្នាបានឮខ្ញុំថ្លែងប្រាប់ហើយ
៥ ដ្បិតពិតជាលោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែនៅបន្តិចទៀត អ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។
ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌
៦ ដូច្នេះ កាលពួកសាវ័កបានប្រជុំគ្នា នោះក៏ទូលសួរថា ព្រះអម្ចាស់អើយ តើនៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឲ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ
៧ តែទ្រង់មានព្រះបន្ទូលឆ្លើយថា មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ
៨ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង
៩ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។
១០ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅ នោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា
១១ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ
១២ ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក
១៣ កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍ និងយូដាស ជាញាតិនឹងយ៉ាកុប
១៤ ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ និងបងប្អូនទ្រង់ដែរ។
ការជ្រើសរើសម៉ាត់ធាសជាសាវ័កជំនួសយូដាសអ៊ីស្ការីយ៉ុត
១៥ នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា
១៦ បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច
១៧ ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ
១៨ (រីឯមនុស្សនេះបានទិញដីវាល ដោយសាររង្វាន់នៃការទុច្ចរិតរបស់ខ្លួនវា ប៉ុន្តែ វាដួលទៅមុខធ្លាយពោះ ហើយពោះវៀនក៏ចេញទ្រេល
១៩ រឿងនោះបានឮ ទៅដល់មនុស្សទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានជាគេហៅវាលនោះតាមភាសាគេថា អាកិលដាម៉ា គឺប្រែថា វាលឈាម)
២០ ព្រោះមានសេចក្តីចែងទុកមក ក្នុងគម្ពីរទំនុកដំកើងថា «ចូរឲ្យទីលំនៅវាត្រូវចោលស្ងាត់ចុះ កុំឲ្យមានអ្នកណានៅទីនោះឡើយ» ហើយថា «ត្រូវឲ្យម្នាក់ទៀតទទួលការងារជំនួសវា»
២១ ដូច្នេះ ក្នុងពួកអ្នកដែលដើរជាមួយនឹងយើង គ្រប់វេលាដែលព្រះអម្ចាស់យេស៊ូវយាងចេញចូលក្នុងពួកយើង
២២ ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ
២៣ ដូច្នេះ គេក៏តម្រូវលើរូប២នាក់ គឺយ៉ូសែប ដែលហៅថា បារសាបាស ដែលមានឈ្មោះយូស្ទុសផងនោះ១ និងម៉ាត់ធាស១
២៤ រួចគេអធិស្ឋានទូលថា ឱព្រះអម្ចាស់ ជាព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយអើយ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ទ្រង់រើសអ្នកណាក្នុងបណ្តាអ្នកទាំង២នេះ
២៥ ឲ្យបានទទួលចំណែក ក្នុងកិច្ចការ និងងារជាសាវ័កនេះ ជំនួសយូដាស ដែលបានធ្លាក់ចេញពីងារនេះហើយ ដើម្បីនឹងទៅឯកន្លែងរបស់វា
២៦ នោះគេចាប់ឆ្នោតត្រូវលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយនឹងពួកសាវ័កទាំង១១នាក់។