៣
ពេត្រុស និងយ៉ូហានប្រោសជនពិការម្នាក់ឲ្យជា
១ នៅពេលអធិស្ឋាន ជាពេលម៉ោង៣រសៀល នោះពេត្រុស និងយ៉ូហាន ឡើងទៅក្នុងព្រះវិហារជាមួយគ្នា
២ រីឯនៅត្រង់មាត់ទ្វារព្រះវិហារ ដែលហៅថាទ្វារលំអ នោះមានមនុស្សម្នាក់ ដែលខ្វិនពីកំណើត គេតែងសែងគាត់យកមក ដាក់នៅទីនោះរាល់តែថ្ងៃ ដើម្បីឲ្យបានសូមទានចំពោះអស់អ្នកដែលចូលទៅក្នុងព្រះវិហារ
៣ កាលគាត់ឃើញពេត្រុស និងយ៉ូហាន កំពុងតែដើរចូលទៅក្នុងព្រះវិហារ នោះគាត់សូមទាន
៤ តែពេត្រុស ព្រមទាំងយ៉ូហាន ក៏សំឡឹងមើលទៅគាត់ ប្រាប់ថា ចូរមើលមកយើងឯណេះ
៥ គាត់ក៏ស្តាប់តាម ដោយសង្ឃឹមថានឹងបានអ្វីខ្លះ
៦ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ
៧ រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង និងភ្នែកគោររបស់គាត់ មានកំឡាំងឡើងភ្លាម
៨ គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង
៩ បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ
១០ ហើយគេស្គាល់គាត់ ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលំអររបស់ព្រះវិហារ នោះគេក៏មានពេញជាសេចក្តីអស្ចារ្យ ហើយមមិងមមាំងពីការដែលកើតមកនោះ។
សុន្ទរកថារបស់ពេត្រុសនៅក្នុងព្រះវិហារ
១១ ដូច្នេះ កំពុងដែលគាត់ចាប់តោងឃាត់ពេត្រុស និងយ៉ូហាន នោះបណ្តាជនទាំងអស់ក៏រត់មូលមកឯគេ នៅត្រង់បាំងសាចដែលហៅថា បាំងសាចសាឡូម៉ូន ហើយគេមានសេចក្តីអស្ចារ្យក្នុងចិត្តណាស់។
១២ កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្តីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ
១៣ ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្តីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ
១៤ គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ
១៥ អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង
១៦ ហើយគឺដោយសារសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្តីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ
១៧ ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ
១៨ ប៉ុន្តែ សេចក្តីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង
១៩ ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឲ្យមានពេលលំហើយ មកពីចំពោះព្រះអម្ចាស់
២០ ហើយឲ្យទ្រង់បានចាត់ព្រះអង្គនោះ ដែលបានតម្រូវទុកជាមុន មកឯអ្នករាល់គ្នា គឺជាព្រះយេស៊ូវគ្រីស្ទ
២១ ដែលស្ថានសួគ៌ត្រូវទទួល ដរាបដល់គ្រាតាំងរបស់ទាំងអស់ឡើងវិញ ដែលព្រះបានមានព្រះបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក
២២ ដ្បិតលោកម៉ូសេបានមានប្រសាសន៍ដល់ពួកឰយុកោថា «ព្រះអម្ចាស់ ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតហោរាម្នាក់ ពីបងប្អូនអ្នករាល់គ្នាមក ឲ្យដូចខ្ញុំ ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ក្នុងគ្រប់ការទាំងអស់ ដែលលោកនឹងប្រាប់មកចុះ
២៣ ឯអស់អ្នកណាដែលមិនព្រមស្តាប់តាមវិញ នោះនឹងត្រូវវិនាសបាត់ពីសាសន៍ខ្លួនចេញ»
២៤ ហើយអស់ទាំងហោរា ចាប់តាំងពីលោកសាំយូអែល គឺអស់អ្នកដែលបានទាយតមក ក៏បានប្រាប់ជាមុនពីគ្រានេះដែរ
២៥ អ្នករាល់គ្នាជាដំណវង្សនៃពួកហោរា និងសេចក្តីសញ្ញា ដែលព្រះបានតាំងនឹងពួកឰយុកោយើងរាល់គ្នា ដោយមានព្រះបន្ទូលនឹងលោកអ័ប្រាហាំថា «អស់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារពូជឯង»
២៦ រីឯដែលព្រះបានតាំងព្រះយេស៊ូវ ជាអ្នកបំរើទ្រង់ឡើង នោះគឺសំរាប់អ្នករាល់គ្នាជាដើម ហើយក៏ចាត់ទ្រង់មក ដើម្បីនឹងប្រទានពរដល់អ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាពីសេចក្តីអាក្រក់របស់ខ្លួនចេញ។