៤
១ ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបំរើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ។
ពាក្យដាស់តឿន និងពាក្យសួរសុខទុក្ខផ្សេងៗ
២ ចូរព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ
៣ ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្តីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង
៤ ប្រយោជន៍ឲ្យខ្ញុំបានសំដែងព្រះបន្ទូលតាមដែលគួរគប្បី
៥ ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង
៦ ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ។
៧ អ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា គឺជាអ្នកជំនួយដ៏ស្មោះត្រង់ ហើយជាបាវបំរើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីអស់ទាំងរឿងរបស់ខ្ញុំ
៨ ខ្ញុំបានចាត់គាត់មកឯអ្នករាល់គ្នា សំរាប់ការនោះឯង គឺឲ្យបានដឹងរឿងពីអ្នករាល់គ្នា ហើយឲ្យបានកំសាន្តចិត្តអ្នករាល់គ្នាផង
៩ ក៏ចាត់អ្នកអូនេស៊ីម ជាបងប្អូនស្ងួនភ្ងា ហើយស្មោះត្រង់ ដែលមកពីអ្នករាល់គ្នាដែរ អ្នកទាំង២នេះនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងពីគ្រប់ការទាំងអស់ ដែលនៅខាងនាយនោះ។
១០ អ្នកអើរីស្តាក ដែលជាប់គុកជាមួយនឹងខ្ញុំ ហើយម៉ាកុស ជាក្មួយបាណាបាស គាត់ជំរាបសួរមកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលបង្គាប់ ពីរឿងគាត់រួចទៅហើយថា បើគាត់មកឯអ្នករាល់គ្នា នោះត្រូវទទួលគាត់ចុះ
១១ ឯអ្នកយេស៊ូវ ដែលហៅថា យូស្ទុស គាត់ជំរាបសួរមកអ្នករាល់គ្នាដែរ អ្នកទាំងនោះជាពួកកាត់ស្បែក ឯពួកអ្នកដែលធ្វើការជាមួយនឹងខ្ញុំខាងឯនគរព្រះ មានតែប៉ុណ្ណឹងទេ ដែលកំសាន្តចិត្តខ្ញុំ
១២ អ្នកអេប៉ាប្រាស ជាបាវបំរើនៃព្រះគ្រីស្ទ ដែលមកពីពួកអ្នករាល់គ្នា គាត់សូមជំរាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានជានិច្ច ឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក
១៣ ខ្ញុំធ្វើបន្ទាល់ពីគាត់ថា គាត់មានចិត្តឧស្សាហ៍ដល់អ្នករាល់គ្នា និងពួកអ្នកនៅក្រុងឡៅឌីសេ ហើយពួកអ្នកនៅក្រុងហេរ៉ាប៉ូលជាខ្លាំងណាស់
១៤ លោកលូកា ជាគ្រូពេទ្យស្ងួនភ្ងា និងអ្នកដេម៉ាស ក៏ជំរាបសួរមកអ្នករាល់គ្នាដែរ
១៥ សូមជំរាបសួរដល់ពួកបងប្អូននៅក្រុងឡៅឌីសេ និងអ្នកនីមផាស ហើយពួកជំនុំដែលប្រជុំគ្នានៅផ្ទះគាត់
១៦ កាលណាបានអានមើលសំបុត្រនេះ ក្នុងពួកបងប្អូនអ្នករាល់គ្នាហើយ នោះចូរឲ្យគេអានមើលក្នុងពួកជំនុំ នៅក្រុងឡៅឌីសេដែរ រួចឲ្យអ្នករាល់គ្នាមើលសំបុត្រ ដែលផ្ញើទៅពួកឡៅឌីសេផង
១៧ សូមប្រាប់ដល់អ្នកអើឃីពថា ចូរប្រយ័ត្ននឹងការងារ ដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ ដើម្បីឲ្យបានបំពេញការងារនោះ។
១៨ ប៉ុលខ្ញុំសរសេរពាក្យជំរាបសួរនេះ ដោយដៃខ្លួនខ្ញុំ សូមឲ្យអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚