២៦
តង្វាយ​ផល​ដំបូង
១ កាល​ណា​ឯង​បាន​ចូល​ទៅ ចាប់​យក​ស្រុក​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក ទុក​ជា​មរដក រួច​បាន​តាំង​ទី​លំនៅ​ជា​ស្រេច​ហើយ ២ នោះ​ត្រូវ​ឲ្យ​យក​ផល​ដំបូង​គ្រប់​មុខ​កើត​ពី​ដី ដែល​ឯង​នឹង​ប្រមូល​មក​ពី​ស្រែ​ចំការ ជា​ផល​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​ដាក់​ចុះ​ក្នុង​បញ្ជី​នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​រើស​សំរាប់​តាំង​ព្រះនាម​ទ្រង់ ៣ ហើយ​ត្រូវ​ទៅ​ជំរាប​សង្ឃ ដែល​មាន​នៅ​គ្រា​នោះ​ថា នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ខ្ញុំ​បាន​មក​ដល់​ស្រុក ដែល​ព្រះយេហូវ៉ា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ថា នឹង​ឲ្យ​មក​យើង​ខ្ញុំ​ហើយ ៤ នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​កញ្ជើ​ពី​ដៃ​ឯង ទៅ​ដាក់​នៅ​មុខ​អាសនា​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ៥ រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ ៦ ពួក​សាសន៍​អេស៊ីព្ទ​បាន​ប្រព្រឹត្ត​អាក្រក់​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ធ្វើ​ទុក្ខ ហើយ​ដាក់​បន្ទុក ឲ្យ​ធ្វើ​ការ​មាន​ទំងន់​ណាស់​ផង ៧ នោះ​យើង​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ ហើយ​ទ្រង់​បាន​ឮ​សំរែក​យើង​ខ្ញុំ ក៏​ឃើញ​សេចក្តី​ទុក្ខ​លំបាក និង​ការ​នឿយហត់​របស់​យើង​ខ្ញុំ ព្រម​ទាំង​ការ​ដែល​គេ​សង្កត់សង្កិន​ដល់​យើង​ខ្ញុំ​ផង ៨ នោះ​ទ្រង់​ក៏​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះហស្ត​ដ៏​មាន​ព្រះចេស្តា និង​ព្រះពាហុ​លើក​សំរេច ព្រម​ទាំង​ធ្វើ​ការ​គួរ​ស្ញែងខ្លាច​ដ៏​ធំ និង​ទី​សំគាល់​ហើយ​នឹង​ការ​អស្ចារ្យ​ផង ៩ ទ្រង់​ក៏​បាន​នាំ​យើង​ខ្ញុំ​ចូល​មក​ដល់​ទី​នេះ ហើយ​បាន​ប្រទាន​ស្រុក​នេះ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ​ដល់​យើង​ខ្ញុំ​រាល់​គ្នា ១០ ឥឡូវ​នេះ ឱ​ព្រះយេហូវ៉ា​អើយ មើល ទូលបង្គំ​បាន​នាំ​យក​ផល​ដំបូង​កើត​ពី​ដី ដែល​ទ្រង់​បាន​ប្រទាន​ដល់​ទូលបង្គំ​មក​ហើយ នោះ​ត្រូវ​ឲ្យ​ឯង​ដាក់​របស់​ទាំង​នោះ នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង រួច​ក្រាប​ថ្វាយ​បង្គំ​ដល់​ទ្រង់ ១១ ហើយ​ត្រូវ​រីករាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង និង​ពួក​លេវី ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង។
តង្វាយ​មួយ​ភាគ​ដប់
១២ កាល​ណា​ឯង​បាន​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​ផល​របស់​ឯង​ទាំង​ប៉ុន្មាន នៅ​ឆ្នាំ​ទី​៣ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ថ្វាយ​១​ភាគ​ក្នុង​១០​នោះ​រួច​ហើយ នោះ​ត្រូវ​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា ហើយ​នឹង​ពួក​ស្រី​មេម៉ាយ​ផង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​បរិភោគ​ចំអែត​គ្រប់គ្រាន់ នៅ​ក្នុង​ទី​ក្រុង​ឯង​ដែរ ១៣ នោះ​ត្រូវ​ឲ្យ​ទូល​នៅ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ថា ទូលបង្គំ​បាន​នាំ​យក​ដង្វាយ​ទាំង​អស់ ចេញ​ពី​ផ្ទះ​ទូលបង្គំ​មក ហើយ​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី និង​ពួក​អ្នក​ដែល​ស្នាក់​នៅ ព្រម​ទាំង​ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ផង តាម​បញ្ញត្ត​ដែល​ទ្រង់​បាន​បង្គាប់​មក​គ្រប់​ជំពូក​ហើយ ទូលបង្គំ​មិន​បាន​រំលង​បញ្ញត្ត​ទ្រង់​ណា​មួយ​ឡើយ ក៏​មិន​បាន​ភ្លេច​ដែរ ១៤ ទូលបង្គំ​មិន​បាន​ទទួល​ទាន​ពី​របស់​ទាំង​នោះ ក្នុង​កាល​ដែល​កំពុង​កាន់​ទុក្ខ​ឡើយ ក៏​មិន​បាន​បង្វែរ​អ្វី​មួយ​សំរាប់​ការ​ស្មោកគ្រោក ឬ​ឲ្យ​អ្វី​សំរាប់​ខ្មោច​ស្លាប់​ដែរ ទូលបង្គំ​បាន​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​បាន​ធ្វើ​តាម​គ្រប់​សេចក្តី​ទាំង​អស់ ដែល​ទ្រង់​បាន​បង្គាប់​មក​ហើយ ១៥ សូម​ទ្រង់​ទត​មក​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ស្ថានសួគ៌ ហើយ​ប្រទាន​ពរ​ដល់​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ដី​ដែល​ទ្រង់​បាន​ប្រទាន​មក​យើង​ខ្ញុំ​ផង គឺ​ជា​ស្រុក​នេះ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ ដូច​ជា​ទ្រង់​បាន​ស្បថ និង​ពួក​ឰយុកោ​យើង​ខ្ញុំ​ហើយ។
អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់
១៦ នៅ​ថ្ងៃ​នេះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បង្គាប់​មក ឲ្យ​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​នេះ ដូច្នេះ ត្រូវ​ឲ្យ​ឯង​កាន់ ហើយ​ប្រព្រឹត្ត​តាម ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ចុះ ១៧ នៅ​ថ្ងៃ​នេះ ឯង​បាន​សុខ​ចិត្ត​ទទួល​ព្រម​ថា​ព្រះយេហូវ៉ា ទ្រង់​ជា​ព្រះ​នៃ​ឯង ហើយ​ថា ឯង​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ព្រម​ទាំង​កាន់​តាម​អស់​ទាំង​សេចក្តី​បង្គាប់ និង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​នឹង​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់​ផង ១៨ ព្រះយេហូវ៉ា​ទ្រង់​ក៏​បាន​ទទួល​ព្រម​នៅ​ថ្ងៃ​នេះ​ថា ឯង​ជា​រាស្ត្រ​របស់​ផង​ទ្រង់​ពិត​ដូច​ជា​ទ្រង់​បាន​សន្យា​នឹង​ឯង​ហើយ ព្រម​ទាំង​ប្រាប់​ឲ្យ​ឯង​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ១៩ ហើយ​ឲ្យ​បាន​លើក​ឯង​ឡើង​ជា​ខ្ពស់​ផង គឺ​ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត ដោយ​មាន​សេចក្តី​សរសើរ និង​កេរ្តិ៍​ឈ្មោះ ហើយ​នឹង​សេចក្តី​ថ្កុំថ្កើង ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ស្រាប់។