១១
១ ចូរបោះនំបុ័ងរបស់ឯងទៅលើទឹក ដ្បិតយូរថ្ងៃក្រោយមក ឯងនឹងបានសគុណនោះមកវិញ
២ ចូរចែកឲ្យដល់៧នាក់ចុះ ហើយដល់៨នាក់ផង ដ្បិតឯងមិនដឹងជានឹងកើតមានសេចក្តីអាក្រក់យ៉ាងណានៅផែនដីទេ
៣ បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នោះនឹងដេកនៅត្រង់កន្លែងដែលបានដួលនោះឯង
៤ អ្នកណាដែលសង្កេតមើលតែខ្យល់ នោះនឹងមិនសាបព្រោះទេ ហើយអ្នកណាសង្កេតមើលពពក នោះក៏មិនច្រូតកាត់ឡើយ
៥ ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណ ដែលបណ្តាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទំងន់ជាយ៉ាងណា នោះក៏មិនស្គាល់ការរបស់ព្រះ ដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរ
៦ នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង
៧ ពន្លឺជាគ្រឿងល្អ ហើយដែលភ្នែកបានឃើញពន្លឺថ្ងៃនោះក៏ស្រួល
៨ អើ បើមនុស្សណារស់នៅជាយូរឆ្នាំ នោះគួរឲ្យមានសេចក្តីអំណរចំពោះគ្រប់ឆ្នាំទាំងនោះចុះ តែត្រូវឲ្យនឹកដល់អស់ទាំងថ្ងៃ ដែលមានសេចក្តីងងឹតដែរ ពីព្រោះនឹងមានជាច្រើនទៀត គ្រប់ទាំងអស់ដែលត្រូវមក សុទ្ធតែជាការឥតប្រយោជន៍ទទេ។
៩ ឱមនុស្សកំឡោះអើយ ចូរឲ្យមានចិត្តរីករាយក្នុងវ័យកំឡោះរបស់ឯងចុះ ហើយឲ្យចិត្តឯងបណ្តាលឲ្យអរសប្បាយ ក្នុងជំនាន់ដែលឯងនៅក្មេងផង ចូរដើរតាមផ្លូវនៃចិត្តឯង ហើយតាមតែភ្នែកឯងមើលឃើញដែរ ប៉ុន្តែត្រូវឲ្យដឹងថា ព្រះទ្រង់នឹងហៅឯងមកជំនុំជំរះ ដោយព្រោះអំពើទាំងនេះជាមិនខាន
១០ ដូច្នេះ ចូរកាត់សេចក្តីក្នាញ់ក្តៅចេញពីចិត្តឯងទៅ ហើយបណ្តេញសេចក្តីអាក្រក់ឲ្យឆ្ងាយពីសាច់ឈាមឯងផង ដ្បិតគ្រានៅកំឡោះ ហើយវ័យក្មេងរមែងជាឥតប្រយោជន៍ទទេ។