១៨
ព្រះអម្ចាស់ដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត
១ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតថា
២ ឯងរាល់គ្នាប្រើពាក្យសុភាសិតនេះ និយាយពីដំណើរស្រុកអ៊ីស្រាអែលថា ឪពុកបានស៊ីផ្លែជូរ ហើយកូនត្រូវសង្កៀរធ្មេញទៅ នោះតើចង់ថាដូចម្តេច
៣ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាឯងរាល់គ្នាមិនមានឱកាសនឹងនិយាយសុភាសិតនេះ នៅក្នុងស្រុកអ៊ីស្រាអែលទៀតឡើយ
៤ មើល ព្រលឹងទាំងអស់ជារបស់ផងអញ ទោះទាំងព្រលឹងនៃឪពុក និងព្រលឹងនៃកូនផង ក៏ជារបស់ផងអញដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ។
៥ ប៉ុន្តែបើមនុស្សណាសុចរិត ជាអ្នកប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវហើយទៀងត្រង់
៦ ឥតដែលស៊ីនៅលើភ្នំ ឬងើបភ្នែក មើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន ឬចូលទៅជិតស្រីដែលមានរដូវកាល
៧ ហើយមិនបានសង្កត់សង្កិនអ្នកណា គឺបានប្រគល់របស់បញ្ចាំដល់អ្នកដែលជំពាក់ខ្លួនវិញក៏មិនបានប្លន់យករបស់គេ គឺបានចែកអាហារដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនទទេ ដោយសំលៀកបំពាក់វិញ
៨ គឺបើអ្នកនោះមិនបានឲ្យគេខ្ចីដោយយកការ ឬយកកំរៃអ្វីឡើយ គឺបានដកដៃពីអំពើទុច្ចរិតចេញ បានសំរេចសេចក្តីយុត្តិធម៌ចំពោះគ្នានឹងគ្នា
៩ ព្រមទាំងប្រព្រឹត្តតាមក្រឹត្យក្រមរបស់អញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ដើម្បីនឹងប្រព្រឹត្តដោយពិតត្រង់ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា អ្នកនោះជាមនុស្សសុចរិតពិត អ្នកនោះនឹងរស់នៅជាប្រាកដ។
១០ បើអ្នកនោះបង្កើតកូនប្រុសមកដែលធ្វើជាចោរ ជាអ្នកដែលកំចាយឈាម ឬប្រព្រឹត្តការអ្វីយ៉ាងនោះ
១១ ឥតដែលប្រព្រឹត្តការទាំងប៉ុន្មានដែលគួរធ្វើទេ គឺបានស៊ីនៅលើភ្នំវិញ ហើយបង្អាប់ប្រពន្ធរបស់អ្នកជិតខាងខ្លួន
១២ ព្រមទាំងសង្កត់សង្កិនពួកអ្នកក្រីក្រ ហើយកំសត់ទុគ៌ត ឬប្លន់គេ ក៏មិនបានប្រគល់របស់បញ្ចាំទៅវិញ ហើយបានងើបភ្នែកមើលទៅឯរូបព្រះ គឺបានប្រព្រឹត្តការដ៏គួរស្អប់ខ្ពើម
១៣ បានទាំងឲ្យគេខ្ចីដោយយកការ ហើយយកកំរៃផង តើកូននោះនឹងរស់នៅ ឬវាមិនត្រូវរស់ទេ វាបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនោះ ដូច្នេះ វាត្រូវស្លាប់ជាមិនខាន ឈាមវានឹងធ្លាក់ទៅលើវាវិញ។
១៤ ប៉ុន្តែ មើល បើអ្នកនោះបង្កើតកូនប្រុសមក ដែលឃើញអស់ទាំងអំពើបាបដែលឪពុកប្រព្រឹត្ត ក៏ពិចារណាហើយមិនប្រព្រឹត្តតាមអំពើយ៉ាងនោះឡើយ
១៥ គឺមិនស៊ីនៅលើភ្នំ ឬងើបភ្នែកមើលទៅឯរូបព្រះរបស់ពួកវង្សអ៊ីស្រាអែល ក៏មិនបានបង្អាក់ប្រពន្ធរបស់អ្នកជិតខាងខ្លួន
១៦ ឬសង្កត់សង្កិនអ្នកណា ឬទទួលបញ្ចាំរបស់គេ ក៏មិនបានប្លន់ដែរ គឺបានចែកអាហាររបស់ខ្លួន ដល់ពួកអ្នកដែលឃ្លាន ហើយបិទបាំងអ្នកដែលនៅខ្លួនអាក្រាតទទេ ដោយសំលៀកបំពាក់
១៧ ក៏ដកដៃចេញពីអ្នកក្រីក្រ ហើយមិនបានយកការ ឬកំរៃអ្វីឡើយ គឺបានសំរេចតាមក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញទាំងប៉ុន្មាន កូននោះនឹងមិនស្លាប់ ដោយព្រោះសេចក្តីទុច្ចរិតរបស់ឪពុកខ្លួនឡើយ គឺនឹងរស់នៅជាពិតវិញ
១៨ តែឯចំណែកឪពុកវា នោះនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនទៅ ដោយព្រោះបានសង្កត់សង្កិនយ៉ាងកំណាច ហើយបានប្លន់បងប្អូន ព្រមទាំងប្រព្រឹត្តការដែលមិនល្អផង នៅកណ្តាលសាសន៍ខ្លួនហើយ។
១៩ ប៉ុន្តែឯងរាល់គ្នាសួរថា ហេតុអ្វីបានជាកូនមិនត្រូវរងសេចក្តីទុច្ចរិតរបស់ឪពុកដូច្នេះ កាលណាកូនបានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ ហើយទៀងត្រង់ ព្រមទាំងរក្សាក្រឹត្យក្រមរបស់អញ ហើយប្រព្រឹត្តតាមផង នោះវានឹងរស់នៅជាពិតវិញ
២០ ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្តីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្តីទុច្ចរិតរបស់កូនដែរ សេចក្តីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្តីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។
២១ តែឯងមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត ហើយរក្សាអស់ទាំងក្រឹត្យក្រមរបស់អញ ព្រមទាំងប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងរស់នៅជាពិត ឥតត្រូវស្លាប់ឡើយ
២២ ឯអំពើរំលងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តនោះនឹងមិននឹកចាំបទណាមួយទាស់នឹងគេទេ គឺគេនឹងរស់នៅ ដោយសេចក្តីទុច្ចរិតដែលខ្លួនបានប្រព្រឹត្តវិញ
២៣ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញមានសេចក្តីអំណរដោយមនុស្សទុច្ចរិតស្លាប់ទៅឬ តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួនវិញមក ឲ្យបានរស់នៅវិញទេឬអី
២៤ តែឯមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ទាំងការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្តវិញ នោះតើនឹងរស់នៅឬ ឯអំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
២៥ ទោះបើយ៉ាងនោះ គង់តែឯងរាល់គ្នាថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយចូរស្តាប់ចុះ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
២៦ កាលណាមនុស្សសុចរិតបែរចេញពីអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តទុច្ចរិតវិញ ហើយត្រូវស្លាប់ទៅ នោះគឺនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិត ដែលខ្លួនបានប្រព្រឹត្តនោះឯង
២៧ មួយទៀតកាលណាមនុស្សទុច្ចរិតបែរចេញពីអំពើទុច្ចរិត ដែលខ្លួនបានធ្វើ ទៅប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ នោះគេនឹងធ្វើឲ្យព្រលឹងខ្លួនរស់នៅ
២៨ គឺនឹងរស់នៅជាពិត ឥតស្លាប់ឡើយ ដោយព្រោះគេបានពិចារណាហើយបែរចេញពីអំពើរំលង ដែលខ្លួនបានប្រព្រឹត្តនោះ
២៩ ប៉ុន្តែពួកវង្សអ៊ីស្រាអែលគេថា ផ្លូវរបស់ព្រះអម្ចាស់មិនស្មើទេ ឱពួកវង្សអ៊ីស្រាអែលអើយ តើផ្លូវរបស់អញមិនស្មើមែនឬ តើមិនមែនជាផ្លូវរបស់ឯងរាល់គ្នា ដែលមិនស្មើវិញទេឬ
៣០ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្តីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
៣១ ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្តនោះ ហើយឲ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ ដ្បិតឱពូជពង្សពួកអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី
៣២ ពីព្រោះអញឥតមានសេចក្តីអំណរចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឲ្យបានរស់នៅវិញ នេះជាព្រះបន្ទូល នៃព្រះអម្ចាស់យេហូវ៉ា។