៤៥
ការបែងចែងទឹកដី
១ មួយទៀត កាលណាឯងរាល់គ្នាចាប់ឆ្នោតចែកស្រុកជាមរដក នោះត្រូវឲ្យថ្វាយដង្វាយ១ដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជា២ម៉ឺន៥ពាន់ខ្នាត ហើយទទឹង១ម៉ឺនខ្នាត ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
២ ក្នុងដីនោះត្រូវឲ្យមានកន្លែងសំរាប់ទីបរិសុទ្ធ ប្រវែង៥០០ និងទទឹង៥០០គឺ៤ជ្រុងស្មើ ថែមទាំង៥០ហត្ថ នៅព័ទ្ធជុំវិញសំរាប់ជាវាលទំនេរ
៣ ត្រូវឲ្យយករង្វាស់ដដែល ដើម្បីវាស់ដីម្តុំបណ្តោយ២ម៉ឺន៥ពាន់ ហើយទទឹង១ម៉ឺន ឯទីបរិសុទ្ធដែលជាបរិសុទ្ធបំផុត នោះនឹងនៅក្នុងដីម្តុំនោះ
៤ នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសំរាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសំរាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សំរាប់ទីបរិសុទ្ធ
៥ ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ និងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
៦ ហើយត្រូវឲ្យឯងរាល់គ្នាតម្រូវទុកដីរបស់ផងទីក្រុងទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
៧ ត្រូវឲ្យមាន១ចំណែកសំរាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ផងទីក្រុង គឺខាងមុខដីជាដង្វាយបរិសុទ្ធ និងដីរបស់ផងទីក្រុងនោះ តាំងពីព្រំខាងលិចចេញទៅខាងលិច ហើយពីព្រំខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ និងត្រូវបានស្មើនឹងដី១ចំណែក ចាប់តាំងពីព្រំស្រុកខាងលិច ទៅដល់ព្រំស្រុកខាងកើត
៨ នោះនឹងបានជាដីរបស់ផងលោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល អស់ទាំងចៅហ្វាយរបស់អញ នឹងមិនសង្កត់សង្កិនរាស្ត្រអញទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមពូជអំបូររបស់គេ។
ភារកិច្ចរបស់មេដឹកនាំ
៩ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ឱពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលអើយ ល្មមហើយ ចូរលះបង់សេចក្តីច្រឡោត និងការរឹបជាន់ចេញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតចុះ ត្រូវឲ្យដកលែងការស៊ីបំបាត់រាស្ត្រអញចេញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
១០ ត្រូវឲ្យមានជញ្ជីងត្រឹមត្រូវ និងអេផា ហើយបាថពេញខ្នាតដែរ
១១ ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថ១នោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរ ហើយឲ្យអេផានោះ ត្រូវជា១ភាគក្នុង១០ ក្នុង១ហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ
១២ ឯប្រាក់សេកិល នោះត្រូវជា២០គេរ៉ា ហើយ១ម៉ានេរបស់ឯងត្រូវនឹង២០ និង២៥ហើយ១៥សេកិល។
១៣ នេះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយ គឺក្នុងស្រូវភោជ្ជសាលី ១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផា ហើយក្នុងស្រូវឱក១ហូមើរ ត្រូវថ្វាយ១ភាគក្នុង៦ក្នុង១អេផាដែរ
១៤ ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថនោះគឺក្នុង១គ័រត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
១៥ ឯហ្វូងចៀម នោះត្រូវយក១ក្នុង២០០ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អនៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា
១៦ បណ្តាជនទាំងឡាយនៅក្នុងស្រុក ត្រូវច្រាក់គ្នាថ្វាយដង្វាយនេះសំរាប់ចៅហ្វាយនៃសាសន៍អ៊ីស្រាអែល
១៧ ឯដង្វាយដុត ដង្វាយម្សៅ និងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត និងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
ពិធីជំរះទីសក្ការៈឲ្យបានបរិសុទ្ធ
១៨ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ
១៩ ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
២០ ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។
២១ លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង
២២ នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាដង្វាយលោះបាប សំរាប់ខ្លួនលោក និងបណ្តាជននៅក្នុងស្រុកដែរ
២៣ ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ និងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាដង្វាយលោះបាប
២៤ ក៏ត្រូវរៀបដង្វាយម្សៅដែរ គឺត្រូវយក១ថាំងសំរាប់គោ១ និង១ថាំងសំរាប់ចៀមឈ្មោល១ ហើយប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំង
២៥ ដល់ថ្ងៃ១៥ខែអស្សុជ ក្នុងពេលបុណ្យនោះ លោកត្រូវធ្វើដូច្នោះទៀតគ្រប់ទាំង៧ថ្ងៃ តាមរបៀបដង្វាយលោះបាប ដង្វាយដុត ដង្វាយម្សៅ និងដង្វាយប្រេងដែរ។