៨
ការថ្វាយបង្គំព្រះក្លែងក្លាយនៅក្រុងយេរូសាឡិម
១ នៅថ្ងៃ៥ខែភទ្របទ ក្នុងឆ្នាំទី៦ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខផង នោះព្រះហស្តនៃព្រះអម្ចាស់យេហូវ៉ាក៏សណ្ឋិតលើខ្ញុំ
២ ខ្ញុំក៏មើលទៅឃើញភាពរូបមានសណ្ឋានដូចជាភ្លើងពីសណ្ឋានចង្កេះទៅក្រោម នោះសុទ្ធតែជាភ្លើង ហើយពីចង្កេះទៅខាងលើ នោះមើលទៅដូចជាពន្លឺចាំង គឺដូចជាលង្ហិនខាត់យ៉ាងភ្លឺ
៣ ទ្រង់ក៏លូកចេញមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងទៅកណ្តាលមេឃ ហើយនឹងដី ក៏នាំខ្ញុំទៅឯក្រុងយេរូសាឡិមដោយការជាក់ស្តែងនៃព្រះ គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបនៃសេចក្តីប្រចណ្ឌ ដែលបណ្តាលឲ្យប្រចណ្ឌ
៤ នៅទីនោះឃើញមានសិរីល្អនៃព្រះរបស់សាសន៍អ៊ីស្រាអែល ដូចជាការជាក់ស្តែង ដែលខ្ញុំបានឃើញនៅឯវាលពីមុននោះ។
៥ នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរងើបភ្នែកឡើង មើលទៅទិសខាងជើងឥឡូវ ដូច្នេះ ខ្ញុំក៏ងើបភ្នែកឡើងមើលទៅខាងជើងទៅ នោះខាងជើងទ្វារដែលចូលទៅឯអាសនា ឃើញមានរូបនៃសេចក្តីប្រចណ្ឌនៅទីនោះ
៦ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយឯងឃើញការដែលគេប្រព្រឹត្តឬទេ គឺជាការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលពូជពង្សអ៊ីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យអញបានឃ្លាតចេញ ឆ្ងាយពីទីបរិសុទ្ធរបស់អញ តែចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសំបើមជាងទៅទៀត។
៧ គ្រានោះទ្រង់នាំខ្ញុំទៅដល់ទ្វារទីលាន កាលខ្ញុំបានក្រឡេកមើលទៅ នោះឃើញមានប្រហោង១ក្នុងកំផែង
៨ រួចទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែងឥឡូវ កាលខ្ញុំបានជីកក្នុងកំផែងហើយ នោះឃើញមានទ្វារ១
៩ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលគេធ្វើនៅទីនេះ
១០ ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរនៅជញ្ជាំងជុំវិញ
១១ ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែល៧០នាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្តាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងនៃគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់
១២ នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ តើឃើញអំពើ ដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសំងាត់ នៅក្នុងគំនិតយល់ឃើញនៃគេរៀងខ្លួនឬទេ ដ្បិតគេថា ព្រះយេហូវ៉ាទ្រង់មិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ
១៣ ទ្រង់ក៏មានព្រះបន្ទូលមកខ្ញុំទៀតថា ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសំបើម ដែលគេប្រព្រឹត្តទៀត។
១៤ រួចទ្រង់នាំខ្ញុំទៅដល់មាត់ទ្វាររបស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលបើកទៅខាងជើង នៅទីនោះក៏ឃើញពួកស្រីៗអង្គុយយំនឹងព្រះថាមូស
១៥ នោះទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ ចាំមើល ឯងនឹងឃើញការគួរស្អប់ខ្ពើមយ៉ាងសំបើមជាងនេះទៅទៀត។
១៦ រួចទ្រង់នាំខ្ញុំ ចូលទៅឯទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា នោះឃើញត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្តាលបាំងសាច និងអាសនា មានមនុស្សប្រហែលជា២៥នាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ
១៧ ទ្រង់មានព្រះបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាលឬអី ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្តីច្រឡោត ហើយបានបែរជាបណ្តាលឲ្យអញខឹងម្តងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង
១៨ ដូច្នេះ អញនឹងប្រព្រឹត្តដោយសេចក្តីក្រោធដែរ ភ្នែកអញនឹងមិនប្រណីឡើយ អញនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកអញក៏ដោយ គង់តែអញមិនព្រមស្តាប់ឡើយ។