ចម្លើយ​របស់​ស្តេច​ដារីយុស
១ ដូច្នេះ ស្តេច​ដារីយុស​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត ជា​កន្លែង​ដែល​រក្សា​ទុក​នូវ​ព្រះរាជទ្រព្យ​ក្នុង​ក្រុង​បាប៊ីឡូន ២ ហើយ​គេ​ឃើញ​មាន​ក្រាំង​១ នៅ​ក្នុង​ព្រះរាជដំណាក់ នៅ​ក្រុង​អាក់មេថា ជា​ក្រុង​ធំ​របស់​ខេត្ត​មេឌី មាន​សេចក្តី​កត់​ទុក​ថា ៣ នៅ​ឆ្នាំ​ទី​១ ក្នុង​រាជ​ស៊ីរូស នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះរាជឱង្ការ ពី​ដំណើរ​ព្រះវិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូសាឡិម​ថា ត្រូវ​ឲ្យ​ស្អាង​ព្រះវិហារ​ឡើង​វិញ គឺ​ជា​កន្លែង​ដែល​សំរាប់​ថ្វាយ​យញ្ញបូជា ត្រូវ​ឲ្យ​ដាក់​ជើង​ជញ្ជាំង​វិហារ​នោះ​ឲ្យ​មាំមួន ឯ​កំពស់​ព្រះវិហារ ត្រូវ​ជា​៦០​ហត្ថ ទទឹង​៦០​ហត្ថ​ដែរ ៤ ដោយ​ថ្ម​យ៉ាង​ធំៗ​៣​ជាន់ និង​ឈើ​ថ្មី​១​ជាន់ ឯ​ប្រាក់​ចំណាយ នោះ​ត្រូវ​បើក​មក​ពី​ឃ្លាំង​ហ្លួង ៥ ចំណែក​គ្រឿង​ប្រដាប់​មាស​ប្រាក់​របស់​ព្រះវិហារ​នៃ​ព្រះ ដែល​នេប៊ូក្នេសា​បាន​យក​ពី​ព្រះវិហារ នៅ​ក្រុង​យេរូសាឡិម នាំ​មក​ឯ​ក្រុង​បាប៊ីឡូន នោះ​ត្រូវ​ប្រគល់​ទៅ​វិញ ឲ្យ​បាន​យក​ទៅ​ដាក់​នៅ​កន្លែង​ធម្មតា ក្នុង​ព្រះវិហារ​ដែល​នៅ​ក្រុង​យេរូសាឡិម​ចុះ ត្រូវ​ដាក់​ទាំង​អស់​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះ។
៦ ដូច្នេះ ត្រូវ​ឲ្យ​ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​នឹង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូកន​គេ​ដែល​នៅ​ខាង​នាយ​ទន្លេ ឃ្លាត​ឆ្ងាយ​ពី​ទី​នោះ​ទៅ ៧ កុំ​ឲ្យ​ឃាត់ឃាំង​ការ​ស្អាង​ព្រះវិហារ​នេះ​ឡើយ ចូរ​ទុក​ឲ្យ​ចៅហ្វាយ​របស់​ពួក​យូដា និង​ពួក​ចាស់ទុំ​របស់​គេ ស្អាង​ព្រះវិហារ​នេះ​នៅ​កន្លែង​ធម្មតា​នោះ​ចុះ ៨ មួយ​ទៀត​យើង​ចេញ​បង្គាប់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់ទុំ​របស់​សាសន៍​យូដា​នេះ សំរាប់​នឹង​ជួយ​ស្អាង​ព្រះវិហារ​នៃ​ព្រះ​ជា​យ៉ាង​ណា​ដែរ គឺ​ត្រូវ​បើក​ព្រះរាជទ្រព្យ​របស់​ស្តេច ពី​សួយអាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សំរាប់​នឹង​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​សេចក្តី​អាក់​ខាន​ការ​នោះ​ឡើយ ៩ ព្រម​ទាំង​របស់​អ្វី​ដែល​គេ​ត្រូវ​ការ​ផង ទោះ​ទាំង​គោ​ស្ទាវ ចៀម​ឈ្មោល និង​កូន​ចៀម​សំរាប់​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំងបាយជូរ និង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូសាឡិម​នឹង​ប្រាប់​មក នោះ​ត្រូវ​បើក​ឲ្យ​គេ​រាល់​គ្នា​តែ​ថ្ងៃ​ជា​កុំ​ខាន ១០ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញបូជា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថានសួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច​នឹង​ពួក​ព្រះរាជ​បុត្រា​ស្តេច​បាន​ព្រះជន្ម​ចំរើន ១១ យើង​ក៏​បាន​ចេញ​បង្គាប់​ថា បើ​អ្នក​ណា​បំផ្លាស់​បំប្រែ​ប្រកាស​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​១ ពី​ផ្ទះ​អ្នក​នោះ បញ្ឈរ​ឡើង​ចង​ក​គេ​ភ្ជាប់​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​គេ​ទុក​ជា​កន្លែង​សំរាប់​នឹង​បន្ទោ​លាមក ដោយ​ព្រោះ​ហេតុ​នោះ​ឯង ១២ ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះនាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា និង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះវិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូសាឡិម​នេះ​ចេញ​ផង យើង ដារីយុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះខ្នែង​ចុះ។
១៣ ដូច្នេះ ថាថ្នាយ ជា​ចៅហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ និង​សេថារ-បូសណាយ ព្រម​ទាំង​ពួក​គូកន គេ​ក៏​ធ្វើ​ដោយ​ខ្នះខ្នែង តាម​សេចក្តី​ដែល​ស្តេច​ដារីយុស​បាន​ផ្ញើ​មក​គ្រប់​ចំពូក។
ពិធី​បុណ្យ​ឆ្លង​ព្រះវិហារ
១៤ យ៉ាង​នោះ ពួក​ចាស់ទុំ​នៃ​សាសន៍​យូដា​ក៏​ស្អាង​ឡើង ដោយ​មាន​សេចក្តី​ចំរើន ដោយ​នូវ​ការ​ទាយ​របស់​ហោរា​ហាកាយ និង​សាការី ជា​កូន​អ៊ីដោ គេ​បាន​ស្អាង​ឡើង ដរាប​ដល់​ហើយ តាម​បង្គាប់​ផង​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​តាម​ព្រះឱង្ការ​នៃ​ស៊ីរូស ដារីយុស និង​អើថាស៊ើកសេស ជា​ស្តេច​ពើស៊ី​ផង ១៥ នៅ​ថ្ងៃ​ទី​៣ ខែ​ផល្គុណ ក្នុង​ឆ្នាំ​ទី​៦​នៃ​រាជ្យ​ស្តេច​ដារីយុស នោះ​ព្រះវិហារ​បាន​ស្អាង​ឡើង​រួច​ជា​ស្រេច។
១៦ គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះវិហារ​នេះ​ដោយ​អំណរ ១៧ គេ​បាន​ថ្វាយ​គោ​ឈ្មោល​១០០ ចៀម​ឈ្មោល​២០០ និង​កូន​ចៀម​៤០០ ជា​ដង្វាយ​ឆ្លង​ព្រះវិហារ ហើយ​នឹង​ពពែ​១២​តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ១៨ គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូសាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។
កូន​ចៅ​យូដា​ធ្វើ​ពិធី​បុណ្យ​រំលង
១៩ ឯ​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​១៤​ខែ​ចេត្រ​ដែរ ២០ ដ្បិត​ពួក​សង្ឃ និង​ពួក​លេវី​បាន​សំអាត​ខ្លួន​ទាំង​អស់​គ្នា​រួច​ជា​ស្រេច គេ​សុទ្ធ​តែ​បាន​បរិសុទ្ធ​ហើយ ដូច្នេះ គេ​បាន​សំឡាប់​ចៀម​សំរាប់​ធ្វើ​បុណ្យ​រំលង ឲ្យ​ពួក​អ្នក​ដែល​បាន​នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពួក​សង្ឃ ជា​បង​ប្អូន​គេ និង​ខ្លួន​គេ​ផង ២១ រួច​ពួក​អ៊ីស្រាអែល ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សេចក្តី​ស្មោកគ្រោក​របស់​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ស្វែង​រក​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គេ​ក៏​បរិភោគ​បុណ្យ​នោះ ២២ គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ ដោយ​អំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​ឲ្យ​រីករាយ​សប្បាយ ដោយ​បំបែរ​ព្រះទ័យ​ស្តេច​ស្រុក​អាសស៊ើរ មក​កាន់​ខាង​គេ ដើម្បី​នឹង​ចំរើន​កំឡាំង​ដៃ​គេ ក្នុង​ការ​របស់​ព្រះវិហារ​នៃ​ព្រះ​ដ៏​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល។