និក្ខមនំ
១
ជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប
១ នេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីស្រាអែល ដែលចូលមកក្នុងស្រុកអេស៊ីព្ទ ជាមួយនឹងយ៉ាកុប ព្រមទាំងគ្រួសារគេរៀងខ្លួន
២ គឺរូបេន១ ស៊ីម្មាន១ លេវី១ យូដា១
៣ អ៊ីសាខារ១ សាប់យូល៉ូន១ បេនយ៉ាមីន១
៤ ដាន់១ ណែបថាលី១ កាឌ់១ និងអេស៊ើរ១
៥ ពួកអ្នកដែលកើតអំពីយ៉ាកុបមកទាំងប៉ុន្មាន នោះមានចំនួន៧០នាក់ ឯយ៉ូសែបលោកបាននៅស្រុកអេស៊ីព្ទហើយ
៦ យ៉ូសែបក៏ស្លាប់ទៅ ព្រមទាំងបងប្អូនលោកទាំងអស់ នឹងអស់មនុស្សដំណនោះទាំងអស់ដែរ
៧ តែជនជាតិអ៊ីស្រាអែលគេបង្កើតកូនដុះដាលចំរើនជាច្រើនឡើង ក៏បានទៅជាស្តុកស្តម្ភឡើងសន្ធឹក ទាំងនៅកុះករពេញក្នុងស្រុកនោះ។
៨ នៅគ្រានោះ មានស្តេចថ្មី១អង្គសោយរាជ្យឡើងនៅស្រុកអេស៊ីព្ទ ស្តេចនោះមិនបានស្គាល់យ៉ូសែបទេ
៩ ទ្រង់មានព្រះបន្ទូលទៅបណ្តារាស្ត្ររបស់ទ្រង់ថា មើល ពួកជនជាតិអ៊ីស្រាអែលគេមានគ្នាច្រើន ក៏ស្តុកស្តម្ភជាងពួកយើងហើយ
១០ ចូរយើងប្រព្រឹត្តនឹងគេដោយប្រាជ្ញា ក្រែងគេចំរើនជាច្រើនឡើង ហើយបើកាលណាកើតមានចំបាំង នោះគេនឹងចូលទៅខាងពួកខ្មាំងសត្រូវ ដើម្បីច្បាំងនឹងយើងវិញ រួចចេញពីស្រុកបាត់ទៅ
១១ ដូច្នេះ គេក៏ដាក់ឲ្យមាននាយដំរួត សំរាប់នឹងធ្វើទុក្ខដល់ពួកអ៊ីស្រាអែលដោយការនឿយលំបាកជាច្រើន ពួកអ៊ីស្រាអែលបានកសាងក្រុងពីថំ និងរ៉ាមសេស សំរាប់ជាឃ្លាំងថ្វាយផារ៉ោន
១២ ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចំរើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានសេចក្តីធុញទ្រាន់ ដោយព្រោះជនជាតិអ៊ីស្រាអែល
១៣ ក៏ចាប់ប្រើគេឲ្យធ្វើការយ៉ាងតឹងរ៉ឹង
១៤ ព្រមទាំងធ្វើឲ្យជីវិតគេ មានសេចក្តីជូរល្វីង ដោយការលំបាកវេទនា គឺប្រើឲ្យធ្វើបាយអ និងឥដ្ឋ ព្រមទាំងការនៅចំការគ្រប់មុខផង ឯការដែលគេចាប់ប្រើឲ្យធ្វើទាំងប៉ុន្មាននោះសុទ្ធតែការយ៉ាងតឹងរ៉ឹងទាំងអស់។
ស្តេចផារ៉ោនធ្វើទុក្ខទោសកូនចៅអ៊ីស្រាអែល
១៥ រួចស្តេចស្រុកអេស៊ីព្ទ ទ្រង់ក៏បង្គាប់ដល់ពួកឆ្មបសាសន៍ហេព្រើរ ដែល១ឈ្មោះនាងស៊ីប្រា ហើយ១ទៀតឈ្មោះនាងពូអា ថា
១៦ កាលណានាងទៅកាន់ពោះនៃពួកស្រីសាសន៍ហេព្រើរដែលសំរាលកូន នោះក្នុងកាលដែលគេកំពុងតែសំរាល បើជាកូននោះប្រុស ចូរសំឡាប់វាទៅ តែបើសិនជាស្រី នោះត្រូវទុកឲ្យរស់នៅចុះ
១៧ ប៉ុន្តែឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ
១៨ ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកឲ្យកូនប្រុសៗឲ្យរស់នៅនេះ
១៩ ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ
២០ ដូច្នេះព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក
២១ ហើយដោយព្រោះពួកឆ្មបនោះមានសេចក្តីកោតខ្លាចដល់ព្រះ បានជាទ្រង់ចំរើនពូជឲ្យគេ។
២២ នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។