២
បេសកកម្មរបស់ប៉ុលនៅក្រុងថែស្សាឡូនីច
១ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាដឹងហើយ ពីបែបដែលយើងខ្ញុំចូលមកឯអ្នករាល់គ្នាថា មិនមែនជាឥតកើតផលទេ
២ ឯក្រោយដែលយើងខ្ញុំបានរងទុក្ខ និងត្រូវគេជេរប្រមាថ នៅក្រុងភីលីព ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ នោះយើងខ្ញុំមានចិត្តក្លាហាន ដោយសារព្រះនៃយើងខ្ញុំ ដើម្បីនឹងផ្សាយដំណឹងល្អពីព្រះ មកដល់អ្នករាល់គ្នាដែរ ទាំងមានសេចក្តីតយុទ្ធជាច្រើនផង
៣ ដ្បិតសេចក្តីដែលយើងខ្ញុំទូន្មាន នោះមិនមែនកើតពីសេចក្តីខុសឆ្គង ឬពីសេចក្តីស្មោកគ្រោក ឬពីសេចក្តីឆបោកនោះទេ
៤ តែតាមដែលព្រះទ្រង់ល្បងលឃើញថា គួរនឹងផ្ញើព្រះបន្ទូលទុកនឹងយើងខ្ញុំជាយ៉ាងណា នោះយើងខ្ញុំបានអធិប្បាយតាមបែបយ៉ាងនោះឯង មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ
៥ ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ
៦ ហើយទោះបើយើងខ្ញុំមានអំណាច និងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវ័កនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី
៧ យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ
៨ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ
៩ ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ
១០ អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន
១១ ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន និងកំសាន្តចិត្តផង
១២ ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។
១៣ ដោយហេតុនេះទៀត បានជាយើងខ្ញុំអរព្រះគុណដល់ព្រះ ឥតមានដាច់ គឺដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូល ជាដំណឹងពីព្រះ ដោយសារយើងខ្ញុំ នោះមិនបានទទួល ទុកដូចជាពាក្យរបស់មនុស្សទេ បានទទួលតាមភាពដ៏ពិតនៃដំណឹងនោះវិញ គឺជាព្រះបន្ទូលនៃព្រះដែលបណ្តាលមកក្នុងអ្នករាល់គ្នាជាពួកអ្នកជឿ
១៤ ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានត្រាប់តាមអស់ទាំងពួកជំនុំនៃព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នៅស្រុកយូដា ពីព្រោះបានរងទុក្ខ នៅដៃនៃពួកអ្នកស្រុករបស់អ្នករាល់គ្នា ដូចជាពួកជំនុំទាំងនោះបានរងទុក្ខ នៅដៃនៃពួកសាសន៍យូដាដែរ
១៥ ដែលគេបានសំឡាប់ទាំងព្រះអម្ចាស់យេស៊ូវ និងពួកហោរាផង ក៏បានបណ្តេញយើងខ្ញុំទៀត ពួកនោះមិនជាទីគាប់ដល់ព្រះហឫទ័យរបស់ព្រះទេ ហើយក៏ទាស់ទទឹងនឹងមនុស្សទាំងអស់ដែរ
១៦ គេហាមមិនឲ្យយើងខ្ញុំថ្លែងប្រាប់ដល់ពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានសង្គ្រោះឡើយ គឺដើម្បីតែនឹងបំពេញអំពើបាបរបស់ខ្លួនគេជានិច្ចប៉ុណ្ណោះ តែសេចក្តីក្រោធបានមកលើគេពេញទីហើយ។
ប៉ុលចង់ជួបគ្រីស្ទបរិស័ទនៅក្រុងថែស្សាឡូនីច
១៧ បងប្អូនអើយ ក្រោយដែលយើងខ្ញុំត្រូវឃ្លាតមុខពីអ្នករាល់គ្នាបន្តិច តែមិនមែនឃ្លាតចិត្តឡើយ នោះយើងខ្ញុំមានចិត្តសង្វាត រឭកចង់ឃើញមុខអ្នករាល់គ្នាវិញជាខ្លាំង
១៨ បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ
១៩ ដ្បិតតើសេចក្តីសង្ឃឹម សេចក្តីអំណរ និងមកុដដែលនាំឲ្យយើងខ្ញុំរីករាយឡើង នោះជាអ្វី បើមិនមែនជាអ្នករាល់គ្នានៅចំពោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ក្នុងកាលដែលទ្រង់យាងមកប៉ុណ្ណោះ
២០ ដ្បិតអ្នករាល់គ្នាជាសិរីល្អ ហើយជាសេចក្តីអំណររបស់យើងខ្ញុំពិតមែន។