ការ​ដាក់​ទោស​ជនជាតិ​ខាល់ដេ
១ ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា ២ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ៣ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។
៤ មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយសារ​សេចក្តី​ជំនឿ​របស់​ខ្លួន ៥ ១​ទៀត ដែល​ស្រា​ទំពាំងបាយជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្តី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែតឆ្អន់ គឺ​គេ​កៀរ​ប្រមូល​អស់​ទាំង​សាសន៍​មក​ឯ​ខ្លួន ក៏​បំព្រួម​ជនជាតិ​ទាំងឡាយ​ទុក​សំរាប់​ខ្លួន​ដែរ ៦ ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀបធៀប និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ ៧ តើ​មិន​ត្រូវ​ឲ្យ​មាន​ពួក​អ្នក​កើត​ឡើង ដែល​នឹង​ខាំ​ឯង​ជា​១​រំពេច និង​ពួក​១​ភ្ញាក់​ឡើង​ធ្វើ​ទុក្ខ​ឯង​ទេ​ឬ នោះ​ឯង​នឹង​ត្រូវ​ជា​របឹប​ដល់​គេ​វិញ ៨ ហើយ​ពី​ព្រោះ​ឯង​បាន​ប្លន់​សាសន៍​ជា​ច្រើន នោះ​សំណល់​នៃ​ជនជាតិ​ទាំងឡាយ​នឹង​ប្លន់​ឯង​វិញ ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​អស់​មនុស្ស​ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។
៩ វេទនា​ដល់​មនុស្ស​ដែល​បាន​កំរៃ​ទុច្ចរិត​សំរាប់​ផ្ទះ​ខ្លួន ដើម្បី​នឹង​តាំង​សំបុក​ខ្លួន​នៅ​លើ​ទី​ខ្ពស់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​សេចក្តី​អាក្រក់ ១០ ឯង​គិតគូរ​បង្កើត​សេចក្តី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់ផ្តិល​ជនជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ ១១ ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។ ១២ វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត ១៣ មើល ដែល​ជនជាតិ​ទាំងឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទេ​ឬ ១៤ ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរីល្អ​នៃ​ព្រះយេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។
១៥ វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ ១៦ ឯង​ឆ្អែត​ពេញ​ដោយ​សេចក្តី​អាម៉ាស់​ខ្មាស មិន​មែន​ជា​សិរីល្អ​ទេ ចូរ​ឲ្យ​ឯង​ផឹក​ដែរ ហើយ​ឲ្យ​គេ​ឃើញ​ថា ឯង​មិន​បាន​កាត់​ស្បែក​ពិត ឯ​ពែង​នៅ​ព្រះហស្ត​ស្តាំ​នៃ​ព្រះយេហូវ៉ា នោះ​នឹង​វិល​មក​ដល់​ឯង​ដូច​គ្នា ហើយ​សេចក្តី​អាម៉ាស់​ខ្មាស​ដ៏​ជួជាតិ នឹង​គ្រប​លើ​សិរីល្អ​របស់​ឯង​វិញ ១៧ ដ្បិត​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ភ្ញាក់ផង ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។
១៨ ឯ​រូប​ធ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្តី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ ១៩ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់​តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ២០ ឯ​ព្រះយេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។