២
១ ចូរប្រាប់ដល់ពួកបងប្អូនប្រុសរបស់ឯងថា «អាំមី»ហើយដល់បងប្អូនស្រីថា «រូហាម៉ា»ចុះ។
២ ចូរស្តីប្រដៅដល់ម្តាយឯង ចូរស្តីប្រដៅចុះ ដ្បិតនាងមិនមែនជាប្រពន្ធអញទេ អញក៏មិនមែនជាប្តីនាងដែរ ត្រូវឲ្យនាងលះចោលការកំផិតពីមុខនាងចេញ ហើយការកន្លងបវេណីពីកណ្តាលទ្រូងនាងទៅ
៣ ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
៤ អើ អញនឹងមិនអាណិតមេត្តាដល់ទាំងកូននាងដែរ ពីព្រោះវាសុទ្ធតែជាកូនសហាយ
៥ ដ្បិតម្តាយវាបានប្រព្រឹត្តការកំផិត គឺអ្នកដែលបានឲ្យវាកើតឡើង បានប្រព្រឹត្តអំពើគួរខ្មាសហើយ ដ្បិតនាងបានថា អញនឹងទៅតាមពួកសហាយអញ ជាអ្នកដែលតែងឲ្យនំបុ័ងនឹងទឹកមកអញ ព្រមទាំងរោមចៀម ខ្លូតទេស ប្រេង និងគ្រឿងផឹកផង
៦ ដូច្នេះមើល អញនឹងស្រាស់ផ្លូវនាងដោយបន្លា ហើយធ្វើកំផែងផង ដើម្បីមិនឲ្យនាងស្គាល់ផ្លូវខ្លួនទៀត
៧ នាងនឹងទៅតាមពួកសហាយរបស់ខ្លួន តែនឹងមិនទាន់ឡើយ នាងនឹងស្វែងរកគេ តែនឹងមិនប្រទះសោះ នោះនាងនឹងសំរេចថាអញនឹងវិលទៅឯប្តីដើមវិញ ដ្បិតនៅគ្រាមុននោះ អញបានស្រួលជាងសព្វថ្ងៃនេះ។
៨ នាងមិនបានដឹងថា គឺអញនេះដែលតែងតែឲ្យស្រូវទឹកទំពាំងបាយជូរ និងប្រេងដល់នាង ព្រមទាំងចំរើនប្រាក់នឹងមាសដល់នាង ដែលគេបានប្រើសំរាប់គោរពដល់ព្រះបាលនោះផងទេ
៩ ដូច្នេះ អញនឹងដកយកស្រូវរបស់អញនៅរដូវចំរូត និងទឹកទំពាំងបាយជូររបស់អញមកវិញនៅក្នុងរដូវបេះផ្លែ ហើយអញនឹងកញ្ឆក់យករោមចៀម និងខ្លូតទេសរបស់អញ ដែលសំរាប់ហ៊ុំហកេរ្តិ៍ខ្មាសនាងមកវិញដែរ
១០ ឥឡូវនេះអញនឹងបើកសេចក្តីអាម៉ាស់ខ្មាសឲ្យពួកសាហាយនាងបាន ឥតឃើញ តែមានអ្នកណាដោះនាងឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
១១ ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោធ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង
១២ អញនឹងបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់នាង ដែលនាងធ្លាប់ពោលថា របស់ទាំងនេះជាឈ្នួលដែលសហាយនាងបានឲ្យ តែអញនឹងធ្វើឲ្យត្រឡប់ទៅជាព្រៃវិញ ឯសត្វព្រៃ និងស៊ីអស់ទៅ
១៣ អញនឹងទំលាក់អស់ទាំងថ្ងៃ ដែលនាងបានដុតកំញានថ្វាយដល់ព្រះបាលទៅលើនាងវិញ គឺជាពេលដែលនាងបានធ្លាប់តែងខ្លួន ដោយទំហូ នឹងគ្រឿងលំអរផ្សេងៗរបស់នាង ទៅតាមសហាយទាំងភ្លេចអញផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
១៤ ដោយហេតុនោះ មើល អញនឹងប្រលោមនាំនាងទៅឯទីរហោស្ថាន ហើយនិយាយសំរបចិត្តនាង
១៥ នៅទីនោះ អញនឹងប្រគល់ចំការទំពាំងបាយជូររបស់នាងដល់នាងវិញ ព្រមទាំងច្រកភ្នំអាកោរ ទុកជាទ្វារនៃទីសង្ឃឹមហើយនៅទីនោះនាងនឹងឆ្លើយតបដល់អញ ដូចកាលនៅវ័យក្មេង និងដូចនៅថ្ងៃដែលឡើងចេញពីស្រុកអេស៊ីព្ទមក
១៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះនាងនឹងហៅអញថា «អ្នកប្តី»អើយ មិនមែនហៅថា «លោកម្ចាស់»ទៀតឡើយ
១៧ ដ្បិតអញនឹងដកអស់ទាំងឈ្មោះនៃព្រះបាលចេញពីមាត់នាង នោះអញនឹងលែងនឹកដើមពីឈ្មោះព្រះទាំងនោះទៀត
១៨ នៅថ្ងៃនោះ អញក៏នឹងតាំងសញ្ញាឲ្យគេ ជាមួយនឹងសត្វនៅផែនដី និងសត្វហើរលើអាកាស ហើយសត្វលូនវានៅដីផង អញនឹងបំបាក់ធ្នូនឹងដាវ ធ្វើឲ្យការសង្គ្រាមបាត់ចេញពីស្រុកទៅ ឲ្យគេបានដេកទៅដោយសុខសាន្ត
១៩ នោះអញនឹងដណ្តឹងនាងសំរាប់អញ ទុកជាដរាបតទៅ អើ អញនឹងដណ្តឹង នាងសំរាប់អញ ដោយសេចក្តីសុចរិត សេចក្តីយុត្តិធម៌សេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា
២០ ក៏នឹងដណ្តឹងនាងសំរាប់អញ ដោយសេចក្តីស្មោះត្រង់ផង នោះនាងនឹងបានស្គាល់ព្រះយេហូវ៉ា។
២១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ អញនឹងឆ្លើយតបថា គឺអញតបនឹងផ្ទៃមេឃ ហើយផ្ទៃមេឃនឹងតបដល់ផែនដី
២២ ដីនឹងតបដល់ស្រូវ ទឹកទំពាំងបាយជូរ ហើយនឹងប្រេង របស់ទាំងនោះក៏នឹងតបដល់យេសរាលដែរ
២៣ អញនឹងសាបព្រោះពូជនាងនៅលើផែនដីសំរាប់អញ រួចអញនឹងអាណិតមេត្តាដល់ពួកឡូ-រូហាម៉ា ហើយនឹងនិយាយដល់ពួកឡូ-អាំមីថា ឯងជារាស្ត្ររបស់អញ នោះគេនឹងឆ្លើយតបថា ទ្រង់ជាព្រះនៃយើងខ្ញុំ។