៤
១ ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្តីពិត ឬសេចក្តីសប្បុរសក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
២ មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាម តៗគ្នា
៣ ហេតុនោះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វនៅដី និងសត្វហើរលើអាកាសផង អើ ទាំងត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ
៤ ប៉ុន្តែមិនត្រូវឲ្យអ្នកណាតតាំងឬស្តីបន្ទោសអ្នកណាឡើយ ដ្បិតជនជាតិឯងប្រៀងដូចជាមនុស្សដែលតតាំងនឹងសង្ឃ
៥ ហេតុនោះ ឯងនឹងត្រូវចំពប់ទាំងថ្ងៃ ហើយហោរានឹងចំពប់ជាមួយនឹងឯង នៅពេលយប់ដែរ អញនឹងបំផ្លាញទាំងម្តាយឯងផង។
៦ រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះ ដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯងនោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា
៧ វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណានោះក៏បានធ្វើបាបនឹងអញជាច្រើន ប៉ុណ្ណោះ ដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្តីអាម៉ាស់ខ្មាសវិញ
៨ គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា
៩ នៅគ្រានោះ បណ្តាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយអញនឹងធ្វើទោសគេ ដោយព្រោះអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង
១០ នោះគេនឹងស៊ីតែមិនបានឆ្អែតទេ ក៏នឹងប្រព្រឹត្តសេចក្តីកំផិត តែឥតបានចំរើនគ្នាដែរ គឺដោយព្រោះគេបានលែងប្រយ័ត្នចំពោះព្រះយេហូវ៉ាទៅ។
១១ ឯការកំផិត ស្រាទំពាំងបាយជូរ និងទឹកទំពាំងបាយជូរថ្មី នោះរមែងដកយោបល់ចេញ
១២ រាស្ត្រអញគេសូមសេចក្តីប្រឹក្សាចំពោះដុំឈើ គឺជាឈើផ្សងរបស់គេដែលឲ្យគេយល់វិញ ដ្បិតនិស្ស័យនៃការកំផិតបានឲ្យគេប្រព្រឹត្តកន្លង គេបានប្រព្រឹត្តការកំផិត ដោយក្បត់ចំពោះព្រះរបស់ខ្លួនហើយ
១៣ គេថ្វាយយញ្ញបូជានៅលើកំពូលភ្នំទាំងប៉ុន្មាន ក៏ដុតកំញាននៅលើភ្នំតូច នៅក្រោមដើមម៉ៃសាក់ ដើមរលួស និងដើមពោធិ៍ទាំងអស់ដែរ ពីព្រោះដើមទាំងនោះមានម្លប់ល្អ គឺហេតុនោះបានជាកូនស្រីរបស់ឯងរាល់គ្នាបានកន្លងបវេណី ហើយអស់ទាំងប្រពន្ធថ្មោងថ្មីក្នុងពួកឯងរាល់គ្នាក៏ប្រព្រឹត្តកំផិតដែរ
១៤ អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិតដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។
១៥ ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ»នោះដែរ
១៦ ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម នៅទីវាលធំទូលាយឬអី
១៧ ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ តាមតែវាចុះ
១៨ គ្រឿងផឹករបស់គេបានទៅជាជួរហើយ គេប្រព្រឹត្តសេចក្តីកំផិតជានិច្ច ឯពួកគ្រប់គ្រងលើគេក៏គាប់ចិត្តចំពោះតែអំពើគួរខ្មាស
១៩ ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្តីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។