៧
១ កាលអញចង់ប្រោសពួកអ៊ីស្រាអែលឲ្យជា នោះសេចក្តីទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្តីកំភូតមានចោរលួចចូលមកនៅខាងក្នុង ហើយមានចោរប្លន់រឹបជាន់ខាងក្រៅ
២ គេមិនពិចារណាក្នុងចិត្តថា អញនឹកចាំអស់ទាំងអំពើអាក្រក់របស់គេនោះទេ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ ក៏នៅចំពោះមុខអញផង
៣ គេនាំឲ្យស្តេចបានរីករាយ ដោយអំពើអាក្រក់របស់ខ្លួនហើយពួកចៅហ្វាយផង ដោយសេចក្តីភូតភររបស់ខ្លួនដែរ
៤ គេសុទ្ធតែជាពួកកំផិតទទេ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានដុតឲ្យក្តៅហើយ ជាដរាបដល់បានដោរឡើង
៥ នៅថ្ងៃចំរើនព្រះជន្មស្តេចនៃយើងរាល់គ្នានោះពួកចៅហ្វាយបានធ្វើខ្លួនឈឺ ដោយកំដៅនៃស្រាទំពាំងបាយជូរ ស្តេចក៏ចូលដៃទៅជាមួយនឹងពួកឡកឡឺយ
៦ ដ្បិតគេបានរៀបចំចិត្តដូចជាឡហើយ កំពុងដែលគេចាំយាម នោះអ្នកដុតនំបុ័ងរបស់គេក៏ដេកលក់ទាល់ភ្លឺ លុះព្រឹកហើយ នោះក៏ឆេះធ្លោឡើង
៧ គេសុទ្ធតែក្តៅដូចជាឡ គេឆេះបន្សុសពួកចៅក្រមគេទៅ ឯពួកស្តេចរបស់គេក៏បានដួលអស់ហើយ ក្នុងពួកគេឥតមានអ្នកណាមួយដែលអំពាវនាវដល់អញឡើយ។
៨ ចំណែកអេប្រាអិម គាត់លាយខ្លួននឹងសាសន៍ដទៃអេប្រាអិមជានំ ដែលមិនបានប្រែ
៩ ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ
១០ ហើយសេចក្តីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង
១១ អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ
១២ កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមកដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ
១៣ វេទនាដល់គេ ដ្បិតគេបានរសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ
១៤ គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ និងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ
១៥ ទោះបើអញបានវាយផ្ចាល ឬចំរើនកំឡាំងដៃគេក្តី គង់តែគេបង្កើតការកំណាចទាស់នឹងអញដែរ
១៦ គេត្រឡប់មក តែមិនមែនមកឯព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់ទៅមិនត្រង់ ពួកចៅហ្វាយរបស់គេ នឹងត្រូវដួលដោយដាវ ដោយព្រោះមោហ៍គ្របនៃអណ្តាតរបស់ខ្លួន នេះឯងបានជាទីមើលងាយដល់គេ នៅក្នុងស្រុកអេស៊ីព្ទ។