១៤
មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
១ ពីព្រោះព្រះយេហូវ៉ា ទ្រង់នឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយនឹងរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នោះនឹងចូលពួកគេ ហើយនៅជាប់នឹងពួកវង្សរបស់យ៉ាកុប
២ គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។
ព្រះបន្ទូលប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន
៣ នៅថ្ងៃដែលព្រះយេហូវ៉ាបានប្រោសប្រទាន ឲ្យឯងបានសំរាកពីសេចក្តីទុក្ខ សេចក្តីវេទនា ហើយពីការបំរើយ៉ាងរឹងរូសដែលគេបានចាប់ប្រើឯង
៤ នោះឯងនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា យីអើ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎
៥ ព្រះយេហូវ៉ាទ្រង់បានបំបាក់ដំបងរបស់មនុស្សអាក្រក់ និងដំបងពេជ្រនៃអ្នកគ្រប់គ្រងហើយ
៦ ជាអ្នកដែលបានវាយជនជាតិទាំងឡាយ ដោយចិត្តក្រេវក្រោធជានិច្ច ហើយបានគ្រប់គ្រងលើអស់ទាំងសាសន៍ដោយសេចក្តីកំហឹង ជាការញាំញីដែលឥតមានអ្នកណាឃាត់ឃាំងឡើយ
៧ ផែនដីទាំងមូលបានស្រាកស្រាន្តអស់ហើយ ក៏ស្ងៀមស្ងប់ដែរ គេទំលាយសំឡេងច្រៀងចេញមក
៨ អើ ទាំងដើមកកោះក៏រីករាយចំពោះឯង និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ
៩ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់នៅខាងក្រោម មានសេចក្តីរំជួលដោយព្រោះឯង គឺទាំងពួកអ្នកធំនៅផែនដីផង ក៏បានឲ្យអស់ទាំងស្តេចនៃសាសន៍ទាំងប៉ុន្មាន ក្រោកពីបល្ល័ង្ករបស់គេ
១០ គេនឹងនិយាយរចល់មកឯងគ្រប់គ្នាថា អុញន៏ ឯងបានទៅជាខ្សោយដូចយើងឬ បានត្រឡប់ដូចជាយើងដែរឬ
១១ ឯសេចក្តីរុងរឿងឧត្តមរបស់ឯង បានត្រូវនាំចុះមកដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ព្រមទាំងសូរដេញពិណរបស់ឯងផង មានដង្កូវក្រាលក្រោមឯង ហើយនឹងមានដង្កូវគ្របដណ្តប់ឯងដែរ។
១២ ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎
១៣ ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅឯស្ថានសួគ៌ អញនឹងដំកើងបល្ល័ង្កអញ ឲ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ ហើយអញនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង
១៤ អញនឹងឡើងទៅផុតទីខ្ពស់នៃពពក អញនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត
១៥ តែឯងបានត្រូវទំលាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជំរៅនៃជង្ហុកធំ
១៦ ពួកអ្នកដែលឃើញឯង គេនឹងសំឡឹងមើលចំឯង ហើយពិចារណាឯងដោយពាក្យថា តើមនុស្សនេះឬអី ដែលធ្លាប់ធ្វើឲ្យផែនដីញាប់ញ័រ ហើយឲ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ
១៧ ជាអ្នកដែលបានធ្វើឲ្យលោកីយ៍រលីងដូចជាសមុទ្រខ្សាច់ ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឲ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ
១៨ ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មាន សុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុងរបស់គេរៀងខ្លួន
១៩ តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែកដែលគួរខ្ពើមវិញ គឺដូចជាអាវរបស់មនុស្សដែលត្រូវគេសំឡាប់ ជាអ្នកដែលត្រូវគេចាក់ទំលុះដោយដាវ ហើយក៏ចុះទៅដល់ថ្មនៅក្នុងរណ្តៅ ដូចជាខ្មោចដែលគេជាន់ឈ្លីដោយជើង
២០ ឯងនឹងមិនបានមូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសំឡាប់ប្រជាជនរបស់ឯងផង ឯពូជនៃមនុស្សអាក្រក់ នឹងឥតមានអ្នកណាចេញឈ្មោះគេនៅអស់កល្បជានិច្ច។
២១ ចូរចាត់ចែងការសំឡាប់ពួកកូន ដោយព្រោះអំពើទុច្ចរិតរបស់ឪពុកវា ដើម្បីកុំឲ្យវាតាំងខ្លួនឡើងធ្វើជាម្ចាស់ផែនដីទៀត ហើយសង់ទីក្រុងឲ្យពេញពាសក្នុងលោកីយ៍ឡើយ
២២ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងក្រោកឡើងទាស់នឹងគេ ហើយកាត់ទាំងឈ្មោះនឹងសំណល់មនុស្ស ទាំងកូន និងចៅ ចេញពីក្រុងបាប៊ីឡូនផង នោះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
២៣ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា អញនឹងបំផ្លាស់ទីនោះឲ្យទៅជាលំនៅរបស់សត្វប្រមា ហើយជាត្រពាំងទឹក អញក៏នឹងបោសដោយអំបោសជាការបំផ្លាញ។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាស្ស៊ីរី
២៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថថា ពិតប្រាកដជានឹងកើតមានដូចជាអញបានគិតហើយ ក៏នឹងសំរេចដូចជាអញបានកំណត់ទុកផង
២៥ គឺអញនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុកអញ ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់អញ គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ពីស្មាចេញ
២៦ នោះហើយជាការ ដែលបានសំរេចនឹងធ្វើ នៅលើផែនដីទាំងមូល ហើយនេះជាព្រះហស្ត ដែលបានសន្ធឹងទៅលើនគរទាំងពួង
២៧ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចនឹងធ្វើហើយ តើអ្នកណានឹងរំលប់រំលាងបាន ព្រះហស្តនៃទ្រង់បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
២៨ នៅឆ្នាំដែលស្តេចអេហាសសុគតទៅ នោះមានសេចក្តីទំនាយយ៉ាងធ្ងន់នេះ
២៩ គឺថា នែ ពួកភីលីស្ទីនអើយ កុំឲ្យរីករាយពេញល្បុង ដោយព្រោះរំពាត់ដែលធ្លាប់វាយឯងបានចាក់ហើយនោះឡើយ ដ្បិតនឹងកើតមានពស់វែកចេញពីពូជសត្វពស់មក ហើយកូនរបស់វានឹងទៅជាពស់ភ្លើងហោះ
៣០ នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រនឹងមានអាហារបរិភោគ ហើយមនុស្សកំសត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែអញនឹងធ្វើឲ្យពូជពង្សឯងស្លាប់ទៅដោយអំណត់អត់វិញ ហើយសំណល់នៃឯងនឹងត្រូវគេសំឡាប់បង់
៣១ ឱទ្វារក្រុងអើយ ចូរស្រែកទ្រហោ ឱទីក្រុងអើយ ចូរយំពិលាបចុះ ឱស្រុកភីលីស្ទីនអើយ ឯងត្រូវរលាយទាំងអស់ហើយ ដ្បិតមានផ្សែងចេញមកពីទិសខាងជើង ឥតមានអ្នកណាមួយក្នុងកងទ័ពរបស់គេ ដែលតាមគ្នាមិនទាន់ឡើយ
៣២ ដូច្នេះ តើត្រូវឆ្លើយដល់ពួករាជទូតនៃនគរនោះយ៉ាងណាទៅ គឺត្រូវថា ព្រះយេហូវ៉ាទ្រង់បានតាំងក្រុងស៊ីយ៉ូនឡើង ហើយពួករាស្ត្ររបស់ទ្រង់ដែលមានទុក្ខវេទនា គេនឹងពឹងជ្រកក្នុងក្រុងនោះ។