៥៥
ព្រះអម្ចាស់​ប្រោស​ប្រទាន​ការ​សង្គ្រោះ
១ ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ អើ ចូរ​មក​ទិញ​ស្រា​ទំពាំងបាយជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ ២ ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់​ឲ្យ បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស ៣ ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់​នៅ ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ ៤ មើល អញ​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់​ដល់​ប្រជាជាតិ​ទាំងឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ ៥ មើល ឯង​នឹង​ហៅ​សាសន៍១​ដែល​ឯង​មិន​បាន​ស្គាល់ ហើយ​សាសន៍១​ដែល​មិន​បាន​ស្គាល់​ឯង គេ​នឹង​រត់​មក​ឯ​ឯង ដោយ​ព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ហើយ។
៦ ចូរ​ស្វែង​រក​ព្រះយេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវនាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ ៧ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះបង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា​វិញ នោះ​ទ្រង់​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ ៨ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គំនិត​អញ មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​អញ​ដែរ។ ៩ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ១០ ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ក៏​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិភោគ​ជា​យ៉ាង​ណា ១១ នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ ១២ ដ្បិត​ឯង​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ និង​នាំ​ឯង​ចេញ​ទៅ ដោយ​សុខសាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅ​មុខ​ឯង ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ​ផង ១៣ នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះនាម​ដល់​ព្រះយេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ