៥៧
១ មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ
២ អ្នកនោះចូលទៅក្នុងសេចក្តីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
៣ ឯឯងរាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីសំផឹងអើយ ចូរមកជិតនេះចុះ
៤ តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី
៥ ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សំឡាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ
៦ ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច និងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្តីកំហឹងចំពោះអំពើយ៉ាងនោះឬអី
៧ ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ
៨ ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ
៩ ឯងបាននាំដង្វាយ ជាប្រេង ទៅគាល់ស្តេចហើយបានចំរើនគ្រឿងក្រអូបរបស់ឯងជាច្រើនឡើង ក៏បានចាត់ទូតរបស់ឯងឲ្យទៅឯស្រុកឆ្ងាយ ព្រមទាំងបន្ទាបខ្លួនឯងចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់
១០ ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្តីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។
១១ តើឯងបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាឯងកុហក ហើយមិនបានឹកដល់អញ ឬយកចិត្តទុកដាក់សោះដូច្នេះ តើអញមិនបានអត់ធ្មត់ជាយូរមកហើយទេឬអី ប៉ុន្តែឯងមិនបានកោតខ្លាចដល់អញសោះ
១២ អញនឹងប្រកាសប្រាប់ពីសេចក្តីសុចរិតរបស់ឯង ហើយការដែលឯងប្រព្រឹត្ត នឹងមិនមានប្រយោជន៍ដល់ឯងសោះ
១៣ កាលណាឯងអំពាវនាវ នោះឲ្យពួកដែលឯងបានប្រមូលជួយឯងឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្តីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែអស់អ្នកណាដែលពឹងជ្រកនឹងអញវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់អញទុកជាមរដក។
ព្រះអម្ចាស់ប្រោសប្រជាជនរបស់ព្រះអង្គឲ្យជា
១៤ នោះនឹងមានគេបង្គាប់ថា ចូរលើកដីឡើង ចូរលើកដីឡើង ចូររៀបចំថ្នល់ ហើយយកថ្មចំពប់ចេញពីផ្លូវរបស់រាស្ត្រអញទៅ
១៥ ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុតជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
១៦ ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្តីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះ ដែរ
១៧ អញបានខឹង ហើយបានវាយគេដោយព្រោះសេចក្តីទុច្ចរិតនៃចិត្តលោភរបស់គេ អញបានគេចមុខ ហើយមានសេចក្តីក្រោធ តែគេបានចេះតែថយទៅតាមអំពើចិត្តជានិច្ច
១៨ អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង
១៩ គឺអញដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សូមសេចក្តីសុខ សេចក្តីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង អញនឹងប្រោសគេឲ្យជា
២០ តែឯពួកមនុស្សអាក្រក់ គេប្រៀបដូចជាសមុទ្រដែលចេះតែកំរើក ឥតមានស្ងប់ឡើយ ហើយទឹកនោះចេះតែបារល្បាប់ និងភក់ឡើង
២១ ព្រះនៃខ្ញុំ ទ្រង់មានព្រះបន្ទូលថា គ្មានសេចក្តីសុខ ដល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ។