៦០
សិរីរុងរឿង​របស់​ព្រះអម្ចាស់​បំភ្លឺ​លើ​ក្រុង​យេរូសាឡិម
១ ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ ២ ដ្បិត​មើល សេចក្តី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្តី​សូន្យសុង​នឹង​គ្រប​លើ​អស់​ទាំង​ជនជាតិ តែ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរីល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង ៣ អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង ៤ ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ ៥ នោះ​ឯង​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្តី​រីករាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង​ពី​ព្រោះ​សេចក្តី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​ឯង ៦ ឯង​នឹង​មាន​ពេញ​ដោយ​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ ព្រម​ទាំង​ដឹក​យក​មាស និង​កំញាន​មក ហើយ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្តី​សរសើរ​របស់​ព្រះយេហូវ៉ា ៧ អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​ឯង ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបាយ៉ូត​នឹង​គោរព​ដល់​ឯង វា​ទាំងឡាយ​នឹង​ឡើង​មក​លើ​អាសនា​អញ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​អញ​នឹង​លើក​ដំកើង​វិហារ​នៃ​សិរីល្អ​របស់​អញ ៨ តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប​នោះ ៩ ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់ចាំ​អញ ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នឹង​នាំ​ពួក​កូន​ប្រុសៗ​របស់​ឯង​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា​មួយ​ផង ដោយ​ព្រោះ​ព្រះនាម​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ឡើង។
១០ ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​ឯង​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​ឯង ដ្បិត​ទោះ​បើ​អញ​បាន​វាយ​ឯង​ក្នុង​ពេល​ដែល​មាន​សេចក្តី​ក្រោធ​ក៏​ដោយ គង់​តែ​អញ​បាន​អាណិត​ដល់​ឯង ក្នុង​គ្រា​ដែល​ផ្តល់​ព្រះគុណ​វិញ ១១ ទ្វារ​កំផែង​របស់​ឯង​នឹង​នៅ​ចំហ​ជានិច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យសម្បត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​ឯង ព្រម​ទាំង​ដឹកនាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង ១២ ដ្បិត​សាសន៍​ណា និង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាបសូន្យ​បាត់​ទៅ​អស់​រលីង ១៣ សេចក្តី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ នឹង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុបតែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម ១៤ ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់សង្កិន​ឯង គេ​នឹង​មក​ទាំង​អោន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើលងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះយេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។
១៥ ទោះ​បើ​ឯង​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ឯង​ឡើយ គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប​ជានិច្ច​វិញ ជា​ទី​អំណរ​ដល់​ច្រើន​ដំណ​ត​ទៅ ១៦ ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​នៃ​យ៉ាកុប ១៧ អញ​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន ប្រាក់​ឲ្យ​ជំនួស​ដែក លង្ហិន​ឲ្យ​ជំនួស​ឈើ ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង អញ​នឹង​យក​សេចក្តី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​ឯង ហើយ​ឲ្យ​សេចក្តី​សុចរិត​ជា​អ្នក​គ្រប់គ្រង​លើ​ឯង​ផង ១៨ នៅ​ក្នុង​ស្រុក​ឯង​នឹង​មិន​ដែល​ឮ​និយាយ​ពី​សេចក្តី​ច្រឡោត​ទៀត ឬ​ពី​ការ​រឹបជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំដែន​ឯង​ឡើយ គឺ​ឯង​នឹង​ហៅ​កំផែង​ឯង​ថា «សេចក្តី​សង្គ្រោះ»ហើយ​ទ្វារ​ឯង​ថា «សេចក្តី​សរសើរ» ១៩ គ្រា​នោះ​ព្រះអាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ​ដល់​ឯង​នៅ​ពេល​ថ្ងៃ ឯ​ព្រះចន្ទ​ក៏​នឹង​លែង​បាន​សំរាប់​ជា​ពន្លឺ​ដល់​ឯង​ត​ទៅ គឺ​ព្រះយេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ឯង​វិញ ហើយ​ព្រះ​នៃ​ឯង​នឹង​ជា​សិរីល្អ​ដល់​ឯង​ដែរ ២០ ព្រះអាទិត្យ​របស់​ឯង​នឹង​លែង​លិច ហើយ​ព្រះចន្ទ​របស់​ឯង​នឹង​មិន​ជ្រេ​ទៀត​ឡើយ ពី​ព្រោះ​ព្រះយេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​ឯង ហើយ​គ្រា​នៃ​សេចក្តី​សោកសៅ​របស់​ឯង​នឹង​ផុត​ទៅ ២១ ពួក​អ្នក​នៅ​ក្នុង​ឯង​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មរដក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​អញ​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​អញ​បាន​ធ្វើ ដើម្បី​ឲ្យ​អញ​បាន​ដំកើង​ឡើង ២២ អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច និង​ត្រឡប់​ទៅ​ជា​សាសន៍១​យ៉ាង​ពូកែ អញ​នេះ​គឺ​ព្រះយេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់។