១៨
ប្រសាសន៍លើកទីពីររបស់លោកប៊ីលដាដ: អន្ទាក់របស់មនុស្សអាក្រក់
១ នោះប៊ីលដាឌ សាសន៍ស៊ូអា ក៏ឆ្លើយឡើងថា
២ តើអ្នករាល់គ្នានឹងនៅតែនិយាយដល់កាលណាទៀត ចូរពិចារណាចុះ រួចមកសឹមយើងនិយាយ
៣ ហេតុអ្វីបានជាយើងត្រូវរាប់ទុកដូចជាសត្វតិរច្ឆាន ហើយបានត្រឡប់ជាស្មោកគ្រោកនៅភ្នែកអ្នកដូច្នេះ
៤ ឱអ្នកដែលហែកហួរខ្លួនដោយសេចក្តីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។
៥ ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ
៦ ពន្លឺនៅក្នុងទីលំនៅគេ នឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ
៧ អស់ទាំងជំហាននៃកំឡាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង
៨ ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច
៩ អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ
១០ មានខ្សែរូតបង្កប់ក្នុងដីសំរាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ
១១ សេចក្តីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ
១២ កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្តីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ
១៣ អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្តីស្លាប់ នឹងស៊ីអវយវៈគេអស់រលីង
១៤ គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេចនៃសេចក្តីស្ញែងខ្លាច
១៥ មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
១៦ នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
១៧ ទាំងសេចក្តីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ
១៨ គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយ៍ផង
១៩ គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
២០ ពួកជំនាន់ក្រោយនឹងមានសេចក្តីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ
២១ ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងនៃអ្នកដែលមិនស្គាល់ព្រះ។