៤០
ព្រះឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់យ៉ូបទៀតថា
២ ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
៣ នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា
៤ មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ
៥ ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។
៦ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា
៧ ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
៨ តើឯងចង់រំលុបរំលាងទាំងសេចក្តីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
៩ តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
១០ ចូរឯងតែងខ្លួន ដោយសេចក្តីរុងរឿង និងសេចក្តីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ
១១ ចូរឲ្យឯងកំចាយសេចក្តីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ
១២ ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង
១៣ ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់គ្រលុំមុខគេ ទុកក្នុងទីងងឹតនៃផ្នូរ
១៤ នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។
១៥ មើលដំរីទឹក ដែលអញបានបង្កើតមក ដូចឯងដែរ វាស៊ីស្មៅដូចគោ
១៦ មើល កំឡាំងវានៅត្រង់ចង្កេះ ហើយសេចក្តីប្រឹងប្រែងរបស់វានៅត្រង់សរសៃពោះ
១៧ វាបក់កន្ទុយ ដូចជាដើមតាត្រៅ ហើយអស់ទាំងសរសៃលោងរបស់វាព័ន្ធពាក់លើគ្នា
១៨ ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក
១៩ វាជាការយ៉ាងសំខាន់របស់ព្រះ ហើយព្រះដែលបង្កើតវាក៏បានប្រទានឲ្យមានចង្កូម
២០ ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា
២១ វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់
២២ ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ
២៣ មើល បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ
២៤ តើនឹងចាប់បានក្នុងកាលដែលកំពុងនៅភ្នែកបើក ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬទេ។