១៣
កំណើតរបស់សាំសុន
១ លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្តីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។
២ គ្រានោះមានមនុស្សម្នាក់នៅត្រង់សូរ៉ាស់ ក្នុងពួកគ្រួដាន់ ឈ្មោះម៉ាណូអា ប្រពន្ធជាស្ត្រីអារ គ្មានកូនសោះ
៣ នោះទេវតានៃព្រះយេហូវ៉ាក៏លេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា មើលឥឡូវនេះ ឯងជាស្ត្រីអារគ្មានកូន តែឯងនឹងមានទំងន់បង្កើតបានកូនប្រុស១វិញ
៤ ដូច្នេះ ចូរប្រយ័ត្ន កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
៥ ដ្បិតមើលឯងនឹងមានទំងន់ បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
៦ ដូច្នេះ នាងក៏ទៅប្រាប់ដល់ប្តីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ
៧ តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។
៨ ដូច្នេះ ម៉ាណូអាក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ
៩ ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ទេវតានៃព្រះក៏មកឯនាងម្តងទៀត ក្នុងកាលដែលនាងកំពុងអង្គុយនៅចំការ តែម៉ាណូអាជាប្តី មិនបាននៅជាមួយនឹងនាងទេ
១០ នោះនាងក៏រត់ទៅជាប្រញាប់ប្រាប់ប្តីថា មើល អ្នកដែលបានមកឯខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ
១១ ដូច្នេះ ម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ
១២ ម៉ាណូអាសួរថា ដូច្នេះ កាលណាពាក្យលោកបានសំរេចហើយ នោះតើត្រូវឲ្យយើងខ្ញុំធ្វើតាមរបៀបយ៉ាងណា ហើយប្រព្រឹត្តចំពោះកូននោះជាយ៉ាងដូចម្តេចទៅ
១៣ ទេវតានៃព្រះយេហូវ៉ាក៏ឆ្លើយថា ត្រូវឲ្យនាងប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់សេចក្តី ដែលអញបានប្រាប់ហើយនោះ
១៤ គឺមិនត្រូវឲ្យបរិភោគអ្វី ដែលកើតពីដើមទំពាំងបាយជូរឡើយ ក៏មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតផង ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ហើយ។
១៥ គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក
១៦ តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ
១៧ ក៏សួរថា តើលោកមាននាមដូចម្តេច ដើម្បីកាលណាបានសំរេចដូចជាពាក្យលោក នោះឲ្យយើងខ្ញុំបានលើកសរសើរដល់នាមលោកផង
១៨ តែទេវតានៃព្រះយេហូវ៉ាឆ្លើយតបថា ហេតុអ្វីបានជាឯងសួររកឈ្មោះអញ ដ្បិតឈ្មោះអញនេះប្លែកអស្ចារ្យ
១៩ ដូច្នេះ ម៉ាណូអាគាត់យកកូនពពែ និងដង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតាក៏ធ្វើយ៉ាងអស្ចារ្យ ក្នុងខណៈដែលម៉ាណូអា និងប្រពន្ធកំពុងមើល
២០ គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា និងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។
២១ តាំងពីនោះមកទេវតានៃព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតានៃព្រះយេហូវ៉ា
២២ រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ
២៣ តែប្រពន្ធឆ្លើយថា បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសំឡាប់យើង នោះទ្រង់មិនបានទទួលដង្វាយដុត និងដង្វាយម្សៅពីដៃយើងដូច្នេះទេ ក៏មិនបានឲ្យយើងឃើញអស់ទាំងការនេះ ឬប្រាប់សេចក្តីយ៉ាងនេះ ឲ្យយើងដឹងនៅវេលានេះដែរ។
២៤ នាងក៏បង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ
២៥ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនឹងអែសថោល។