ភាព​អណាធិបតេយ្យ​នៅ​ស្រុក​អ៊ីស្រាអែល
១៧
កន្លែង​ថ្វាយ​បង្គំ​ព្រះ​របស់​មីកា
១ រីឯ​នៅ​ស្រុក​ភ្នំ​អេប្រាអិម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មីកា ២ គាត់​និយាយ​ប្រាប់​ម្តាយ​ថា ប្រាក់​១១០០​ដែល​គេ​បាន​យក​ពី​ម៉ែ​ទៅ ហើយ​ម៉ែ​បាន​ដាក់​បណ្តាសា​ពី​រឿង​នោះ​នៅ​ត្រចៀក​ខ្ញុំ មើល​ប្រាក់​នោះ​នៅ​នឹង​ខ្ញុំ​ទេ គឺ​ខ្ញុំ​ហើយ​ដែល​យក ដូច្នេះ​ម្តាយ​និយាយ​ថា សូម​ពរ​ពី​ព្រះយេហូវ៉ា​ដល់​ឯង​ជា​កូន ៣ គាត់​ក៏​ប្រគល់​ប្រាក់​១១០០​នោះ​ដល់​ម្តាយ​វិញ រួច​ម្តាយ​និយាយ​ថា អញ​ថ្វាយ​ប្រាក់​នេះ​ដល់​ព្រះយេហូវ៉ា​ពី​ដៃ​ខ្លួន​អញ​សំរាប់​កូន ដើម្បី​នឹង​សិត​រូប​១ ហើយ​ឆ្លាក់​ធ្វើ​ជា​រូប​១ ដូច្នេះ ហ៏ អញ​ប្រគល់​ឲ្យ​ឯង ៤ តែ​គាត់​ប្រគល់​ប្រាក់​នោះ​ដល់​ម្តាយ​វិញ នោះ​ម្តាយ​ក៏​យក​ប្រាក់​២០០​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​១ និង​រូប​សិត​១ រូប​នោះ​តាំង​នៅ​ក្នុង​ផ្ទះ​មីកា ៥ ឯ​មីកា​នេះ គាត់​មាន​រោង​ព្រះ​១ ហើយ​ក៏​ធ្វើ​អេផូឌ និង​រូប​ព្រះ​១ រួច​ញែក​កូន​គាត់​ម្នាក់ ទុក​ជា​សង្ឃ​ដល់​ខ្លួន ៦ នៅ​គ្រា​នោះ គ្មាន​ស្តេច​ណា​សោយរាជ្យ នៅ​ស្រុក​អ៊ីស្រាអែល​ទេ ម៉្លោះ​ហើយ មនុស្ស​ទាំងឡាយ គេ​តែងតែ​ប្រព្រឹត្ត​ការ​ដែល​ខ្លួន​គិត​ឃើញ​ថា​ត្រឹម​ត្រូវ។
៧ រីឯ​នៅ​ក្រុង​បេថ្លេហិម ស្រុក​យូដា នោះ​មាន​មនុស្ស​កំឡោះ​ម្នាក់​ក្នុង​គ្រួ​យូដា ដែល​ជា​ពួក​លេវី គាត់​មាន​ទី​លំនៅ​អាស្រ័យ​នៅ​ទី​នោះ ៨ គាត់​ក៏​ចេញ​ពី​បេថ្លេហិម នៅ​ស្រុក​យូដា​នោះ ដើម្បី​នឹង​ទៅ​ស្នាក់​នៅ​ទី​ណា​ដែល​រក​បាន កំពុង​ដែល​ធ្វើ​ដំណើរ​ទៅ នោះ​ក៏​មក​ដល់​ផ្ទះ​មីកា នៅ​ស្រុក​ភ្នំ​អេប្រាអិម ៩ មីកា​សួរ​គាត់​ថា អ្នក​មក​ពី​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​ជា​ពួក​លេវី ពី​បេថ្លេហិម ស្រុក​យូដា ខ្ញុំ​ស្វែង​រក​ទី​ណា​ដែល​ខ្ញុំ​នឹង​ស្នាក់​នៅ​បាន ១០ នោះ​មីកា​ឆ្លើយ​តប​ថា ដូច្នេះ ចូរ​នៅ​ជា​មួយ​នឹង​ខ្ញុំ ធ្វើ​ជា​ឪពុក​ហើយ​ជា​សង្ឃ​ដល់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​ប្រាក់​ឲ្យ​១០​ដួង​ក្នុង​១​ឆ្នាំ ព្រម​ទាំង​សំលៀកបំពាក់​១​សំរាប់ ហើយ​បាយ​ផង ដូច្នេះ អ្នក​នោះ​ក៏​ចូល​ទៅ ១១ ហើយ​សុខ​ចិត្ត​នៅ​ជា​មួយ​នឹង​មីកា ដែល​រាប់​គាត់ ទុក​ដូច​ជា​កូន​ខ្លួន​បង្កើត​ណា​មួយ ១២ មីកា​ក៏​ញែក​ចេញ​ទុក​ជា​សង្ឃ​ដល់​ខ្លួន ហើយ​គាត់​នៅ​ក្នុង​ផ្ទះ​មីកា​ទៅ ១៣ មីកា​នឹក​ថា ឥឡូវ​នេះ អញ​ដឹង​ថា​ព្រះយេហូវ៉ា​ទ្រង់​នឹង​ផ្តល់​សេចក្តី​ល្អ​ដល់​អញ ពី​ព្រោះ​អញ​មាន​ពួក​លេវី​ម្នាក់​ធ្វើ​ជា​សង្ឃ​ដល់​អញ​ហើយ។