២
ព្រះអម្ចាស់ស្តីបន្ទោសរាស្ត្ររបស់ព្រះអង្គ
១ នៅគ្រានោះ ទេវតានៃព្រះយេហូវ៉ា បានឡើងពីគីលកាល មកដល់បូគីមប្រាប់ថា អញបានធ្វើឲ្យឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុក ដែលអញបានស្បថនឹងឲ្យដល់ពួកឰយុកោឯង អញក៏បានសន្យាថា អញនឹងមិនក្បត់សេចក្តីសញ្ញារបស់អញចំពោះឯងរាល់គ្នាទេ។
២ ឯឯងរាល់គ្នា មិនត្រូវឲ្យតាំងសេចក្តីសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនារបស់គេចេញ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ ហេតុអ្វីបានជាប្រព្រឹត្តដូច្នេះ
៣ គឺហេតុនោះបានជាអញថា អញមិនបណ្តេញគេពីមុខឯងចេញទេ គេនឹងបានដូចជាបន្លាចាក់នៅចំហៀងឯងវិញ ហើយព្រះទាំងប៉ុន្មានរបស់គេ នឹងបានជាអន្ទាក់ដល់ឯង
៤ កាលទេវតានៃព្រះយេហូវ៉ា បានប្រាប់សេចក្តីទាំងប៉ុន្មាននេះ ដល់អស់ទាំងពួកកូនចៅអ៊ីស្រាអែលស្រេចហើយ នោះគេក៏ឡើងសំឡេងយំ
៥ បានជាគេហៅកន្លែងនោះថា បូគ៊ីម រួចគេនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា នៅទីនោះ។
យ៉ូស្វេទទួលមរណភាព
៦ រីឯយ៉ូស្វេ កាលលោកបានឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅនោះគេក៏ទៅទទួលយកស្រុកជាមរដករបស់គេរៀងខ្លួន
៧ ពួកបណ្តាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ និងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល
៨ យ៉ូស្វេ កូននុន ជាអ្នកបំរើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ
៩ រួចគេបញ្ចុះសពលោកត្រង់ព្រំដី ជាមរដករបស់លោកនៅធីម៉្នាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម នាខាងជើងភ្នំកាអាសទៅ
១០ អស់ទាំងមនុស្សនៅដំណនោះ ក៏បានមូលទៅជួបជុំនឹងពួកឰយុកោគេគ្រប់គ្នាដែរ ហើយកើតមានមនុស្ស១ដំណទៀត ក្រោយមក ជាមនុស្សដែលមិនបានស្គាល់ព្រះយេហូវ៉ា ឬការដែលទ្រង់បានសំរេចដល់ពួកអ៊ីស្រាអែលទេ។
កូនចៅអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់
១១ នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល
១២ គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្តីខ្ញាល់
១៣ គេបានបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ
១៤ ដូច្នេះ ព្រះយេហូវ៉ាក៏កើតមានសេចក្តីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ក៏លក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ដែលនៅជុំវិញដែរ ដល់ម៉្លេះបានជាគេពុំអាចនឹងទប់ទល់ នៅមុខពួកខ្មាំងសត្រូវបានឡើយ
១៥ នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្តីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះ គេមានសេចក្តីវេទនាយ៉ាងខ្លាំង។
១៦ ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ
១៧ ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកឰយុកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
១៨ កាលព្រះយេហូវ៉ាបានតាំងឲ្យមានចៅហ្វាយដល់គេ នោះទ្រង់ក៏គង់ជាមួយនឹងចៅហ្វាយនោះ ហើយបានជួយសង្គ្រោះគេឲ្យរួចពីកណ្តាប់ដៃនៃខ្មាំងសត្រូវ នៅគ្រប់១ជីវិតរបស់ចៅហ្វាយនោះ ពីព្រោះព្រះយេហូវ៉ាទ្រង់អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ
១៩ តែលុះកាលចៅហ្វាយ១ស្លាប់ទៅ នោះគេក៏ត្រឡប់ទៅជាប្រព្រឹត្តលាមកអាក្រក់ ជាងពួកឰយុកោគេទៅទៀត ដោយដើរតាមព្រះដទៃ ដើម្បីនឹងគោរពប្រតិបត្តិ ហើយក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ គេមិនបានលះចោលអំពើ ឬចរិត ដែលរឹងចចេសរបស់គេចេញឡើយ
២០ នោះសេចក្តីខ្ញាល់នៃព្រះយេហូវ៉ា បានកាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍នេះបានរំលងសេចក្តីសញ្ញា ដែលអញបានតាំងនឹងពួកឰយុកោគេ ហើយមិនបានស្តាប់តាមពាក្យរបស់អញ
២១ បានជាពីនេះទៅមុខ អញលែងបណ្តេញសាសន៍ណាមួយ ដែលយ៉ូស្វេបានទុកពីកាលស្លាប់ទៅនោះ ចេញពីមុខគេឡើយ
២២ ដើម្បីឲ្យអញបានល្បងលអ៊ីស្រាអែលមើល បើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចជាពួកឰយុកោគេបានកាន់តាមឬទេ
២៣ ដូច្នេះ ព្រះយេហូវ៉ាទ្រង់បានទុកសាសន៍ទាំងនោះវិញ ឥតបណ្តេញទៅយ៉ាងរហ័សទេ ក៏មិនបានប្រគល់មកក្នុងកណ្តាប់ដៃយ៉ូស្វេដែរ។