២១
ការ​កកើត​ឡើង​វិញ​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន
១ រីឯ​ពួក​បណ្តាជន ជា​សាសន៍​អ៊ីស្រាអែល គេ​បាន​ស្បថ​នៅ​ត្រង់​មីសប៉ា​ថា មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​ក្នុង​ពួក​យើង​រាល់​គ្នា ឲ្យ​កូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន​ឡើង ២ គេ​ក៏​មក​ដល់​បេត-អែល អង្គុយ​នៅ​ទី​នោះ​ចំពោះ​ព្រះ ដរាប​ដល់​ល្ងាច ព្រម​ទាំង​បន្លឺ​សំឡេង​យំ​ជា​ខ្លាំង​ថា ៣ ឱ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​សេចក្តី​នេះ​កើត​មក​ក្នុង​សាសន៍​អ៊ីស្រាអែល ឲ្យ​ត្រូវ​បាត់​ពូជ​អំបូរ​១​ក្នុង​សាសន៍​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដូច្នេះ ៤ ដល់​ថ្ងៃ​ស្អែក​គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម គេ​ស្អាង​អាសនា​១​នៅ​ទី​នោះ រួច​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ៥ នោះ​គេ​សួរ​គ្នា​ថា ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​អ្នក​ណា​ខ្លះ​ដែល​មិន​បាន​ឡើង​មក​ប្រជុំ​ឯ​ព្រះយេហូវ៉ា គេ​សួរ​ដូច្នោះ​ពី​ព្រោះ​បាន​ស្បថ​យ៉ាង​ធ្ងន់ ពី​ដំណើរ​អ្នក​ណា​ដែល​មិន​ឡើង​មក​ឯ​ព្រះយេហូវ៉ា ត្រង់​មីសប៉ា​នោះ​ថា អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ ៦ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​នឹក​ស្តាយ​ពួក​បេនយ៉ាមីន ជា​បង​ប្អូន​គេ ដោយ​ពាក្យ​ថា នៅ​ថ្ងៃ​នេះ ពូជ​អំបូរ​មួយ​បាន​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ហើយ ៧ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះយេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។
៨ ដូច្នេះ គេ​សួរ​ថា ក្នុង​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន តើ​មាន​ពួក​ណា​មិន​បាន​ឡើង​មក​ឯ​ព្រះយេហូវ៉ា ត្រង់​មីសប៉ា នោះ​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​មក​ពី​យ៉ាបេស-កាឡាត ដើម្បី​នឹង​ប្រជុំ​ក្នុង​ពួក​ជំនុំ​ទេ ៩ ដ្បិត​កាល​គេ​បាន​រាប់​បណ្តាជន​ទៅ នោះ​មិន​ឃើញ​អ្នក​ណា​ពី​ពួក​យ៉ាបេស-កាឡាត​ណា​មួយ​បាន​នៅ​ទី​នោះ​សោះ ១០ ដូច្នេះ​ពួក​ជំនុំ​ក៏​ចាត់​មនុស្ស​១​ម៉ឺន​២​ពាន់​នាក់ ក្នុង​ពួក​ក្លាហាន ឲ្យ​ទៅ​ឯ​ណោះ ដោយ​បង្គាប់​ថា ចូរ​ទៅ​សំឡាប់​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត​នោះ ដោយ​មុខ​ដាវ​ទៅ ព្រម​ទាំង​ស្រីៗ និង​ពួក​ក្មេង​ផង ១១ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សំឡាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ ព្រម​ទាំង​ពួក​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ហើយ​ផង ១២ ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។
១៣ នោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​ចាត់​គេ​ឲ្យ​ទៅ​និយាយ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​នៅ​ថ្មដា​រីម៉ូន​នោះ ដោយ​ប្រកាស​ជា​សេចក្តី​មេត្រី​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ១៤ ដូច្នេះ​ពួក​បេនយ៉ាមីន​ក៏​វិល​ត្រឡប់​មក​វិញ​នៅ​គ្រា​នោះ រួច​ពួក​ជំនុំ​ប្រគល់​ស្ត្រី​ទាំង​ប៉ុន្មាន ដែល​បាន​ទុក​ឲ្យ​រស់​នៅ ក្នុង​ពួក​ស្ត្រី​យ៉ាបេស-កាឡាត​នោះ ឲ្យ​ដល់​គេ តែ​មិន​ទាន់​បាន​ល្មម​ឲ្យ​គេ​នៅ​ឡើយ ១៥ ពួក​បណ្តាជន​ក៏​នឹក​ស្តាយ​ដល់​ពួក​បេនយ៉ាមីន ដោយ​ព្រះយេហូវ៉ា​បាន​ធ្វើ​ឲ្យ​បាត់​ពួក​១​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ចេញ។
១៦ ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ​ក៏​សួរ​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​ពួក​ស្ត្រី​ក្នុង​ពួក​បេនយ៉ាមីន​បាន​វិនាស​អស់​ហើយ ១៧ គេ​ឆ្លើយ​ថា ត្រូវ​ឲ្យ​មាន​កេរអាករ​ឲ្យ​ពួក​អ្នក ដែល​បាន​រួច​ជីវិត​ក្នុង​ពួក​បេនយ៉ាមីន​ផង ដើម្បី​កុំ​ឲ្យ​មាន​ពូជ​អំបូរ​ណា​មួយ ត្រូវ​រលុប​ចេញ​ពី​សាសន៍​អ៊ីស្រាអែល​ឡើយ ១៨ ប៉ុន្តែ​ខ្លួន​យើង​រាល់​គ្នា គ្មាន​ច្បាប់​នឹង​ឲ្យ​កូន​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទេ (ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឲ្យ​កូន​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​បេនយ៉ាមីន) ១៩ រួច​គេ​ប្រាប់​ថា មើល រាល់​តែ​ឆ្នាំ​គេ​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះយេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​នៅ​ខាង​ជើង​បេត-អែល ហើយ​ខាង​កើត​ផ្លូវ ដែល​ឡើង​ពី​បេត-អែល​ទៅ​ឯ​ស៊ីគែម និង​ខាង​ត្បូង​ល្បូណា ២០ ដូច្នេះ​គេ​បង្គាប់​ដល់​ពួក​កូន​ចៅ​បេនយ៉ាមីន​ថា ចូរ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​ក្នុង​ចំការ​ទំពាំងបាយជូរ​ទៅ ២១ ចាំ​មើល បើ​ពួក​ស្រី​ក្រមុំ​នៅ​ស៊ីឡូរ​ចេញ​មក​លេង នោះ​ចូរ​ឯង​រាល់​គ្នា​ចេញ​ពី​ចំការ​ទំពាំងបាយជូរ ទៅ​ចាប់​យក​ពួក​ស្រី​ក្រមុំ​ស៊ីឡូរ​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា​ចុះ រួច​ត្រឡប់​ទៅ​ឯ​ស្រុក​បេនយ៉ាមីន​វិញ​ទៅ ២២ បើ​កាល​ណា​ឪពុក​បង​ប្អូន​របស់​ស្ត្រី​ទាំង​នោះ​មក​ប្តឹង​យើង នោះ​យើង​នឹង​អង្វរ​ថា សូម​អាណិត​មេត្តា​ដល់​គេ​ឲ្យ​យើង​ផង ដ្បិត​យើង​ទៅ​ច្បាំង​នោះ មិន​បាន​ទុក​ប្រពន្ធ​ឲ្យ​គេ​គ្រប់​គ្នា​ទេ មួយ​ទៀត​មិន​មែន​ជា​អ្នក​រាល់​គ្នា ដែល​បាន​ឲ្យ​ស្ត្រី​ទាំង​នោះ​ទៅ​គេ​ដែរ បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​មាន​ទោស​មែន ២៣ ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ធ្វើ​ដូច្នោះ គេ​ចាប់​យក​ជា​ប្រពន្ធ​១​ម្នាក់​គ្រប់​គ្នា​តាម​ចំនួន​គេ ពី​ពួក​ក្រមុំ​ដែល​កំពុង​លេង រួច​នាំ​ជំរត់​យក​ទៅ​ឯ​ស្រុក​ជា​មរដក​របស់​គេ​ទៅ ក៏​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​ផង ២៤ នៅ​គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ឯ​ពូជ​អំបូរ និង​គ្រួសារ​របស់​គេ​រៀង​ខ្លួន គឺ​វិល​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​គ្រប់​គ្នា​ទៅ។
២៥ នៅ​គ្រា​នោះ​ឯង គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​មនុស្ស​ទាំងឡាយ​តែង​ប្រព្រឹត្ត​ការ​អ្វី តាម​ដែល​គេ​យល់​ឃើញ​ថា​ត្រឹម​ត្រូវ​គ្រប់​គ្នា។:៚