៦
សាសន៍ម៉ាឌានសង្កត់សង្កិនកូនចៅអ៊ីស្រាអែល
១ រួចមកពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្តីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាទៀត នោះព្រះយេហូវ៉ាទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃ នៃសាសន៍ម៉ាឌានអស់៧ឆ្នាំ
២ ពួកសាសន៍ម៉ាឌានក៏មានកំឡាំងឡើង ឈ្នះពួកអ៊ីស្រាអែល គឺដោយព្រោះតែសាសន៍ម៉ាឌាននោះហើយ បានជាពួកកូនចៅគេធ្វើរូងនៅក្នុងភ្នំ និងរអាង ហើយនឹងទីមាំមួនសំរាប់ខ្លួន
៣ រីឯកាលពួកអ៊ីស្រាអែលបានសាបព្រោះ នោះពួកសាសន៍ម៉ាឌាន ពួកសាសន៍អាម៉ាលេក និងពួកមនុស្សនៅស្រុកខាងកើត គេឡើងមកទាស់
៤ គេមកបោះទ័ពទាស់នឹងអ៊ីស្រាអែល ក៏បំផ្លាញអស់ទាំងផលកើតពីដី រហូតដល់ក្រុងកាសា ឥតមានទុកស្បៀងអាហារណា ឲ្យនៅក្នុងស្រុកអ៊ីស្រាអែលឡើយ ទោះទាំងចៀម គោ ឬលាក្តី
៥ ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងត្រសាលរបស់គេមកដែរ គឺចូលមកមានគ្នាសន្ធឹកដូចជាកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គេមកប្រយោជន៍តែនឹងបំផ្លាញស្រុកប៉ុណ្ណោះ
៦ ឯពួកកូនចៅអ៊ីស្រាអែលត្រូវទុគ៌តទៅ ដោយព្រោះសាសន៍ម៉ាឌាន ដូច្នេះ គេអំពាវនាវដល់ព្រះយេហូវ៉ា។
៧ កាលពួកកូនចៅអ៊ីស្រាអែល បានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះសាសន៍ម៉ាឌាន
៨ នោះទ្រង់ក៏ចាត់ហោរាម្នាក់មកឯគេ ប្រាប់ថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំឯងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទ គឺឲ្យចេញពីផ្ទះពួកបាវបំរើមក
៩ អញបានដោះឲ្យរួចពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ និងពីកណ្តាប់ដៃនៃអស់អ្នកដែលសង្កត់សង្កិនឯង ក៏បានបណ្តេញគេពីមុខឯងចេញទៅ ហើយបានឲ្យស្រុករបស់គេមកឯងរាល់គ្នាវិញ
១០ អញបានប្រាប់ឯងថា អញជាព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា មិនត្រូវឲ្យឯងខ្លាចដល់អស់ទាំងព្រះរបស់សាសន៍អាម៉ូរី ដែលឯងនៅស្រុកគេនោះឡើយ តែឯងរាល់គ្នាមិនបានស្តាប់តាមបង្គាប់អញសោះ។
ព្រះចាត់គេឌានឲ្យសង្គ្រោះកូនចៅអ៊ីស្រាអែល
១១ គ្រានោះ ទេវតានៃព្រះយេហូវ៉ា ក៏យាងមកគង់នៅក្រោមដើមម៉ៃសាក់នៅត្រង់អូប្រា ដែលជារបស់យ៉ូអាស ក្នុងគ្រួអ័បៀស៊ើរ រីឯគេឌាន ជាកូន គាត់កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន
១២ ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង
១៣ តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ ឯអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដែលពួកឰយុកោបានថ្លែងប្រាប់តមកថា ព្រះយេហូវ៉ាទ្រង់បាននាំយើងខ្ញុំឡើងចេញពីស្រុកអេស៊ីព្ទមក តើការទាំងនោះនៅឯណា ដ្បិតឥឡូវនេះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលពួកទូលបង្គំ ព្រមទាំងប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកម៉ាឌានហើយ
១៤ នោះព្រះយេហូវ៉ាទ្រង់ទតមើលលោក ហើយមានព្រះបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ
១៥ រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង
១៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់
១៧ លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានព្រះបន្ទូលនឹងទូលបង្គំពិតមែន
១៨ សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។
១៩ ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ និងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ
២០ នោះទេវតានៃព្រះក៏មានព្រះបន្ទូលប្រាប់ថា ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ
២១ រួចទេវតានៃព្រះយេហូវ៉ាក៏លូកចុងដំបង ដែលកាន់នៅព្រះហស្ត ទៅពាល់សាច់ និងនំបុ័ងឥតដំបែនោះ ក៏មានភ្លើងចេញពីថ្មបញ្ឆេះសាច់ និងនំបុ័ងឥតដំបែអស់រលីងទៅ លុះស្រេចហើយ ទេវតានៃព្រះយេហូវ៉ា ក៏យាងចេញពីមុខបាត់ទៅ
២២ គេឌានក៏បានដឹងថា ជាទេវតានៃព្រះយេហូវ៉ា បានជាលោកទូលថា វរហើយ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ដ្បិតទូលបង្គំបានឃើញទេវតានៃព្រះយេហូវ៉ា នៅប្រទល់មុខ
២៣ ព្រះយេហូវ៉ាទ្រង់ព្រះបន្ទូលតបមកថា ចូរឲ្យមានសេចក្តីសុខចុះ កុំឲ្យភ័យអី ឯងមិនត្រូវស្លាប់ទេ
២៤ នោះគេឌានក៏ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា «យេហូវ៉ា-សាឡិម» អាសនានោះក៏នៅត្រង់អូប្រារបស់ផងពួកអ័បៀស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
គេឌានបំផ្លាញអាសនារបស់ព្រះបាល
២៥ នៅវេលាយប់នោះឯង ព្រះយេហូវ៉ា ទ្រង់បង្គាប់លោកថា ចូរនាំយកគោឈ្មោលរបស់ឪពុកឯង គឺជាគោទី២អាយុ៧ខួបទៅជាមួយ ត្រូវឲ្យឯងរំលំអាសនានៃព្រះបាលរបស់ឪពុកឯងចេញទៅ ព្រមទាំងកាប់បំផ្លាញអ្នកតាដែលនៅក្បែរទីនោះផង
២៦ រួចស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង តាមរបៀបនៅលើថ្មដានោះ ហើយត្រូវយកគោទី២ថ្វាយជាដង្វាយដុត ដោយដុតនឹងឈើជារូបអ្នកតា ដែលឯងបានកាប់នោះ
២៧ ដូច្នេះ គេឌានក៏នាំយកអ្នកបំរើរបស់ខ្លួន១០នាក់ ទៅធ្វើតាមដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់ តែលោកធ្វើនៅពេលថ្ងៃមិនបាន ដោយព្រោះខ្លាចពួកអ្នកផ្ទះរបស់ឪពុកខ្លួន និងពួកមនុស្សនៅទីក្រុងនោះ បានជាធ្វើនៅពេលយប់វិញ។
២៨ កាលពួកមនុស្សនៅទីក្រុង បានក្រោកឡើងពីព្រលឹម ឃើញអាសនានៃព្រះបាលបានរលំហើយ ឯអ្នកតាក៏បានកាប់ចោលផង ហើយគោទី២បានថ្វាយនៅលើអាសនាដែលបានស្អាងឡើង
២៩ នោះគេនិយាយគ្នាទៅវិញទៅមកថា តើអ្នកណាបានធ្វើនេះ គេក៏ស៊ើបសួររក រួចមានគេប្រាប់ថា គឺគេឌាន ជាកូនយ៉ូអាស បានធ្វើការនោះ
៣០ ដូច្នេះពួកមនុស្សនៅទីក្រុង គេប្រាប់ទៅយ៉ូអាសថា ចូរនាំកូនអ្នកចេញមកឲ្យវាស្លាប់ទៅ ដ្បិតវាបានរំលំអាសនានៃព្រះបាល ហើយកាប់បំផ្លាញរូបអ្នកតាដែលនៅក្បែរទីនោះផង
៣១ យ៉ូអាសក៏ឆ្លើយទៅអស់អ្នកដែលមកទាស់នឹងគាត់ថា តើអ្នករាល់គ្នាចង់តវ៉ាជំនួស ហើយគិតជួយសង្គ្រោះព្រះបាលឬអី ឯអ្នកណាដែលចង់តវ៉ាជំនួសព្រះបាល ឲ្យអ្នកនោះត្រូវស្លាប់វិញឥឡូវ មុនដែលថ្ងៃរះផង បើនេះជាព្រះពិត នោះចូរឲ្យវាតវ៉ាដោយខ្លួនវាចុះ ដោយព្រោះគេបានរំលំអាសនាហើយ
៣២ ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
គេឌានទូលសូមទីសំគាល់ពីព្រះ
៣៣ គ្រានោះពួកសាសន៍ម៉ាឌានទាំងប៉ុន្មាន និងពួកអាម៉ាលេក ព្រមទាំងពួកមនុស្សនៅស្រុកខាងកើត ក៏មូលគ្នាឆ្លងទន្លេ មកបោះទ័ពនៅត្រង់វាលច្រកភ្នំយេសរាល
៣៤ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់យាងមកសណ្ឋិតលើគេឌាន លោកក៏ផ្លុំត្រែឡើង នោះពួកអ័បៀស៊ើរក៏មូលគ្នាមកតាមលោក
៣៥ រួចលោកចាត់មនុស្សឲ្យទៅគ្រប់ក្នុងស្រុកម៉ាន៉ាសេ គេក៏មូលគ្នាមកតាមលោកដែរ រួចគាត់ចាត់មនុស្សឲ្យទៅឯពួកអេស៊ើរ ពួកសាប់យូល៉ូន និងពួកណែបថាលីទៀត គេក៏មូលមកឯលោកទាំងអស់គ្នា។
៣៦ ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំដូចជាទ្រង់បានមានព្រះបន្ទូលហើយ
៣៧ នោះមើល ទូលបង្គំដាក់រោមចៀមនេះនៅទីលានស្រូវ ដូច្នេះ បើឃើញសន្សើមមាននៅតែនឹងរោមចៀមប៉ុណ្ណោះ ហើយដីទាំងអស់ស្ងួតវិញ នោះទូលបង្គំនឹងដឹងថា ទ្រង់ជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលដោយសារដៃទូលបង្គំពិតមែន ដូចជាទ្រង់បានមានព្រះបន្ទូលហើយ
៣៨ នោះក៏កើតមានដូច្នោះ លុះថ្ងៃស្អែកឡើង លោកក្រោកពីព្រលឹមទៅច្របាច់ពូតរោមចៀមនោះ បានទឹកសន្សើមពេញ១ចាន
៣៩ រួចគេឌានទូលទៅព្រះថា សូមទ្រង់កុំខ្ញាល់នឹងទូលបង្គំឡើយ ទូលបង្គំនឹងទូលតែម្តងណេះទេ គឺសូមឲ្យទូលបង្គំសាកដោយរោមចៀមនេះម្តងទៀត សូមឲ្យតែរោមចៀមនេះបានស្ងួតទៅ ហើយឲ្យដីមានទឹកសន្សើមវិញ
៤០ ព្រះទ្រង់ក៏ធ្វើដូច្នោះនៅយប់នោះ គឺរោមចៀមទៅជាស្ងួត តែនៅពេញលើដី មានសុទ្ធតែទឹកសន្សើមវិញ។