១៤
ព្រះយេស៊ូវ​ជា​មាគ៌ា​ទៅ​កាន់​ព្រះវរបិតា
១ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ ២ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា ៣ បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ៤ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ ៥ ថូម៉ាស​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ជា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន ៦ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ៧ បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង ៨ ភីលីព​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ ៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ ១០ តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះវរបិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ ១១ ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា ហើយ​ព្រះវរបិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ ១២ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ១៣ ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដើម្បី​ឲ្យ​ព្រះវរបិតា​បាន​ដំកើង​ឡើង​ក្នុង​ព្រះរាជបុត្រា ១៤ បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ។
ព្រះបន្ទូល​សន្យា​អំពី​ព្រះវិញ្ញាណ
១៥ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ ១៦ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ ១៧ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ១៨ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ ១៩ បន្តិច​ទៀត លោកីយ៍​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ ២០ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះវរបិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ២១ អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សំដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង ២២ យូដាស(មិន​មែន​អ៊ីស្ការីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ៍​ស្គាល់​ផង ២៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះវរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ នៅ​ជា​មួយ​ដែរ ២៤ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះបន្ទូល​របស់​ព្រះវរបិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។
២៥ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ ២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ២៧ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ ២៨ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន​សេចក្តី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ដ្បិត​ព្រះវរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ ២៩ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ៣០ ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ ៣១ គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរបិតា​វិញ ដើម្បី​ឲ្យ​លោកីយ៍​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។