១១
ប្រជាជនក្បត់សម្ពន្ធមេត្រី
១ នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមាថា
២ ចូរស្តាប់អស់ទាំងពាក្យនៃសេចក្តីសញ្ញានេះចុះ រួចនិយាយដល់ពួកមនុស្សនៅស្រុកយូដា និងនៅក្រុងយេរូសាឡិម
៣ ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវបណ្តាសាហើយមនុស្សណា ដែលមិនស្តាប់តាមអស់ទាំងពាក្យនៃសេចក្តីសញ្ញានេះ
៤ គឺជាសេចក្តី ដែលអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នា នៅថ្ងៃដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់អញ ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្តី ដែលអញបង្គាប់ ដល់ឯងរាល់គ្នាចុះយ៉ាងនោះ ឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះរបស់ឯង
៥ ដើម្បីឲ្យអញបានធ្វើសំរេចតាមសេចក្តីសម្បថ ដែលអញបានស្បថនឹងពួកព្ធយុកោឯងរាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ នោះខ្ញុំក៏ទូលឆ្លើយថា អាម៉ែន ព្រះយេហូវ៉ាអើយ។
៦ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរប្រកាសប្រាប់អស់ទាំងពាក្យនេះ នៅក្នុងទីក្រុងទាំងប៉ុន្មានរបស់ស្រុកយូដា ហើយនៅផ្លូវទាំងប៉ុន្មាននៃក្រុងយេរូសាឡិមដែរថា ចូរស្តាប់អស់ទាំងពាក្យនៃសេចក្តីសញ្ញានេះ ហើយប្រព្រឹត្តតាមចុះ
៧ ដ្បិតនៅថ្ងៃដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាឡើងរួចពីស្រុកអេស៊ីព្ទ ដរាបមកដល់សព្វថ្ងៃនេះ នោះអញបាននិយាយយ៉ាងម៉ឺងម៉ាត់ដល់គេ ព្រមទាំងខ្នះខ្នែងប្រាប់គេ តាំងពីព្រលឹមស្រាងថា ចូរស្តាប់តាមពាក្យអញចុះ
៨ តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្តីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះអញបាននាំគ្រប់ទាំងពាក្យនៃសេចក្តីសញ្ញានេះមកលើគេ គឺជាសេចក្តីដែលអញបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ។
៩ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ឃើញមានគំនិតគិតក្បត់កើតឡើង នៅក្នុងពួកមនុស្សនៅស្រុកយូដា ហើយនៅក្រុងយេរូសាឡិមដែរ
១០ គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់ពួកព្ធយុកោគេ ដែលមិនព្រមស្តាប់តាមពាក្យអញ គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីនឹងគោរពវាវិញ ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដាបានផ្តាច់សេចក្តីសញ្ញា ដែលអញបានតាំងនឹងពួកព្ធយុកោគេហើយ
១១ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើគេ ជាសេចក្តីដែលគេមិនអាចនឹងគេចរួចចេញបានឡើយ នោះគេនឹងអំពាវនាវដល់អញ តែអញនឹងមិនព្រមស្តាប់ទេ
១២ ទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងពួកអ្នកនៅក្រុងយេរូសាឡិមគេនឹងទៅអំពាវនាវដល់ព្រះ ដែលគេបានដុតកំញានថ្វាយនោះ តែព្រះទាំងនោះនឹងមិនជួយដោះគេឲ្យរួច ក្នុងគ្រាវេទនារបស់គេឡើយ
១៣ ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់ឯង នោះប្រមាណស្មើនឹងទីក្រុងទាំងប៉ុន្មានរបស់ឯងដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះឯងក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសំរាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
១៤ ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវដល់អញ ដោយកើតមានសេចក្តីវេទនា នោះអញមិនព្រមស្តាប់គេទេ
អ៊ីស្រាអែលជាដើមអូលីវរបស់ព្រះអម្ចាស់
១៥ តើស្ងួនសំឡាញ់របស់អញមានការអ្វីនៅក្នុងផ្ទះអញទៀត ដ្បិតនាងបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាមួយនឹងមនុស្សជាច្រើនទៅហើយ ឯសាច់ដែលបានញែកជាបរិសុទ្ធ នោះនឹងបាត់ពីមុខឯងទៅកាលណាឯងប្រព្រឹត្តអំពើអាក្រក់ នោះឯងមានចិត្តរីករាយ
១៦ ព្រះយេហូវ៉ាទ្រង់បានដាក់ឈ្មោះឲ្យឯងថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែទ្រង់បានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយសូរគ្រុំគ្រាំយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់
១៧ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំឯង ទ្រង់បានប្រកាសសេចក្តីអាក្រក់ទាស់នឹងឯងដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្តាលឲ្យអញខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
អ្នកភូមិអាណាថោតឃុបឃិតគ្នាប្រឆាំងនឹងលោកយេរេមា
១៨ ព្រះយេហូវ៉ា ទ្រង់បានសំដែង ឲ្យខ្ញុំដឹងពីការនេះ ទ្រង់បានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ
១៩ ឯខ្ញុំបានដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសំឡាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ
២០ តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជំរះដោយសុចរិត ហើយក៏ល្បងលចិត្តនឹងគំនិតអើយ ទូលបង្គំនឹងឃើញទ្រង់សងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសំដែងដើមហេតុរបស់ទូលបង្គំ ថ្វាយទ្រង់ជ្រាបហើយ
២១ ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាន៉ាថោត ដែលរកជីវិតខ្ញុំដោយពោលថា មិនត្រូវឲ្យឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងឯងស្លាប់ដោយដៃរបស់យើង
២២ គឺហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងធ្វើទោសគេ ពួកកំឡោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់អត់
២៣ ហើយនឹងគ្មានសំណល់សល់ដល់គេឡើយ ដ្បិតនៅឆ្នាំដែលអញនឹងធ្វើទោសដល់ពួកក្រុងអាន៉ាថោត នោះអញនឹងនាំសេចក្តីអាក្រក់មកលើគេជាពិត។