១៥
ដ្បិតហេតុការណ៍ទាំងនេះកើតមកពីព្រះអង្គ។
១ លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ
២ បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ។ នោះឲ្យគេទៅជាឈ្លើយដែរ
៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងតម្រូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ និងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង
៤ អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។។
៥ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្តីសុខទុក្ខរបស់ឯង
៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយដោយការផ្លាស់ប្រែគំនិត
៧ អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ
៨ ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្តីទុក្ខព្រួយ និងសេចក្តីស្ញែងខ្លាចលោមកលើគេភ្លាម
៩ ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ពាក្យត្អូញត្អែររបស់លោកយេរេមា
១០ ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា
១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្តីល្អទៅមុខ ពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។
១២ តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើងហើយនឹងលង្ហិនបានឬទេ
១៣ ឯធនធាន និងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង
១៤ អញនឹងឲ្យឯងឆ្លងទៅជាមួយនឹងពួកខ្មាំងសត្រូវឯង ដល់ស្រុក១ដែលឯងមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្តីកំហឹងរបស់អញ ភ្លើងនោះនឹងឆេះដល់ឯងរាល់គ្នា។
១៥ ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្តីដំនៀល ដោយយល់ដល់ទ្រង់
១៦ ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់
១៧ ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្តីគ្នាន់ក្នាញ់
១៨ ហេតុអ្វីបានជាទូលបង្គំមានសេចក្តីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្តីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។
១៩ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើឯងនឹងវិលមកវិញ នោះអញនឹងនាំឯងទៀត ដើម្បីឲ្យឯងបានឈរនៅមុខអញ ហើយបើឯងនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក នោះឯងនឹងបានដូចជាមាត់អញ គេនឹងវិលមកឯឯងវិញ តែឯងមិនត្រូវត្រឡប់ទៅឯគេទេ
២០ អញនឹងធ្វើឲ្យឯងជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេនឹងច្បាំងនឹងឯង តែមិនអាចនឹងឈ្នះបានទេ ដ្បិតអញនៅជាមួយនឹងឯង ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
២១ អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។