កថាបន្ថែម
៥២
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡិម
(យរ.៣៩.៤-៧, ២ពង្សាវតារក្សត្រ ២៤.១៨-២៥.៧)
១ លុះកាលសេដេគាចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២១ឆ្នាំហើយ ទ្រង់ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានគ្រប់១១ឆ្នាំ ព្រះមាតាទ្រង់នាមជាហាមូថាល ជាបុត្រីយេរេមា ដែលនៅក្រុងលិបណា
២ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាតាមគ្រប់ទាំងការដែលយេហូយ៉ាគីមបានធ្វើ
៣ គឺហេតុនោះបានជាសេចក្តីខ្ញាល់នៃព្រះយេហូវ៉ាកើតឡើង ដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែទ្រង់បានបោះបង់ចោលគេចេញពីចំពោះទ្រង់ទៅ ឯសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
៤ ដល់ឆ្នាំទី៩ក្នុងរាជ្យទ្រង់ គឺនៅថ្ងៃ១០ខែបុស្ស នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ព្រមទាំងពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន ក៏មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម គេតាំងបន្ទាយប្រទល់មុខនឹងទីក្រុងជុំវិញ
៥ យ៉ាងនោះទីក្រុងត្រូវគេឡោមព័ទ្ធ ដរាបដល់ឆ្នាំទី១១ក្នុងរាជ្យស្តេចសេដេគា
៦ លុះដល់ថ្ងៃ៩ខែអាសាធ នោះនៅក្នុងទីក្រុងមានអំណត់ជាខ្លាំងណាស់ ដល់ម៉្លេះបានជាគ្មានអាហារសំរាប់បណ្តាជនសោះ
៧ នៅគ្រានោះ គេទំលាយកំផែងទីក្រុងបាន រួចពួកទាហានទាំងអស់ក៏រត់ចេញពីទីក្រុងទាំងយប់ ទៅតាមផ្លូវទ្វារកណ្តាលកំផែងទាំង២ ដែលនៅជិតច្បារស្តេច ហើយគេរត់ដំរង់ទៅឯស្រុកវាល (ចំណែកពួកខាល់ដេគេនៅឡោមព័ទ្ធទីក្រុង)
៨ ប៉ុន្តែពលទ័ពសាសន៍ខាល់ដេ គេដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ ហើយបណ្តាទ័ពរបស់ទ្រង់ត្រូវខ្ចាត់ខ្ចាយពីទ្រង់អស់ទៅ
៩ គេចាប់ស្តេចនាំទៅឯស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសដល់ទ្រង់
១០ ហើយសំឡាប់ពួកបុត្រានៃសេដេគា នៅចំពោះព្រះនេត្រទ្រង់ ក៏សំឡាប់អស់ទាំងចៅហ្វាយរបស់ស្រុកយូដា នៅត្រង់រីបឡាដែរ
១១ ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចមក ស្តេចបាប៊ីឡូនដាក់ច្រវាក់លង្ហិន នាំយកទៅដល់ក្រុងបាប៊ីឡូនឃុំទុកនៅក្នុងគុក ដរាបដល់ថ្ងៃសុគត។
១២ រីឯនៅថ្ងៃ១០ខែស្រាពណ៍ ក្នុងឆ្នាំទី១៩នៃរាជ្យនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ដែលឈរនៅចំពោះស្តេចបាប៊ីឡូន លោកចូលមកក្នុងក្រុងយេរូសាឡិម
១៣ ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងដំណាក់ស្តេច ព្រមទាំងបណ្តាផ្ទះនៅក្រុងយេរូសាឡិមផង គឺលោកដុតអស់ទាំងផ្ទះធំៗចោល
១៤ ឯពួកទ័ពសាសន៍ខាល់ដេទាំងប៉ុន្មាន ដែលនៅជាមួយនឹងមេទ័ពធំ គេក៏មករំលំកំផែងនៃទីក្រុងយេរូសាឡិមគ្រប់ជុំវិញ
១៥ រួចនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំពួកក្រីក្របំផុតក្នុងបណ្តាជន និងសំណល់មនុស្សដែលនៅក្នុងទីក្រុង ព្រមទាំងពួកអ្នកដែលបានរវាតចូលទៅខាងស្តេចបាប៊ីឡូន និងសំណល់នៃមនុស្សទៅជាឈ្លើយ
១៦ តែនេប៊ូសារ៉ាដានជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រខ្លះនៃស្រុកនោះ ឲ្យថែចំការទំពាំងបាយជូរ ហើយភ្ជួររាស់ដី។
១៧ ឯសសរលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងជើងថ្កល់ ហើយសមុទ្រលង្ហិនដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេបំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅឯស្រុកបាប៊ីឡូនទៅ
១៨ ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសំរាប់គោរព នោះគេក៏យកទៅដែរ
១៩ ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់
២០ ឯសសរទាំង២ សមុទ្រ១ និងគោលង្ហិនទាំង១២ទ្រពីក្រោម ដែលស្តេចសាឡូម៉ូនបានធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះនឹងថ្លឹងលង្ហិននៃរបស់ទាំងនោះមិនបានឡើយ
២១ ត្រង់ឯសសរនោះមួយៗ មានកំពស់១៨ហត្ថ ហើយវាស់ជុំវិញត្រូវជា១២ហត្ថ មានកំរាស់៤ធ្នាប់ មានប្រហោងក្នុង
២២ ក៏មានក្បាច់ក្បាលសសរលង្ហិននៅពីលើក្បាលសសរមួយៗកំពស់៥ហត្ថ មានក្បាច់ក្រឡាអួន និងផ្លែទទឹម សុទ្ធតែធ្វើពីលង្ហិននៅជាប់ជុំវិញផង ហើយសសរទី២ក៏មានក្បាច់ក្រឡាអួន និងផ្លែទទឹមដូចគ្នាដែរ
២៣ មានផ្លែទទឹម៩៦នៅគ្រប់ជុំវិញ ហើយនឹងផ្លែទទឹមទាំងអស់ ដែលនៅជាប់នឹងក្បាច់ក្រឡាអួននោះមានចំនួន១០០។
២៤ មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ និងសេផានា ជាសង្ឃទី២ ហើយពួកឆ្មាំទ្វារទាំង៣នាក់
២៥ ក៏យកមេម្នាក់ ដែលបានត្រួតលើពលទ័ព ពីក្នុងទីក្រុង និងមនុស្ស៧នាក់ ដែលធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងទីក្រុង ហើយស្មៀនរបស់មេទ័ពធំ ដែលកេណ្ឌពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមាននៅក្នុងទីក្រុងផង
២៦ នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំអ្នកទាំងនោះ ទៅឯស្តេចបាប៊ីឡូនត្រង់រីបឡា
២៧ ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ គឺយ៉ាងនោះដែលពួកយូដាត្រូវដឹកនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
២៨ នេះជាពួកបណ្តាជន ដែលនេប៊ូក្នេសាបានដឹកនាំទៅជាឈ្លើយ នៅឆ្នាំទី៧ គឺមានពួកយូដា អស់ចំនួន៣០២៣នាក់
២៩ នៅឆ្នាំទី១៨នៃនេប៊ូក្នេសា នោះទ្រង់នាំយកមនុស្សចំនួន៨៣២នាក់ ចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយ
៣០ រួចនៅឆ្នាំទី២៣នៃនេប៊ូក្នេសា នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ក៏នាំយកពួកសាសន៍យូដាចំនួន៧៤៥នាក់ទៅជាឈ្លើយទៀត បូករួមមនុស្សទាំងអស់មានចំនួន៤៦០០នាក់។
៣១ លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក
៣២ ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន
៣៣ ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់
៣៤ ឯចំណែកសំរាប់ចិញ្ចឹមទ្រង់ នោះមាន១ចំណែកចេញពីស្តេចបាប៊ីឡូនទៅរាល់ៗថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់។:៚