៦
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡិម
១ ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសំគាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្តីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង
២ ឯកូនស្រីស៊ីយ៉ូនដ៏ល្អហើយរុងរឿង នោះអញនឹងបំផ្លាញបង់
៣ ពួកអ្នកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅឯក្រុងនោះ គេនឹងដំឡើងត្រសាល នៅផ្ទល់មុខជុំវិញ គេនឹងឃ្វាលហ្វូងចៀមរបស់គេ តាមកន្លែងទីទៃពីគ្នា
៤ ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំឡើង យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ
៥ ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
៦ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានព្រះបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន
៧ អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត នឹងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខអញជានិច្ច
៨ ឱក្រុងយេរូសាឡិមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
៩ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
១០ តើនឹងឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែកទេ គេស្តាប់មិនបាន មើលព្រះបន្ទូលនៃព្រះយេហូវ៉ា ត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ
១១ ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំឡោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្តី និងប្រពន្ធ ទាំងមនុស្សចាស់ជរា និងមនុស្សមានវ័យកន្លងផង
១២ ផ្ទះគេនឹងទៅជារបស់ផងមនុស្សដទៃ ព្រមទាំងស្រែចំការ និងប្រពន្ធរបស់គេដែរ ដ្បិតអញនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
១៣ ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្តីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ
១៤ គេបានមើលរបួសរបស់រាស្ត្រអញ ឲ្យសះតែបន្តិចបន្តួចទេ ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ ក្នុងកាលដែលឥតមានសេចក្តីសុខឡើយ
១៥ កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម នោះតើគេមានសេចក្តីខ្មាសឬទេ ទេ គេមិនបានខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ដូច្នេះ គេនឹងដួលទៅជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត។
១៦ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង តែគេប្រកែកថា យើងរាល់គ្នាមិនព្រមដើរតាមទេ
១៧ អញក៏បានដាក់ពួកចាំយាមឲ្យត្រួតលើឯងរាល់គ្នា ឲ្យប្រាប់ថា ចូរប្រុងស្តាប់សូរត្រែ តែគេប្រកែកថា យើងមិនព្រមស្តាប់ទេ
១៨ ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍អើយ ហើយពួកជំនុំអើយ ចូរដឹងពីសេចក្តីដែលត្រូវកើតដល់គេ
១៩ ម្នាលផែនដីអើយ ចូរស្តាប់ចុះ មើល អញនឹងនាំសេចក្តីអាក្រក់មកលើជនជាតិនេះ គឺជាផលនៃគំនិតរបស់គេ ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់អញទេ ឯចំណែកក្រឹត្យវិន័យរបស់អញ នោះគេបានបោះបង់ចោលហើយ
២០ តើមានប្រយោជន៍អ្វីដែលមានកំញានមកពីស្រុកសេបា ហើយនឹងឫសកន្ធាយពីស្រុកឆ្ងាយ មកឯអញដូច្នេះ អញមិនទទួលដង្វាយដុតរបស់ឯងរាល់គ្នាទេ ហើយយញ្ញបូជារបស់ឯង ក៏មិនគាប់ចិត្តដល់អញដែរ
២១ ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងដាក់ថ្មចំពប់មួយ នៅមុខជនជាតិនេះ ហើយទាំងឪពុក និងកូនផងនឹងចំពប់ចុះលើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្រសំឡាញ់របស់គេផង គេនឹងត្រូវវិនាសបង់ទាំងអស់។
២២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានជនជាតិមកពីស្រុកខាងជើង គឺសាសន៍១យ៉ាងធំ ដែលនៅចុងផែនដី នឹងត្រូវកំរើកឡើង
២៣ គេចាប់កាន់ធ្នូ និងលំពែង ជាសាសន៍សាហាវ ឥតត្រាប្រណី សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ គេសុទ្ធតែជិះសេះដំរៀបជាក្បួនទ័ព ដូចជាមនុស្សដែលចូលទៅច្បាំង ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងឯងហើយ
២៤ យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងកើតមានសេចក្តីបារម្ភព្រួយ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសំរាលកូន
២៥ កុំឲ្យចេញទៅឯចំការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ ដ្បិតដាវរបស់ពួកខ្មាំងសត្រូវនឹងសេចក្តីស្ញែងខ្លាច បាននៅពាសពេញជុំវិញហើយ
២៦ ឱកូនស្រីនៃរាស្ត្រអញអើយ ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ ត្រូវឲ្យកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែ១ ជាទំនួញយ៉ាងជូរចត់បំផុត ពីព្រោះមេបំផ្លាញនឹងស្រាប់តែមកលើយើងរាល់គ្នាភ្លាម។
២៧ អញបានតាំងឯងឡើង ឲ្យបានដូចជាប៉មចាំយាម ហើយជាបន្ទាយនៅកណ្តាលរាស្ត្រអញ ដើម្បីឲ្យឯងបានស្គាល់ ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ
២៨ គេសុទ្ធតែជាពួកបះបោរយ៉ាងខ្លាំង គេដើរទៅមកទាំងបង្កាច់មនុស្សក៏សុទ្ធតែជាលង្ហិន និងដែកផង គេប្រព្រឹត្តសេចក្តីដ៏លាមកអាក្រក់គ្រប់ៗគ្នា
២៩ ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសំរងទៀត នោះជាឥតអំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ
៣០ មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលគេហើយ។