១៨
ទឹក​ដី​របស់​កុលសម្ព័ន្ធ​ប្រាំ​ពីរ​ទៀត
១ នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ ២ តែ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល នៅ​មាន​ពូជ​អំបូរ​៧ ដែល​មិន​ទាន់​ចែក​ចំណែក​មរដក​គ្នា​នៅ​ឡើយ ៣ ដូច្នេះ​យ៉ូស្វេ​ក៏​តឿន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា តើ​ឯង​ធ្វេសប្រហែស និង​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​ប្រទាន​មក​ឯង​រាល់​គ្នា ដល់​កាល​ណា​ទៀត ៤ ចូរ​តម្រូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ ៥ រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង ៦ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សំគាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ​ចំពោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ៧ ឯ​ពួក​លេវី​គេ​គ្មាន​ចំណែក​ណា​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​ការងារ​ជា​សង្ឃ​ផង​ព្រះយេហូវ៉ា នោះ​ជា​មរដក​របស់​គេ​ហើយ ឯ​ពួក​កាឌ់ ពួក​រូបេន និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​បាន​ទទួល​មរដក ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា​បាន​ចែក​ឲ្យ​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ។
៨ ពួក​អ្នក​នោះ​ក៏​រៀបចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សំគាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះយេហូវ៉ា ៩ ដូច្នេះ​អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ ១០ នោះ​យ៉ូស្វេ​ក៏​បោះ​ឆ្នោត ឲ្យ​គ្រប់​គ្នា​ចាប់ នៅ​ត្រង់​ស៊ីឡូរ ចំពោះ​ព្រះយេហូវ៉ា ហើយ​នៅ​ទី​នោះ​យ៉ូស្វេ​ក៏​ចែក​ស្រុក ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល តាម​ពួក​គេ​ដែរ។
ទឹក​ដី​របស់​កុលសម្ព័ន្ធ​បេនយ៉ាមីន
១១ គេ​ចាប់​ឆ្នោត ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេនយ៉ាមីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប ១២ ឯ​ព្រំ​ខាង​ជើង​របស់​ស្រុក​គេ នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ឡើង​ទៅ​ខាង​ជើង​ក្រុង​យេរីខូរ ដំរង់​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ រួច​ចេញ​មក​ត្រង់​ទី​រហោស្ថាន​បេត-អាវេន ១៣ ពី​ទី​នោះ​ក៏​បត់​ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស គឺ​ជា​ក្រុង​បេត-អែល រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ ជិត​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម ១៤ ព្រំ​ខាង​លិច​នោះ​ក៏​ដំរង់​ទៅ​មុខ​ទៀត រួច​បត់​ទៅ​ខាង​ត្បូង ត្រង់​ភ្នំ​ដែល​ប្រទល់​មុខ​នឹង​បេត-ហូរ៉ុន​នោះ ទៅ​ផុត​ត្រឹម​គារយ៉ាត់-បាល គឺ​គារយ៉ាត់-យារីម ដែល​ជា​ទី​ក្រុង​របស់​ពួក​កូន​ចៅ​យូដា នេះ​ហើយ​ជា​ព្រំខណ្ឌ​ខាង​លិច ១៥ ឯ​ខាង​ត្បូង​ព្រំ នោះ​ចេញ​ពី​ក្រុង​គារយ៉ាត់-យារីម ដំរង់​ទៅ​ខាង​លិច ដល់​ក្បាល​ទឹក​ណែបត្វា ១៦ ក៏​ចុះ​ទៅ​ដល់​ចុង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​បេន-ហ៊ីនណំម ដែល​នៅ​ប៉ែក​ខាង​ជើង​នៃ​ច្រក​ភ្នំ​របស់​សាសន៍​រេផែម ហើយ​ចុះ​ទៅ​ដល់​ច្រក​ភ្នំ​ហ៊ីនណំម​នោះ ដែល​នៅ​ខាង​ត្បូង​ក្រុង​យេប៊ូស រហូត​ដល់​អេន-រ៉ូកេល ១៧ រួច​បត់​ទៅ​ខាង​ជើង ដល់​អេន-សេមែស ក៏​ចេញ​ទៅ​ដល់​កេលីឡូត ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​អាឌូមីម រួច​ចុះ​ទៅ​ទៀត ដល់​ថ្មដា​របស់​បូហាន ជា​កូន​រូបេន ១៨ ក៏​ដំរង់​ទៅ​ឯ​ខាង​ជើង បណ្តោយ​តាម​ស្រុក​វាល រួច​ចុះ​ទៅ​ដល់​ស្រុក​វាល​នោះ ១៩ ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូងសមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង ២០ ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំដែន​នៅ​ជុំវិញ។
២១ រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេនយ៉ាមីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុកឡា​១ អេមាក់-កេសីស​១ ២២ បេត-អារ៉ាបា​១ សេម៉ារែម​១ បេត-អែល​១ ២៣ អាវីម​១ ប៉ារ៉ា​១ អូប្រា​១ ២៤ កេផា-អាំម៉ូនី​១ អូបនី​១ និង​កេបា​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ២៥ ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១ ២៦ មីសប៉ា​១ កេភីរ៉ា​១ ម៉ូសា​១ ២៧ រេគេម​១ យារពាល​១ តារ៉ាឡា​១ ២៨ សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូសាឡិម​១ គីបៀរ​១ និង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។