២១
ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​លេវី
១ នោះ​អស់​ទាំង​មេ​លើ​ពួក​វង្សានុវង្ស​នៃ​ពូជ​អំបូរ​លេវី ក៏​ចូល​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សានុវង្ស​ទាំង​ប៉ុន្មាន នៃ​ពូជ​អំបូរ​កូន​ចៅ​អ៊ីស្រាអែល ២ នៅ​ត្រង់​ស៊ីឡូរ ក្នុង​ស្រុក​កាណាន​ជំរាប​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​បង្គាប់ ដោយសារ​លោក​ម៉ូសេ ឲ្យ​ចែក​ទី​ក្រុង​ខ្លះ​ដល់​យើង​ខ្ញុំ ទុក​ជា​ទី​លំនៅ ព្រម​ទាំង​ដី​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន សំរាប់​ហ្វូង​សត្វ​យើង​ខ្ញុំ​ផង ៣ ដូច្នេះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ញែក​ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ពី​ក្នុង​មរដក​របស់​គេ ឲ្យ​ដល់​ពួក​លេវី​តាម​បង្គាប់​ព្រះយេហូវ៉ា។
៤ គេ​ចាប់​ឆ្នោត​ឲ្យ​ពួក​គ្រួ​កេហាត់​ដែរ រីឯ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ដែល​ជា​ពួក​លេវី​នោះ គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣​ក្នុង​ពូជ​អំបូរ​យូដា ស៊ីម្មាន និង​បេនយ៉ាមីន ៥ ឯ​ពួក​កូន​ចៅ​កេហាត់​ដែល​សល់​ទាំង​ប៉ុន្មាន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១០ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អេប្រាអិម ដាន់ និង​ម៉ាន៉ាសេ​១​ចំហៀង ៦ ឯ​ពួក​កូន​ចៅ​គើសុន គេ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១៣ ក្នុង​ពួក​គ្រួ​នៃ​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែបថាលី និង​ម៉ាន៉ាសេ​១​ចំហៀង ដែល​នៅ​ស្រុក​បាសាន ៧ ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​ចាប់​ឆ្នោត​ត្រូវ​ទី​ក្រុង​១២​ក្នុង​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់យូល៉ូន ៨ ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក​ដោយសារ​លោក​ម៉ូសេ។
៩ ក្នុង​ពូជ​អំបូរ​ពួក​កូន​ចៅ​យូដា និង​ស៊ីម្មាន នោះ​គេ​បាន​ឲ្យ​ទី​ក្រុង​ទាំង​នេះ ដូច​ជា​មាន​ឈ្មោះ​នៅ​ក្រោម​នេះ​ស្រាប់ ១០ គឺ​សំរាប់​ពួក​គ្រួ​កេហាត់​ជា​កូន​អើរ៉ុន ក្នុង​ពួក​កូន​ចៅ​លេវី ដ្បិត​គេ​ចាប់​ឆ្នោត​បាន​លេខ​១ ១១ គេ​ឲ្យ​ក្រុង​គារយ៉ាត់-អើបា​ដល់​ពួក​នោះ (ឯ​អើបា នោះ​ជា​ឪពុក​អ័ណាក់) គឺ​ជា​ក្រុង​ហេប្រុន ក្នុង​ស្រុក​ភ្នំ​របស់​យូដា ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង ១២ តែ​ស្រុក​ចំការ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង គេ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​ទុក​ជា​កេរអាករ​វិញ ១៣ ដូច្នេះ​គេ​បាន​ឲ្យ​ក្រុង​ហេប្រុន​នេះ និង​ដី​នៅ​ជុំវិញ ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​លិបណា និង​ដី​នៅ​ជុំវិញ ១៤ យ៉ាទារ និង​ដី​នៅ​ជុំវិញ អែសធេម៉ូរ និង​ដី​នៅ​ជុំវិញ ១៥ ហូឡូន និង​ដី​នៅ​ជុំវិញ ដេបៀរ និង​ដី​នៅ​ជុំវិញ ១៦ អាយីន និង​ដី​នៅ​ជុំវិញ យូថា និង​ដី​នៅ​ជុំវិញ បេត-សេមែស និង​ដី​នៅ​ជុំវិញ គឺ​អស់​ទី​ក្រុង​៩ ក្នុង​ពូជ​អំបូរ​ទាំង​២​នេះ ១៧ ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ក៏​ឲ្យ​ក្រុង​គីបៀន និង​ដី​នៅ​ជុំវិញ គេបា និង​ដី​នៅ​ជុំវិញ ១៨ អាន៉ាថោត និង​ដី​នៅ​ជុំវិញ អាលម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ១៩ ទី​ក្រុង​របស់​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ​ទាំង​អស់​មាន​១៣ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
២០ ឯ​ពួក​គ្រួ​កូន​ចៅ​កេហាត់ ជា​ពួក​លេវី​ដែល​នៅ​សល់ នោះ​បាន​ទី​ក្រុង​ជា​ចំណែក​ខ្លួន ក្នុង​ពូជ​អំបូរ​អេប្រាអិម ២១ គេ​ឲ្យ​ក្រុង​ស៊ីគែម និង​ដី​នៅ​ជុំវិញ ដល់​ពួក​នោះ នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ក្រុង​កេស៊ើរ និង​ដី​នៅ​ជុំវិញ ២២ គីបសែម និង​ដី​នៅ​ជុំវិញ និង​បេត-ហូរ៉ុន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ២៣ ហើយ​ក្នុង​ពូជ​អំបូរ​ដាន់ នោះ​ក៏​ឲ្យ​អែលថ្កេរ និង​ដី​នៅ​ជុំវិញ គីបថោន និង​ដី​នៅ​ជុំវិញ ២៤ អាយ៉ាឡូន និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ២៥ ហើយ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ត្អាណាក និង​ដី​នៅ​ជុំវិញ កាថ-រីម៉ូន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង ២៦ ទី​ក្រុង​របស់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​នៅ ទាំង​អស់​មាន​១០ ព្រម​ទាំង​ដី​ដែល​នៅ​ជុំវិញ​ផង។
២៧ ឯ​ពួក​កូន​ចៅ​គើសុន ក្នុង​ពួក​គ្រួ​លេវី នោះ​គេ​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ដី​នៅ​ជុំវិញ ហើយ​ប្អេសត្រា និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​២​ក្រុង ២៨ ហើយ​ក្នុង​ពូជ​អំបូរ​អ៊ីសាខារ នោះ​ក៏​ឲ្យ​គីសយ៉ូន និង​ដី​នៅ​ជុំវិញ ដាប្រាត និង​ដី​នៅ​ជុំវិញ ២៩ យ៉ារមុត និង​ដី​នៅ​ជុំវិញ អេន-កានីម និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ៣០ ហើយ​ក្នុង​ពូជ​អំបូរ​អេស៊ើរ នោះ​ក៏​ឲ្យ​មីសាល និង​ដី​នៅ​ជុំវិញ អាបដូន និង​ដី​នៅ​ជុំវិញ ៣១ ហេលកាត និង​ដី​នៅ​ជុំវិញ រេហុប និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ៣២ ហើយ​ក្នុង​ពូជ​អំបូរ​ណែបថាលី នោះ​ក៏​ឲ្យ​កេដេស ដែល​នៅ​ក្នុង​ស្រុក​កាលីឡេ និង​ដី​នៅ​ជុំវិញ គឺ​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អស់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ហាម៉ាត-ដោរ និង​ដី​នៅ​ជុំវិញ ការថាន និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៣​ក្រុង ៣៣ ទី​ក្រុង​របស់​ពួក​គើសុន តាម​គ្រួ​គេ ទាំង​អស់​មាន​១៣​ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង។
៣៤ ឯ​ពួក​គ្រួ​កូន​ចៅ​ម្រ៉ារី គឺ​ជា​ពួក​លេវី​ដែល​នៅ​សល់ គេ​បាន​ឲ្យ​ទី​ក្រុង​ខ្លះ ក្នុង​ពូជ​អំបូរ​សាប់យូល៉ូន គឺ​យ៉ុកនាម និង​ដី​នៅ​ជុំវិញ ការថា និង​ដី​នៅ​ជុំវិញ ៣៥ ឌីមណា និង​ដី​នៅ​ជុំវិញ ណាហាឡាល និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ៣៦ ហើយ​ក្នុង​ពូជ​អំបូរ​រូបេន នោះ​ក៏​ឲ្យ​បេស៊ើរ និង​ដី​នៅ​ជុំវិញ យ៉ាហាស និង​ដី​នៅ​ជុំវិញ ៣៧ ក្តេម៉ូត និង​ដី​នៅ​ជុំវិញ មេផ្អាត និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ៣៨ ហើយ​ក្នុង​ពូជ​អំបូរ​កាឌ់ នោះ​ក៏​ឲ្យ​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាត និង​ដី​នៅ​ជុំវិញ ទុក​ជា​ទី​ក្រុង​ពំនាក់ សំរាប់​អ្នក​ណា​ដែល​សំឡាប់​គេ ព្រម​ទាំង​ម៉ាហាណែម និង​ដី​នៅ​ជុំវិញ ៣៩ ហែសបូន និង​ដី​នៅ​ជុំវិញ យ៉ាស៊ើរ និង​ដី​នៅ​ជុំវិញ ទាំង​អស់​មាន​៤​ក្រុង ៤០ ទី​ក្រុង​ទាំង​ប៉ុន្មាន​នេះ ជា​របស់​ផង​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួ​គេ គឺ​ជា​ពួក​គ្រួ​លេវី​ដែល​សល់​នៅ ឯ​ចំណែក​របស់​គេ នោះ​មាន​ទី​ក្រុង​១២។ ៤១ ដូច្នេះ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​លេវី ដែល​នៅ​ក្នុង​កេរអាករ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​មាន​៤៨ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ផង ៤២ ទី​ក្រុង​ទាំង​នោះ​សុទ្ធ​តែ​មាន​ដី​នៅ​ជុំវិញ​គ្រប់ៗ​គ្នា។
៤៣ ដូច្នេះ ឯ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ព្រះយេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ នោះ​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់ ហើយ​គេ​ក៏​បាន​ចាប់​យក ព្រម​ទាំង​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ​ផង ៤៤ រួច​ព្រះយេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្តី​ស្រាកស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ គ្មាន​ពួក​ខ្មាំងសត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះយេហូវ៉ា​បាន​ប្រគល់​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ ៤៥ ឯ​អស់​ទាំង​សេចក្តី​ល្អ​ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រាអែល នោះ​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។