កូន​ចៅ​អ៊ីស្រាអែល​វាយ​ដណ្តើម​យក​ទី​ក្រុង​អៃ
១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ចូរ​ក្រោក​ឡើង នាំ​យក​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់ ទៅ​ជា​មួយ​នឹង​ឯង ឡើង​ទៅ​ឯ​ក្រុង​អៃយ​ចុះ មើល អញ​បាន​ប្រគល់​ស្តេច​ក្រុង​អៃយ ព្រម​ទាំង​ពួក​រាស្ត្រ និង​ទី​ក្រុង ហើយ​នឹង​ស្រុក​របស់​ស្តេច​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ២ ដូច្នេះ​ត្រូវ​ឲ្យ​ធ្វើ​នឹង​ក្រុង​អៃយ ហើយ​នឹង​ស្តេច​ផង ដូច​ជា​បាន​ធ្វើ​នឹង​យេរីខូរ ហើយ​នឹង​ស្តេច​គេ​ដែរ ចូរ​យក​តែ​របស់​ទាំង​ប៉ុន្មាន និង​ហ្វូង​សត្វ ទុក​សំរាប់​ជា​របឹប ដល់​ខ្លួន​ឯង​រាល់​គ្នា​ប៉ុណ្ណោះ​ត្រូវ​ឲ្យ​ឯង​បង្កប់​ទ័ព​នៅ​ខាង​ក្រោយ​ទី​ក្រុង​វិញ។
៣ ដូច្នេះ​យ៉ូស្វេ និង​ពួក​ដែល​ថ្នឹក​ច្បាំង​ទាំង​អស់​គ្នា ក៏​ប្រុងប្រៀប​រៀប​នឹង​ឡើង​ទៅ​ឯ​ក្រុង​អៃយ លោក​រើស​យក​សុទ្ធ​តែ​មនុស្ស​ខ្លាំង​ពូកែ​ស្ទាត់​ជំនាញ បាន​ចំនួន​៣​ម៉ឺន​នាក់ ចាត់​គេ​ទៅ​ទាំង​យប់ ៤ ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុងប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា ៥ ឯ​អញ និង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ យើង​នឹង​ចូល​ទៅ​ជិត​ទី​ក្រុង រួច​កាល​ណា​គេ​ចេញ​មក ត និង​យើង​ដូច​ជា​ជាន់​មុន នោះ​យើង និង​រត់​ពី​មុខ​គេ​ចេញ​ទៀត ៦ ដូច្នេះ គេ​នឹង​ចេញ​មក​ដេញ​តាម​យើង ទាល់​តែ​យើង​បាន​ទាញ​នាំ​គេ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង​ទៅ គេ​នឹង​គិត​ថា យើង​រត់​ពី​មុខ​គេ​ទៅ ដូច​ជាន់​មុន​ទៀត ដោយ​យើង​រត់​ពី​មុខ​គេ​ទៅ​យ៉ាង​នោះ ៧ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ក្រោក​ឡើង ពី​កន្លែង​ដែល​បង្កប់​ខ្លួន​នោះ ចូល​ទៅ​ចាប់​យក​ទី​ក្រុង​ទៅ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង ៨ រួច​កាល​ណា​ឯង​រាល់​គ្នា​យក​បាន​ទី​ក្រុង​ហើយ នោះ​ត្រូវ​ឲ្យ​បង្កាត់​ភ្លើង​ដុត​ឡើង ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ មើល អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ហើយ ៩ យ៉ូស្វេ​ក៏​ចាក់​គេ​ឲ្យ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ តែ​លោក​ស្នាក់​នៅ​កណ្តាល​ពួក​ជន​ក្នុង​យប់​នោះ​វិញ។
១០ លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួតត្រា​មើល​បណ្តា​ទ័ព រួច​លោក និង​ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ ១១ ឯ​ពួក​អ្នក​ថ្នឹក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ និង​លោក ក៏​ឡើង​ចូល​ទៅ​ជិត​ពី​ខាង​មុខ​ទី​ក្រុង ហើយ​បោះ​ទ័ព​នៅ​ជា​ខាង​ជើង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្តាល​គេ ហើយ​នឹង​ទី​ក្រុង ១២ លោក​បាន​រើស​យក​ប្រហែល​ជា​៥​ពាន់​នាក់ ចាត់​ឲ្យ​ទៅ​បង្កប់​ខ្លួន នៅ​កណ្តាល​ទាំង​សង​ខាង​នៃ​បេត-អែល និង​អៃយ ពី​ខាង​លិច​ទី​ក្រុង​នោះ ១៣ ដូច្នេះ​កាល​បាន​ចាត់​ពួក​បណ្តា​ទ័ព​ឲ្យ​ទៅ​ឯ​កន្លែង​គេ​រៀប​ខ្លួន គឺ​ពួក​ពលទ័ព​ដែល​ត្រូវ​នៅ​ខាង​ជើង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ត្រូវ​បង្កប់​ខ្លួន នៅ​ខាង​លិច​រួច​ស្រេច​ហើយ នោះ​យ៉ូស្វេ​ក៏​នៅ​ឯ​កណ្តាល​វាល​ច្រក​ភ្នំ នៅ​វេលា​យប់​នោះ​ឯង។
១៤ កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នោះ នោះ​ពួក​ក្រុង​ទាំង​អស់​គ្នា ក៏​ប្រញាប់ប្រញាល់​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ស្តេច និង​រាស្ត្រ​ទាំង​អស់ ក៏​ចេញ​ទៅ​ឯ​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ត្រង់​វាល​នោះ ឥត​ដឹង​ជា​មាន​ពល​បង្កប់​ទាស់​នឹង​គេ នៅ​ជា​ខាង​ក្រោយ​ទី​ក្រុង​ទេ ១៥ ឯ​យ៉ូស្វេ និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោស្ថាន​ទៅ ១៦ លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង ១៧ គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ និង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រាអែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រាអែល​ទៅ។
១៨ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​យ៉ូស្វេ​ថា ចូរ​លើក​លំពែង​ដែល​កាន់​នៅ​ដៃ ដំរង់​ទៅ​ឯ​ក្រុង​អៃយ​ទៅ ដ្បិត​អញ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ នោះ​យ៉ូស្វេ​ក៏​លើក​លំពែង​ដែល​កាន់​នៅ​ដៃ​ឡើង ដំរង់​ទៅ​ឯ​ទី​ក្រុង​នោះ ១៩ កាល​លោក​លើក​ដៃ​ឡើង នោះ​ពួក​ទ័ព​បង្កប់​ក៏​ស្ទុះ​ចេញ​ពី​កន្លែង​គេ​ជា​ប្រញាប់ រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្លាម ក៏​ចាប់​យក ហើយ​ប្រញាប់ប្រញាល់​នឹង​បង្កាត់​ភ្លើង​ដុត​ឡើង ២០ រួច​កាល​ពួក​ក្រុង​អៃយ បាន​ងាក​បែរ​មើល​ទៅ​ក្រោយ ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ទី​ក្រុង ទៅ​លើ​មេឃ​ដូច្នោះ នោះ​គេ​គ្មាន​កំឡាំង និង​រត់​ទៅ​ឲ្យ​រួច ទោះ​ខាង​នេះ​ឬ​ខាង​នោះ​ឡើយ ឯ​ពួក​អ៊ីស្រាអែល​ដែល​កំពុង​តែ​រត់​ទៅ​ឯ​ទី​រហោស្ថាន គេ​ក៏​វិល​បែរ​មក​ទាស់​នឹង​ពួក​អ្នក​ដែល​ដេញ​តាម​ខ្លួន​វិញ ២១ ហើយ​យ៉ូស្វេ និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា កាល​ឃើញ​ថា​ពួក​ទ័ព​បង្កប់​បាន​យក​ទី​ក្រុង ហើយ​មាន​ផ្សែង​ហុយ​ឡើង​ដូច្នោះ នោះ​ក៏​វិល​ចូល​មក​សំឡាប់​ពួក​ក្រុង​អៃយ​វិញ​ដែរ ២២ ហើយ​ពួក​ដែល​ដុត​ទី​ក្រុង ក៏​ចេញ​មក​ទាស់​នឹង​គេ​ទៀត ដូច្នេះ​គេ​ក៏​នៅ​ជា​កណ្តាល​នៃ​សាសន៍​អ៊ីស្រាអែល ដែល​មាន​ខ្លះ​នៅ​ខាង​ណេះ ខ្លះ​នៅ​ខាង​ណោះ ហើយ​ក៏​ផ្ទប់​វាយ​គេ ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឬ​រត់​រួច​បាន​ឡើយ ២៣ ឯ​ស្តេច​ក្រុង​អៃយ នោះ​គេ​ចាប់​យក​បាន​ទាំង​រស់ នាំ​ទៅ​ជូន​ដល់​យ៉ូស្វេ។
២៤ កាល​ពួក​អ៊ីស្រាអែល​បាន​សំឡាប់​ពួក​ក្រុង​អៃយ​ទាំង​ប៉ុន្មាន នៅ​វាល​ស្រែ និង​នៅ​ទី​រហោស្ថាន ជា​កន្លែង​ដែល​បាន​ដេញ​តាម ហើយ​គេ​បាន​ដួល​ស្លាប់ ដោយ​មុខ​ដាវ​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ត្រឡប់​ចូល​ទៅ​វាយ​ទី​ក្រុង​អៃយ ដោយ​មុខ​ដាវ​ដែរ ២៥ ឯ​ពួក​មនុស្ស ទាំង​ប្រុស​ទាំង​ស្រី ដែល​ដួល​ស្លាប់ នៅ​ថ្ងៃ​នោះ មាន​ចំនួន​ជា​១​ម៉ឺន​២​ពាន់​នាក់ គឺ​ជា​ពួក​ក្រុង​អៃយ​ទាំង​អស់​គ្នា ២៦ ដ្បិត​យ៉ូស្វេ​មិន​បាន​ដក​ដៃ ដែល​លើក​លំពែង​ឡើង​នោះ​មក​វិញ​ឡើយ ទាល់​តែ​បាន​បំផ្លាញ​ពួក​ក្រុង​អៃយ​អស់​រលីង​ទៅ ២៧ ពួក​អ៊ីស្រាអែល​បាន​យក​តែ​ហ្វូង​សត្វ និង​របស់​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ ទុក​ជា​របឹប​សំរាប់​ខ្លួន​ប៉ុណ្ណោះ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​មក​យ៉ូស្វេ ២៨ ដូច្នេះ​យ៉ូស្វេ​បាន​ដុត​ក្រុង​អៃយ ធ្វើ​ឲ្យ​ទៅ​ជា​គំនរ​ដរាប​ត​ទៅ គឺ​ជា​ទី​កន្លែង​ស្ងាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ២៩ ឯ​ស្តេច​នៃ​ក្រុង​អៃយ​នោះ លោក​បាន​ព្យួរ​នឹង​ដើម​ឈើ​ទាល់​តែ​ល្ងាច រួច​ដល់​ថ្ងៃ​លិច លោក​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ក៏​ប្រគរ​គំនរ​ថ្ម​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
យ៉ូស្វេ​ស្អាង​អាសនៈ​នៅ​លើ​ភ្នំ​អេបាល
៣០ នៅ​គ្រា​នោះ យ៉ូស្វេ​លោក​ស្អាង​អាសនា​១ ថ្វាយ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល នៅ​លើ​ភ្នំ​អេបាល ៣១ ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ដែរ គឺ​ជា​អាសនា​ដែល​ធ្វើ​ពី​ដុំ​ថ្ម​ទាំង​មូល ឥត​មាន​អ្នក​ណា​ដាប់​ដោយ​ដែក​ឡើយ រួច​គេ​ក៏​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះយេហូវ៉ា នៅ​លើ​អាសនា​នោះ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង ៣២ នៅ​ទី​នោះ លោក​ចារឹក​ថ្ម​ចំឡង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ដែល​លោក​បាន​កត់​ទុក នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ៣៣ នោះ​ពួក​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ទាំង​ពួក​ចាស់ទុំ និង​ពួក​នា​យក ហើយ​ពួក​ចៅក្រម គេ​ក៏​ឈរ​ទាំង​សង​ខាង​ហិប នៅ​មុខ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា ទោះ​ទាំង​ពួក​អ្នក​ប្រទេស​ក្រៅ និង​ពួក​អ្នក​ស្រុក​ផង ពួក​គេ​១​ចំហៀង​ឈរ​ខាង​ភ្នំ​កេរិស៊ីម ហើយ​១​ចំហៀង​ឈរ​ខាង​ភ្នំ​អេបាល ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា បាន​បង្គាប់​មក​កាល​ពី​មុន ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​ពរ​ដល់​ពួក​អ៊ីស្រាអែល ៣៤ រួច​មក លោក​ក៏​អាន​មើល​អស់​ទាំង​ពាក្យ​នៃ​ក្រឹត្យវិន័យ ទោះ​ទាំង​ព្រះពរ និង​សេចក្តី​បណ្តាសា​ទាំង​ប៉ុន្មាន​ផង តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ៣៥ ក្នុង​គ្រប់​ទាំង​សេចក្តី​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក​យ៉ូស្វេ នោះ​គ្មាន​ពាក្យ​ណា​មួយ​ដែល​យ៉ូស្វេ​មិន​បាន​អាន​មើល នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ពួក​ស្រីៗ ពួក​ក្មេងៗ និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។