១០
រាជវង្ស​របស់​ស្តេច​អ័ហាប់​ត្រូវ​រលត់
១ ឯ​អ័ហាប់​ទ្រង់​មាន​ព្រះរាជបុត្រា​៧០​អង្គ នៅ​ក្រុង​សាម៉ារី ហើយ​យេហ៊ូវ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​ឯ​ពួក​អ្នក​ដែល​ជា​កំពូល នៅ​យេសរាល ក្នុង​ក្រុង​សាម៉ារី គឺ​ជា​ពួក​ចាស់ទុំ និង​ពួក​អ្នក​បីបាច់រក្សា​អស់​ទាំង​បុត្រា​នៃ​អ័ហាប់​ថា ២ ឥឡូវ​នេះ ដែល​អ្នក​រាល់​គ្នា​មាន​បុត្រា​ទាំង​ប៉ុន្មាន នៃ​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​នោះ ក៏​មាន​រទេះ​ចំបាំង និង​សេះ ហើយ​ទាំង​ទី​ក្រុង​ដែល​មាន​កំផែង និង​គ្រឿង​សស្ត្រាវុធ​ផង ដូច្នេះ កាល​ណា​សំបុត្រ​នេះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ ៣ នោះ​ចូរ​រើស​យក​អ្នក​ណា​មួយ​ដែល​ល្អ ហើយ​សំណំ​ជាង​គេ​ក្នុង​ពួក​បុត្រា​នៃ​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា តាំង​ឡើង​ឲ្យ​សោយរាជ្យ​ជំនួស​បិតា​ចុះ រួច​ឲ្យ​តស៊ូ​ការពារ​ដំណាក់​នៃ​ចៅហ្វាយ​អ្នក​រាល់​គ្នា​ទៅ ៤ តែ​អ្នក​ទាំង​នោះ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ក៏​និយាយ​ថា​មើល ស្តេច​២​អង្គ​នោះ​ពុំ​អាច​នឹង​ឈរ នៅ​មុខ​លោក​បាន​ទៅ​ហើយ ចំណង់​បើ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈរ​នៅ​បាន ៥ ដូច្នេះ ឧកញ៉ា​វាំង និង​ចៅហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់ទុំ និង​ពួក​អ្នក​ដែល​បាន​បីបាច់រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្តី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ ៦ រួច​លោក​ក៏​ធ្វើ​សំបុត្រ​ទី​២​ផ្ញើ​ទៅ​គេ​ថា បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្តាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេសរាល រីឯ​ពួក​បុត្រា​នៃ​ស្តេច​ទាំង​៧០​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បីបាច់រក្សា ៧ ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្តេច​ទាំង​៧០​អង្គ​សំឡាប់​ទៅ ដាក់​ព្រះសិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​ឯ​លោក នៅ​ត្រង់​យេសរាល ៨ នោះ​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​លោក​ថា គេ​យក​ព្រះសិរ​នៃ​ពួក​បុត្រា​ស្តេច​មក​ហើយ លោក​បង្គាប់​ថា ចូរ​ដាក់​ជា​២​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ ៩ លុះ​ដល់​ព្រឹក​ឡើង​លោក​ក៏​ចេញ​ទៅ​ឈរ មាន​ប្រសាសន៍​នឹង​បណ្តាជន​ទាំងឡាយ​ថា អ្នក​រាល់​គ្នា​សុចរិត​ទេ មើល គឺ​ខ្ញុំ​ហើយ​ដែល​បាន​បះបោរ​នឹង​ចៅហ្វាយ​របស់​ខ្ញុំ ព្រម​ទាំង​សំឡាប់​ផង តែ​អ្នក​ណា​បាន​សំឡាប់​អ្នក​ទាំង​នេះ ១០ ដូច្នេះ សូម​ឲ្យ​ដឹង​ថា ក្នុង​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​បាន​ទាយ​ទាស់​នឹង​ជំនួរ​វង្ស​អ័ហាប់ នោះ​នឹង​គ្មាន​ណា​១​ធ្លាក់​ដល់​ដី​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​តាម​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ដោយសារ​អេលីយ៉ា ជា​អ្នក​បំរើ​ទ្រង់​ហើយ ១១ ដូច្នេះ យេហ៊ូវ​បាន​ប្រហារ​ជីវិត​នៃ​អស់​អ្នក​ណា​ដែល​សល់​នៅ ក្នុង​ជំនួរ​វង្ស​របស់​អ័ហាប់ នៅ​ត្រង់​យេសរាល ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​មិត្រ​សំឡាញ់​ស្និទ្ធស្នាល ហើយ​ពួក​សង្ឃ​របស់​ទ្រង់​ផង ឥត​ទុក​ឲ្យ​មាន​អ្នក​ណា​មួយ​សល់​នៅ​ខាង​ទ្រង់​ឡើយ។
យេហ៊ូវ​ប្រហារ​ជីវិត​រាជ​វង្ស​របស់​ស្តេច​យូដា
១២ ក្រោយ​មក យេហ៊ូវ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា ១៣ នោះ​ក៏​ប្រទះ​នឹង​ពួក​បង​ប្អូន​របស់​អ័ហាស៊ីយ៉ា ជា​ស្តេច​យូដា ហើយ​លោក​សួរ​ថា អ្នក​រាល់​គ្នា​តើ​ជា​អ្នក​ណា គេ​ឆ្លើយ​តប​ថា​យើង​រាល់​គ្នា​ជា​បង​ប្អូន​នៃ​អ័ហាស៊ីយ៉ា យើង​ចុះ​ទៅ​ជំរាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រាក្សត្រី។
១៤ នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​គេ​ទាំង​រស់​ទៅ ពួក​លោក​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សំឡាប់​ទាំង​៤២​នាក់ នៅ​ត្រង់​អណ្តូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ។
យេហ៊ូវ​ជួប​នឹង​យ៉ូណាដាប
១៥ កាល​យេហ៊ូវ​បាន​ចេញ​ពី​ទី​នោះ​ទៅ នោះ​ក៏​ប្រទះ​នឹង​យ៉ូណាដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ លោក​ក៏​គំនាប់​គាត់​សួរ​ថា តើ​ចិត្ត​អ្នក​ស្មោះត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះត្រង់​ចំពោះ​អ្នក​ឬ​ទេ យ៉ូណាដាប​ឆ្លើយ​តប​ថា​ស្មោះត្រង់​ពិត លោក​ក៏​ថា បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក អ្នក​នោះ​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា ១៦ រួច​លោក​ប្រាប់​ថា សូម​អ្នក​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​មើល​សេចក្តី​ឧស្សាហ៍​របស់​ខ្ញុំ​ចំពោះ​ព្រះយេហូវ៉ា ដូច្នេះ គេ​ក៏​ឲ្យ​គាត់​ឡើង​ជិះ​ក្នុង​រថ​របស់​យេហ៊ូវ ១៧ កាល​បាន​ដល់​ក្រុង​សាម៉ារី​ហើយ នោះ​លោក​ក៏​វាយ​សំឡាប់​អស់​អ្នក ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​នៃ​ទ្រង់​អស់​រលីង​ទៅ តាម​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​នឹង​អេលីយ៉ា។
យេហ៊ូវ​លុប​បំបាត់​ការ​ថ្វាយ​បង្គំ​ព្រះបាល
១៨ នៅ​គ្រា​នោះ យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្តាជន​ទាំង​អស់​មក​ប្រាប់​ថា អ័ហាប់​បាន​គោរព​ដល់​ព្រះបាល​តែ​បន្តិច​ទេ តែ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន​វិញ ១៩ ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះបាល​ទាំង​អស់ មក​ឯ​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ទ្រង់ និង​អស់​ពួក​សង្ឃ​របស់​ទ្រង់​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញបូជា​យ៉ាង​ធំ​ដល់​ព្រះបាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់ តែ​យេហ៊ូវ​លោក​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក ដែល​ថ្វាយ​បង្គំ​ដល់​ព្រះបាល​ទាំង​អស់​ចេញ ២០ យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​១ ទុក​ជា​ថ្ងៃ​បុណ្យ​មុតមាំ​ថ្វាយ​ព្រះបាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ ២១ យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះបាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះបាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង ២២ នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ​បង្គំ​ថា ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះបាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា ២៣ រួច​យេហ៊ូវ និង​យ៉ូណាដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះបាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ថា ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា នៅ​ជា​មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ​បង្គំ​ព្រះបាល​ប៉ុណ្ណោះ ២៤ កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី និង​ថ្វាយ​យញ្ញបូជា និង​ដង្វាយ​ដុត នោះ​លោក​បាន​តម្រូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។
២៥ កាល​លោក​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ហើយ នោះ​ក៏​បង្គាប់​ដល់​ពួក​ចាំ​យាម និង​ពួក​មេទ័ព​ថា ចូរ​ឲ្យ​ចូល​ទៅ​សំឡាប់​គេ​ចុះ កុំ​ឲ្យ​អ្នក​ណា​មួយ​ចេញ​រួច​ឡើយ ដូច្នេះ គេ​ក៏​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​ដោយ​មុខ​ដាវ ឯ​ពួក​ចាំ​យាម និង​ពួក​មេទ័ព ក៏​បោះ​ខ្មោច​ចេញ​ទៅ​ក្រៅ រួច​គេ​ទៅ​ក្នុង​ទី​ក្រុង​នៃ​វិហារ​ព្រះបាល​នោះ ២៦ ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះបាល​មក​ដុត​ចោល ២៧ ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះបាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​លាមក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
ស្តេច​យេហ៊ូវ​សោយរាជ្យ​នៅ​ស្រុក​អ៊ីស្រាអែល
២៨ គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះបាល ពី​ពួក​អ៊ីស្រាអែល​ចេញ។
២៩ ប៉ុន្តែ ត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូបោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ ៣០ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្តី​ដែល​ត្រឹមត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​៤​ដំណ ៣១ តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន នឹង​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូបោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល ធ្វើ​បាប​តាម​នោះ​ទេ។
៣២ នៅ​គ្រា​នោះ ព្រះយេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រាអែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រាអែល នៅ​អស់​ទាំង​ព្រំដែន​ស្រុក​របស់​គេ ៣៣ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាឌ់ ពួក​រូបេន និង​ពួក​ម៉ាន៉ាសេ ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល ៣៤ រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហ៊ូវ និង​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ ហើយ​ពី​អំណាច​របស់​លោក​ទាំង​អស់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ ៣៥ យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​លោក​ទៅ ហើយ​គេ​បញ្ចុះ​លោក​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអាហាស ជា​បុត្រា ក៏​សោយរាជ្យ​ឡើង​ជំនួស​លោក ៣៦ យេហ៊ូវ​បាន​សោយរាជ្យ​លើ​ស្រុក​អ៊ីស្រាអែល នៅ​ក្នុង​ក្រុង​សាម៉ារី​អស់​២៨​ឆ្នាំ។