១៩
ស្តេច​ហេសេគា​សួរ​យោបល់​អេសាយ
១ លុះ​កាល​ស្តេច​ហេសេគា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះពស្ត្រ ហើយ​ស្លៀកពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ២ រួច​ទ្រង់​ចាត់​អេលាគីម ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀកពាក់​សំពត់​ធ្មៃ ទៅ​ឯ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ៣ គេ​ក៏​ជំរាប​ដល់​លោក​ថា ហេសេគា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្តី​វេទនា សេចក្តី​ផ្ចាញ់ផ្ចាល និង​សេចក្តី​ដំនៀល​ប្រៀប​ដូច​ជា​កូន​គ្រប់​ខែ​ហើយ តែ​គ្មាន​កំឡាំង​នឹង​សំរាល​មក​សោះ ៤ ប្រហែល​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសាកេ​នេះ ដែល​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ ៥ នោះ​ពួក​ជំនិត​ស្តេច​ហេសេគា​ក៏​មក​ឯ​អេសាយ ៦ ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅហ្វាយ​របស់​អ្នក​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាសស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ ៧ មើល អញ​នឹង​បណ្តាល​គំនិត​វា​ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ស្រុក​វា​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។
ការ​គំរាមកំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្តេច​សានហេរីប
៨ ឯ​រ៉ាបសាកេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាសស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ ៩ រួច​កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារហាកា ជា​ស្តេច​ស្រុក​អេធីយ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ នោះ​ទ្រង់​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ហេសេគា ដោយ​ពាក្យ​ថា ១០ ចូរ​ឯង​រាល់​គ្នា​ប្រាប់​ដល់​ហេសេគា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ផង​ឯង ដែល​ឯង​ទុក​ចិត្ត​នោះ បញ្ឆោត​ឯង​ដោយ​ថា ក្រុង​យេរូសាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាសស៊ើរ​នោះ​ឡើយ ១១ មើល ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ ១២ ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ពួក​ឰយុកោ​អញ​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន​ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន ដែល​នៅ​ក្នុង​ស្រុក​ធេឡាសើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ ១៣ តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​នៃ​ក្រុង​សេផាវែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា។
ពាក្យ​ទូល​អង្វរ​របស់​ស្តេច​ហេសេគា
១៤ ហេសេគា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះអង្គ ១៥ ហើយ​ទ្រង់​អធិស្ឋាន នៅ​ចំពោះ​ព្រះយេហូវ៉ា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​គង់​ពី​លើ​ចេរូប៊ីន​អើយ គឺ​ទ្រង់​តែ​១​ព្រះអង្គ​ទ្រង់ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ១៦ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះកាណ៌​ស្តាប់ ឱ​ព្រះយេហូវ៉ា​អើយ សូម​បើក​ព្រះនេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សានហេរីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ទ្រង់ ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ចុះ ១៧ ឱ​ព្រះយេហូវ៉ា​អើយ ស្តេច​អាសស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន ១៨ ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក ពី​ឈើ ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន ១៩ ដូច្នេះ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី បាន​ដឹង​ថា គឺ​ទ្រង់ ជា​ព្រះយេហូវ៉ា ដែល​ជា​ព្រះ​តែ​១​ព្រះអង្គ​ទេ។
អេសាយ​នាំ​ព្រះបន្ទូល​មក​ថ្លែង​ប្រាប់​ស្តេច
២០ គ្រា​នោះ អេសាយ ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​ហេសេគា​ទូល​ថា ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ សេចក្តី​ដែល​ឯង​បាន​អធិស្ឋាន​ដល់​អញ ពី​ដំណើរ​សានហេរីប ជា​ស្តេច​អាសស៊ើរ នោះ​អញ​បាន​យល់​ព្រម​ហើយ ២១ នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើលងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង ២២ តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា​ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ ២៣ ឯង​ប្រកួត​នឹង​ព្រះអម្ចាស់​ដោយ​ពួក​អ្នក​ដែល​ចាត់​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយសារ​រទេះ​ចំបាំង​អញ ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះដាល​ដូច​ជា​ព្រៃ ២៤ អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក​នៅ​ស្រុក​ដទៃ ហើយ​អញ​នឹង​ធ្វើ ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​អញ។
២៥ តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច និង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់ចែង​តាំង​ពី​ចាស់​បុរាណ​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង ឲ្យ​ទៅ​ជា​គំនរ​បំណែក ២៦ ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កំឡាំង គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ​គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី ហើយ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ និង​ស្រូវ​ដែល​ស្វិត​ក្រៀម មុន​ដែល​ដុះ​ពេញ​កំឡាំង ២៧ អញ​ដឹង​កន្លែង​ដែល​ឯង​អង្គុយ និង​វេលា​ណា​ដែល​ឯង​ចេញ​ចូល ក៏​ស្គាល់​សេចក្តី​ដែល​ឯង​ខឹង​ក្តៅ​នឹង​អញ​ដែរ ២៨ ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្តី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង និង​ដែក​បង្ខាំង​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង ឲ្យ​វិល​ទៅ​តាម​ផ្លូវ ដែល​ឯង​បាន​មក​នោះ​វិញ។
២៩ ការ​នេះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​ឯង​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​២ នោះ​នឹង​បរិភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​៣​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សាបព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចំការ​ទំពាំងបាយជូរ រួច​បរិភោគ​ពី​ផល​ទាំង​នោះ​ទៅ ៣០ ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា ដែល​រួច​ជីវិត គេ និង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ ៣១ ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្តី​ឧស្សាហ៍​របស់​ព្រះយេហូវ៉ា នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ ៣២ ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ស្តេច​អាសស៊ើរ​ដូច្នេះ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ ៣៣ គឺ​គេ​នឹង​វិល​ទៅ​វិញ​តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ៣៤ ដ្បិត​អញ​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង។
សាសន៍​អាសស៊ើរ​ដក​ទ័ព​ថយ ស្តេច​សានហេរីប​សោយ​ទិវង្គត
៣៥ ដូច្នេះ នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះយេហូវ៉ា​ក៏​ចេញ​ទៅ ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាសស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់ ៣៦ ហេតុ​នោះ​សានហេរីប ជា​ស្តេច​អាសស៊ើរ ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ ៣៧ រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ​បង្គំ នៅ​ក្នុង​វិហារ​របស់​ព្រះនីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ាម៉ាលេក និង​សារេស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះរាជបុត្រា​ក៏​ឡើង​សោយរាជ្យ​ជំនួស​បិតា។