២
ព្រះអម្ចាស់លើកហោរាអេលីយ៉ាទៅស្ថានសួគ៌
១ ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា និងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា
២ ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល
៣ រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងបេត-អែល គេចេញមកសួរអេលីសេថា តើលោកជ្រាបថានៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោក ពីមុខលោកចេញឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
៤ អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូរ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូរ
៥ រីឯពួកសិស្សរបស់ពួកហោរា ដែលនៅក្រុងយេរីខូរ គេមកសួរអេលីសេថា តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូលោកពីមុខលោកទៅឬទេ គាត់ឆ្លើយថា អើ ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀមទៅ
៦ រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ
៧ មានពួកសិស្ស៥០នាក់នៃពួកហោរា ក៏តាមទៅឈរមើលពីចំងាយ តែអ្នកទាំង២ក៏ឈរនៅមាត់ទន្លេយ័រដាន់
៨ ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក
៩ កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង
១០ លោកមានប្រសាសន៍ថា ឯងបានសូមសេចក្តីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ
១១ រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
១២ អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក
១៣ ក៏រើសយកក្រមារបស់អេលីយ៉ា ដែលជ្រុះចុះមក វិលត្រឡប់ទៅវិញ ឈរនៅមាត់ទន្លេយ័រដាន់
១៤ ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
១៥ លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក
១៦ គេជំរាបលោកថា មើល មានមនុស្សខ្លាំងពូកែ៥០នាក់ នៅជាមួយនឹងយើងខ្ញុំប្របាទនេះ ដូច្នេះ សូមឲ្យគេទៅរកគ្រូរបស់លោកចុះ ក្រែងព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានលើកលោកឡើង ទៅបោះចោលលើភ្នំណា ឬក្នុងច្រកណា១ តែលោកប្រកែកថា កុំឲ្យប្រើគេទៅឡើយ
១៧ តែដោយគេចេះតែទទូចសូម ទាល់តែលោកបានខ្មាស បានជាលោកបណ្តោយទៅថា ចូរឲ្យគេទៅចុះ ដូច្នេះ គេក៏ប្រើ៥០នាក់នោះឲ្យទៅ ហើយគេរកលោកអស់៣ថ្ងៃឥតឃើញសោះ
១៨ រួចគេវិលត្រឡប់មកឯអេលីសេវិញ ដែលលោករង់ចាំនៅក្រុងយេរីខូរ ហើយលោកមានប្រសាសន៍ថា តើខ្ញុំមិនបានប្រាប់ថា កុំឲ្យទៅឡើយទេឬអី។
ហោរាអេលីសេធ្វើឲ្យប្រភពទឹកនៅក្រុងយេរីខូរល្អឡើងវិញ
១៩ រួចមក ពួកមនុស្សនៅទីក្រុងនោះ ក៏និយាយនឹងអេលីសេថា សូមទានលោកមើល កន្លែងសង់ទីក្រុងនេះសប្បាយ ដូចជាលោកម្ចាស់ឃើញហើយ ប៉ុន្តែទឹកមិនល្អទេ ហើយដីក៏មិនកើតផលផង
២០ ដូច្នេះ លោកប្រាប់ថា ចូរយកក្អមថ្មី១មកឲ្យខ្ញុំ ហើយដាក់អំបិលផង គេក៏យកមក
២១ រួចលោកចេញទៅចាក់អំបិលនោះ ទៅក្នុងរន្ធទឹកដោយពាក្យថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញបានកែទឹកនេះ ឲ្យបានល្អឡើងវិញហើយ ពីនេះទៅមុខនឹងគ្មានអ្វីស្លាប់ឬឥតផល ដោយព្រោះទឹកនេះទៀតឡើយ
២២ ដូច្នេះ ទឹកនោះក៏បានប្រែជាល្អ ដរាបដល់សព្វថ្ងៃនេះ ដូចជាពាក្យដែលអេលីសេបានពោល។
ព្រះអម្ចាស់ដាក់ទោសដល់ក្មេងៗដែលប្រមាថហោរាអេលីសេ
២៣ លោកក៏ចេញពីទីនោះឡើងទៅឯក្រុងបេត-អែល កាលលោកកំពុងតែឡើងតាមផ្លូវទៅ នោះមានពួកក្មេងជំទង់ប្រុសៗ ចេញពីទីក្រុងមក ពោលមើលងាយដល់លោកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះ
២៤ លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្តាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ាស្រាប់តែមានខ្លាឃ្មុំញី២ ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់៤២នាក់ទៅ
២៥ លោកក៏ចេញពីទីនោះ ទៅឯភ្នំកើមែល ហើយពីនោះ លោកវិលត្រឡប់ទៅឯក្រុងសាម៉ារីវិញ។