២៣
ការ​កែ​ទំរង់​នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស
១ ស្តេច​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់ទុំ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម​មក​ប្រជុំ​គ្នា ២ រួច​ស្តេច​ទ្រង់​យាង​ឡើង ទៅ​ឯ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​ប៉ុន្មាន និង​ពួក​សង្ឃ ពួក​ហោរា ហើយ​នឹង​អស់​ទាំង​បណ្តាជន ទាំង​តូច​ទាំង​ធំ​ផង នោះ​ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះបន្ទូល នៅ​ក្នុង​គម្ពីរ​ជា​សេចក្តី​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ឲ្យ​គេ​ស្តាប់ ៣ ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះយេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះយេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តាជន​ទាំងឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។
៤ ស្តេច​ទ្រង់​បង្គាប់​ដល់​ហ៊ីលគីយ៉ា ជា​សំដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​អស់​ទាំង​ប្រដាប់ប្រដា ដែល​បាន​ធ្វើ​សំរាប់​ព្រះបាល និង​សំរាប់​រូប​ព្រះ ហើយ​សំរាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ទៅ រួច​ទ្រង់​ដុត​ចោល​ទាំង​អស់ នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផែះ​ទៅ​ឯ​ក្រុង​បេត-អែល ៥ ទ្រង់​បំបាត់​ពួក​សង្ឃ​នៃ​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំវិញ​ក្រុង​យេរូសាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​ផង ៦ ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូសាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កំទេច​ជា​ផង់​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ៧ ទ្រង់​បាន​បំផ្លាញ​អស់​ទាំង​ផ្ទះ​របស់​ពួក​កូន​ជឹង ដែល​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា​ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សំរាប់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចេញ ៨ រួច​ទ្រង់​នាំ​ពួក​សង្ឃ​ចេញ ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​បៀរ-សេបា ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោងទ្វារ​របស់​យ៉ូស្វេ ជា​ចៅហ្វាយ​ក្រុង ៩ ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាសនា​ព្រះយេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ ១០ ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​ដំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះម៉ូឡុក​ទៀត​ឡើយ ១១ ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះអាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​ដំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះអាទិត្យ​ចោល ១២ ឯ​អាសនា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាសនា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ ១៣ ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូសាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោច ដែល​សាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រាអែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះអាសថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះកេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដង្វាយ​ដល់​ព្រះមីលកូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ ១៤ ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សំរាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។
១៥ ឯ​អាសនា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូបោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាសនា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កំទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង ១៦ កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាសនា ធ្វើ​បង្អាប់​ដល់​អាសនា​នោះ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ ១៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​ម៉ុង​អី ដែល​អញ​ឃើញ​ឯ​ណោះ ពួក​អ្នក​ក្រុង​នោះ​គេ​ទូល​ឆ្លើយ​ថា នោះ​គឺ​ជា​ម៉ុង​នៃ​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ទាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សំរេច​ដល់​អាសនា​បេត-អែល​នេះ ១៨ ទ្រង់​មាន​ព្រះបន្ទូល​ថា ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់​នៅ ព្រម​ទាំង​ឆ្អឹង​នៃ​ហោរា ដែល​មក​ពី​សាម៉ារី​នោះ​ដែរ ១៩ ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះយេហូវ៉ា​មាន​សេចក្តី​ក្រោធ នោះ​ស្តេច​យ៉ូសៀស ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ ២០ ទ្រង់​សំឡាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះ​នៅ​លើ​អាសនា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច នៅ​លើ​អាសនា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ។
សាសន៍​យូដា​ប្រារព្ធ​ពិធី​បុណ្យ​រំលង*
២១ ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តាជន​ទាំងឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ ២២ ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅហ្វាយ ជា​អ្នក​ដែល​គ្រប់គ្រង​លើ​ពួក​អ៊ីស្រាអែល​រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រាអែល និង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង ២៣ គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស​ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះយេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូសាឡិម។
តំណាក់​ចុង​ក្រោយ​នៃ​រាជ្យ​ស្តេច​យ៉ូសៀស
២៤ មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យវិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីលគីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ២៥ នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះយេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។
២៦ ប៉ុន្តែ​ព្រះយេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្តី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​ចាក់រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ ២៧ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រាអែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះបង់​ចោល​ក្រុង​យេរូសាឡិម​នេះ ដែល​អញ​បាន​រើស និង​ព្រះវិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។
២៨ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ២៩ នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាសស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគីដោ​ទៅ
៣០ ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក​សព​ទ្រង់​ក្នុង​រទេះ​ពី​មេគីដោ ទៅ​ដល់​ក្រុង​យេរូសាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ រួច​ពួក​អ្នក​ស្រុក គេ​លើក​យ៉ូអាហាស ជា​ព្រះរាជបុត្រា​របស់​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង ជា​ស្តេច​ជំនួស​បិតា។
ស្តេច​យ៉ូអាហាស​សោយរាជ្យ​នៅ​ស្រុក​យូដា
៣១ លុះ​កាល​យ៉ូអាហាស​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​៣​ខែ ព្រះមាតា​ព្រះនាម​ជា ហាមូថាល​បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា ៣២ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​ឰយុកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ ៣៣ ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយរាជ្យ នៅ​ក្រុង​យេរូសាឡិម​ទៀត ក៏​តម្រូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប និង​មាស​១​ហាប ៣៤ រួច​ផារ៉ោន-នេកោ ទ្រង់​លើក​អេលាគីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះបិតា ហើយ​ផ្លាស់​ព្រះនាម​ទ្រង់​ទៅ​ជា យេហូយ៉ាគីម វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអាហាស ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអាហាស​សុគត​នៅ​ស្រុក​នោះ ៣៥ ឯ​យេហូយ៉ាគីម ទ្រង់​ថ្វាយ​ប្រាក់ និង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធអាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា​តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។
ស្តេច​យេហូយ៉ាគីម​សោយរាជ្យ​នៅ​ស្រុក​យូដា
៣៦ លុះ​កាល​យេហូយ៉ាគីម​ចាប់​តាំង​សោយរាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម​បាន​១១​ឆ្នាំ ព្រះមាតា​ទ្រង់​ព្រះនាម​ជា​សេប៊ូដា បុត្រី​ពេដាយ៉ា ជា​អ្នក​ស្រុក​រូម៉ា ៣៧ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះនេត្រ​ព្រះយេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​ឰយុកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។