១៩
ព្រះយេស៊ូវ និងលោកសាខេ
១ លុះទ្រង់បានចូលទៅក្នុងក្រុងយេរីខូរ ក៏យាងកាត់ទីក្រុងទៅ
២ នោះឃើញមានបុរសអ្នកមានម្នាក់ឈ្មោះសាខេ ជាមេលើពួកអ្នកយកពន្ធ
៣ គាត់ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា តែមិនឃើញសោះ ដោយព្រោះមានមនុស្សសន្ធឹកណាស់ ហើយគាត់ក៏តូចទាបផង
៤ ដូច្នេះ គាត់រត់ទៅពីខាងមុខ ឡើងលើដើមឧទុម្ពរឲ្យបានឃើញទ្រង់ ព្រោះទ្រង់ត្រូវយាងមកតាមនោះ
៥ កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក
៦ គាត់ក៏ចុះមកជាប្រញាប់ ហើយទទួលទ្រង់ដោយអំណរ
៧ កាលមនុស្សទាំងអស់បានឃើញដូច្នោះ នោះគេរទូរទាំថា លោកបានចូលទៅស្នាក់នៅ ក្នុងផ្ទះរបស់មនុស្សមានបាប
៨ ឯសាខេ ក៏ឈរទូលទ្រង់ថា មើល ព្រះអម្ចាស់អើយ ទូលបង្គំចែកទ្រព្យទូលបង្គំពាក់កណ្តាលឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានហូតពន្ធបំបាត់ចំពោះអ្នកណា នោះទូលបង្គំនឹងសងគេ១ជា៤វិញ
៩ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគាត់ថា ថ្ងៃនេះ សេចក្តីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ពីព្រោះអ្នកនេះជាពូជលោកអ័ប្រាហាំដែរ
១០ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរក ហើយជួយសង្គ្រោះដល់មនុស្សបាត់បង់។
ប្រស្នាអំពីប្រាក់ណែន
(ម៉ាថាយ ២៥.១៤-៣០)
១១ កាលគេកំពុងតែស្តាប់សេចក្តីទាំងនោះនៅឡើយ នោះទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូច១ថែមទៀត ដោយព្រោះជិតដល់ក្រុងយេរូសាឡិមហើយ គេក៏ស្មានថា នគរព្រះរៀបនឹងលេចមកភ្លាម
១២ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា មានបុរសត្រកូលខ្ពស់ម្នាក់ រៀបនឹងចេញទៅឯស្រុកឆ្ងាយ ដើម្បីគ្រងរាជ្យ រួចត្រឡប់មកវិញ
១៣ ក៏ហៅពួកបាវ១០នាក់ មកប្រគល់ប្រាក់១០ណែនដល់គេ ដោយថា ចូរឯងរាល់គ្នាធ្វើជំនួញ ដរាបដល់អញត្រឡប់មកវិញ
១៤ ប៉ុន្តែ ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ
១៥ លុះត្រឡប់មកវិញ ក្រោយដែលបានគ្រងរាជ្យហើយ នោះទ្រង់បង្គាប់ឲ្យហៅពួកបាវទាំងនោះ ដែលទ្រង់បានប្រគល់ប្រាក់ដល់គេឲ្យមក ដើម្បីចង់ដឹង ពីអ្នកនិមួយៗ ដែលជួញបានចំណេញប៉ុន្មានម្នាក់
១៦ អ្នកមុនដំបូងក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ១០ណែនទៀត
១៧ រួចទ្រង់មានព្រះបន្ទូលថា ប្រពៃហើយបាវល្អអើយ ដោយព្រោះឯងមានចិត្តស្មោះចំពោះ ក្នុងការបន្តិចបន្តួចនេះ នោះចូរឯងត្រួតលើទីក្រុង១០ចុះ
១៨ អ្នកទី២ក៏មកទូលថា ព្រះអម្ចាស់អើយ ប្រាក់ណែនរបស់ទ្រង់បានចំណេញ៥ណែនទៀត
១៩ រួចទ្រង់មានព្រះបន្ទូលទៅអ្នកនេះដែរថា ឯឯង ចូរឯងត្រួតលើទីក្រុង៥ចុះ
២០ អ្នក១ទៀតមកទូលថា ព្រះអម្ចាស់អើយ នេះនែប្រាក់ណែនរបស់ទ្រង់ ដែលទូលបង្គំបានវេចទុកក្នុងកន្សែង
២១ ដ្បិតទូលបង្គំនឹកខ្លាចទ្រង់ ព្រោះទ្រង់ជាមនុស្សប្រិតប្រៀប ទ្រង់លើកយករបស់ដែលទ្រង់មិនបានដាក់ ហើយច្រូតចំរូតដែលទ្រង់មិនបានសាបព្រោះ
២២ នោះទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា បាវអាក្រក់អើយ អញនឹងជំនុំជំរះឯង តាមសំដីឯង ចុះបើឯងដឹងថា អញជាមនុស្សប្រិតប្រៀប ទាំងលើកយករបស់ដែលអញមិនបានដាក់ ហើយច្រូតចំរូតដែលអញមិនបានសាបព្រោះ
២៣ ដូច្នេះ តើហេតុអ្វីបានជាឯងមិនបានយកប្រាក់អញនោះ ទៅដាក់នៅឯផ្ទះចងការវិញ ដើម្បីដល់អញត្រឡប់មកវិញ នោះអញនឹងបានទាំងដើមទាំងការផង
២៤ ទ្រង់ក៏មានព្រះបន្ទូលទៅពួកអ្នក ដែលឈរនៅមុខលោកថា ចូរដកយកប្រាក់១ណែនពីវាចេញ ហើយឲ្យដល់អ្នកដែលមាន១០ណែនវិញ
២៥ (អ្នកទាំងនោះទូលទ្រង់ថា ព្រះអម្ចាស់អើយ អ្នកនោះមាន១០ណែនហើយ)
២៦ ដ្បិតអញប្រាប់ឯងរាល់គ្នាថា គេនឹងឲ្យដល់អស់អ្នកណាដែលមាន តែអ្នកណាដែលគ្មាន នោះគេនឹងហូតយកទាំងរបស់ដែលអ្នកនោះមានចេញផង
២៧ មួយទៀត ឯពួកខ្មាំងសត្រូវ ដែលមិនចង់ឲ្យអញសោយរាជ្យលើគេ នោះចូរនាំគេមកសំឡាប់ទាំងអស់ នៅមុខអញនេះវិញ។
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
(មថ.២១.១-១១ មក.១១.១-១១ យហ.១២.១២-១៩)
២៨ លុះទ្រង់មានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ នោះទ្រង់យាងទៅខាងមុខ ឡើងសំដៅទៅឯក្រុងយេរូសាឡិម
២៩ កាលយាងទៅជិតដល់ភូមិបេតផាសេ និងភូមិបេថានី នៅក្បែរភ្នំ ដែលហៅថាភ្នំដើមអូលីវហើយ នោះទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ដោយថា
៣០ ត្រូវចូលទៅក្នុងភូមិនៅខាងមុខនុ៎ះ កាលណាចូលដល់ហើយ នោះនឹងឃើញកូនលា១ គេចងទុក ដែលមិនទាន់មានអ្នកណាជិះនៅឡើយ ចូរស្រាយវាដឹកនាំមក
៣១ បើអ្នកណាសួរអ្នកថា ស្រាយវាធ្វើអី នោះត្រូវឆ្លើយថា ពីព្រោះព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
៣២ ពួកអ្នកដែលទ្រង់បានចាត់នោះ ក៏ទៅឃើញមានដូចជាទ្រង់ប្រាប់
៣៣ កំពុងដែលគេស្រាយកូនលា ម្ចាស់វាក៏សួរថា អ្នកស្រាយវាធ្វើអី
៣៤ គេឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា
៣៥ រួចគេដឹកវាទៅ ថ្វាយព្រះយេស៊ូវ ក៏ក្រាលអាវគេលើខ្នង ហើយថ្វាយទ្រង់គង់
៣៦ កំពុងដែលទ្រង់យាងទៅ គេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ
៣៧ លុះទ្រង់យាងជិតដល់ហើយ គឺត្រង់ផ្លូវចុះពីភ្នំដើមអូលីវមក នោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្តីរីករាយ ក៏ពោលសរសើរដល់ព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះអស់ទាំងការឫទ្ធិបារមី ដែលគេបានឃើញនោះ
៣៨ គឺពោលថា ស្តេចដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ សូមឲ្យបានសេចក្តីក្សេមក្សាន្តនៅស្ថានសួគ៌ និងសិរីល្អនៅស្ថានដ៏ខ្ពស់បំផុត
៣៩ នោះពួកផារិស៊ីខ្លះ ដែលនៅក្នុងបណ្តាមនុស្ស គេទូលទ្រង់ថា លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង
៤០ តែទ្រង់មានព្រះបន្ទូលទៅគេថា ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ។
ព្រះយេស៊ូវសោកសៅស្រណោះក្រុងយេរូសាឡិម
៤១ កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា
៤២ ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី ដែលសំរាប់ឲ្យឯងបានសុខសាន្តទៅអេះ ប៉ុន្តែឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងនឹងភ្នែកឯងហើយ
៤៣ ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកខ្មាំងសត្រូវឯង នឹងធ្វើបន្ទាយនៅជុំវិញឯង ព្រមទាំងឡោមព័ទ្ធ ហើយបិទផ្លូវគ្រប់ទិស
៤៤ គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងឡើយ ពីព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ។
ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ*
(មថ.២១.១២-១៧ មក.១១.១៥-១៩ យហ.២.១៣-២២)
៤៥ កាលទ្រង់យាងចូលដល់ក្នុងព្រះវិហារហើយ នោះទ្រង់ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញ
៤៦ ដោយព្រះបន្ទូលថា មានសេចក្តីចែងទុកមកថា «ដំណាក់អញជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ
៤៧ ទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកអ្នកធំ ក្នុងបណ្តាជន គេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញ
៤៨ តែរកហេតុអ្វីមិនបានសោះ ពីព្រោះបណ្តាជនកំពុងប្រុងស្តាប់ទ្រង់ណាស់។