២២
ការឃុបឃិតចាប់ព្រះយេស៊ូវ
(មថ.២៦.១-៥,១៤-១៦ មក.១៤.១-២,១០-១១ យហ.១១.៤៥-៥៣)
១ រីឯបុណ្យនំបុ័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់
២ ហើយពួកសង្គ្រាជ និងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន
៣ នោះអារក្សសាតាំងវាចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួក១២
៤ រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ
៥ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា
៦ វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស។
ព្រះយេស៊ូវឲ្យគេរៀបចំធ្វើបុណ្យរំលង*
(មថ.២៦.១៧-២៥ មក.១៤.១២-២១ យហ.១៣.២១-៣០)
៧ ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង
៨ នោះទ្រង់ចាត់ពេត្រុស និងយ៉ូហានឲ្យទៅ ដោយព្រះបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ
៩ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា
១០ ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល
១១ ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា
១២ នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ
១៣ គេក៏ទៅឃើញ ដូចជាទ្រង់បានមានព្រះបន្ទូល ហើយគេរៀបចំបុណ្យរំលង។
ពិធីជប់លៀងរបស់ព្រះអម្ចាស់
(ម៉ាថាយ២៦.២៦-៣០ ម៉ាកុស១៤.២២-២៦ ១កូរិនថូស១១.២៣-២៥)
១៤ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវ័ក
១៥ ទ្រង់មានព្រះបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត
១៦ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ
១៧ កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក
១៨ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់
១៩ រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ
២០ ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយព្រះបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា
២១ មួយទៀត មើល ដៃនៃអ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយនឹងខ្ញុំដែរ
២២ កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលសំរេចមក ប៉ុន្តែ វេទនាដល់មនុស្សនោះ ដែលបញ្ជូនខ្ញុំទៅ
២៣ នោះគេចាប់តាំងសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។
អ្នកធំត្រូវបំរើអ្នកតូច
២៤ គេក៏កើតមានសេចក្តីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ
២៥ តែទ្រង់មានព្រះបន្ទូលថា អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្តារាស្ត្រ ហើយបណ្តាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ
២៦ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ ឯអ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ
២៧ ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ
២៨ ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្តីល្បងលខ្ញុំ
២៩ ខ្ញុំក៏តម្រូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានតម្រូវនគរឲ្យខ្ញុំដែរ
៣០ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីលោកពេត្រុសបដិសេធមិនស្គាល់ព្រះអង្គ
(មថ ២៦.៣១-៣៥មក ១៤.២៧-៣១យហ១៣.៣៦-៣៨)
៣១ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ
៣២ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង
៣៣ តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី
៣៤ នោះទ្រង់មានព្រះបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។
៣៥ រួចមក ទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់ថា កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅឥតកាបូប ឥតយាម ហើយឥតស្បែកជើង នោះតើមានខ្វះអ្វីឬទេ គេទូលឆ្លើយថា គ្មានខ្វះអ្វីទេ
៣៦ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ឥឡូវនេះវិញ អ្នកណាដែលមានកាបូប មានយាម នោះត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ក៏ឲ្យអ្នកនោះលក់អាវខ្លួនទៅទិញមួយមក
៣៧ ខ្ញុំប្រាប់អ្នករាល់គ្នាថា សេចក្តីនេះ ដែលបានចែងទុកមកថា «គេបានរាប់ទ្រង់ ជាពួកទទឹងច្បាប់» នោះត្រូវសំរេចលើខ្លួនខ្ញុំ ដ្បិតគ្រប់សេចក្តីដែលតម្រូវមកខ្ញុំ ត្រូវតែបានសំរេចទាំងអស់
៣៨ រួចគេទូលថា ព្រះអម្ចាស់អើយ មើល នេះមានដាវ២ហើយ ទ្រង់ក៏មានព្រះបន្ទូលថា អើ ល្មមហើយ។
ព្រះយេស៊ូវអធិស្ឋាននៅលើភ្នំដើមអូលីវ
(ម៉ាថាយ២៦.៣៦-៤៦ ម៉ាកុស១៤.៣២-៤២)
៣៩ កាលទ្រង់យាងចេញទៅ នោះទ្រង់ទៅឯភ្នំដើមអូលីវ តាមទំលាប់ ហើយពួកសិស្សក៏តាមទៅដែរ
៤០ លុះដល់កន្លែងហើយ ទ្រង់មានព្រះបន្ទូលថា ចូរអធិស្ឋានទៅ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ
៤១ រួចទ្រង់ថយចេញពីគេទៅ ចំងាយទីប្រហែលជាគេចោលថ្ម១ទំហឹងដៃ ក៏លុតព្រះជង្ឃកា្របចុះអធិស្ឋានថា
៤២ ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ
៤៣ នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ
៤៤ ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី
៤៥ រួចទ្រង់ក្រោកពីទីអធិស្ឋាន វិលទៅឯពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត
៤៦ ទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាដេកលក់ដូច្នេះ ចូរក្រោកឡើងអធិស្ឋានចុះ ដើម្បីកុំឲ្យត្រូវសេចក្តីល្បួងឡើយ។
គេចាប់ព្រះយេស៊ូវ
(មថ២៦.៤៧-៥៦ មក១៤.៤៣-៥០ យហ១៨.៣-១១)
៤៧ កំពុងដែលព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលនៅឡើយ នោះឃើញមានមនុស្សទាំងហ្វូងមក ហើយអ្នកដែលមានឈ្មោះយូដាស ជាម្នាក់ក្នុងពួក១២ ក៏នាំមុខគេ វាចូលមកជិត ដើម្បីថើបព្រះយេស៊ូវ
៤៨ តែទ្រង់មានព្រះបន្ទូលទៅវាថា យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើប១ខ្សឺតឬអី
៤៩ កាលពួកអ្នកដែលនៅជុំវិញទ្រង់ ឃើញការដែលហៀបនឹងកើតមកដូច្នេះ នោះក៏ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើត្រូវឲ្យយើងខ្ញុំកាប់នឹងដាវឬអី
៥០ មានម្នាក់ក្នុងពួកគេ ក៏កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់
៥១ ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរឈប់ប៉ុណ្ណឹងចុះ រួចទ្រង់ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ
៥២ នោះព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសង្គ្រាជ ពួកមេទ័ពរក្សាព្រះវិហារ និងពួកចាស់ទុំដែលមកចាប់ទ្រង់ថា តើអ្នករាល់គ្នាចេញមកទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរឬអី
៥៣ កាលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ក្នុងព្រះវិហាររាល់តែថ្ងៃ នោះអ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់ផងអ្នករាល់គ្នាទេ ហើយជាអំណាចនៃសេចក្តីងងឹតផង។
លោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ
(មថ.២៦.៥៧-៥៨,៦៩-៧៥ មក.១៤.៥៣-៥៤,៦៦-៧២ យហ.១៨.១២-១៨,២៥-២៧)
៥៤ គេក៏ចាប់ទ្រង់ដឹកនាំទៅដល់ដំណាក់សំដេចសង្ឃ ឯពេត្រុស គាត់តាមទៅពីចំងាយដែរ
៥៥ កាលគេបានបង្កាត់ភ្លើងនៅកណ្តាលព្រះលាន ហើយអង្គុយជាមួយគ្នា នោះពេត្រុសក៏អង្គុយជាមួយនឹងគេដែរ
៥៦ មានស្រីបំរើម្នាក់ឃើញគាត់អង្គុយនៅជិតភ្លើង ក៏សំឡឹងមើល ហើយនិយាយថា អ្នកនេះបាននៅជាមួយនឹងមនុស្សនោះដែរ
៥៧ តែគាត់ប្រកែកថា នាងអើយ ខ្ញុំមិនស្គាល់មនុស្សនោះទេ
៥៨ ក្រោយបន្តិចមក មានម្នាក់ទៀតឃើញគាត់ ហើយក៏ថា អ្នកឯងជាពួកនោះដែរ តែពេត្រុសឆ្លើយថា អ្នកអើយ ខ្ញុំមិនមែនទេ
៥៩ រួចប្រហែលជា១ម៉ោងក្រោយមកមានម្នាក់ទៀតថា អ្នកនេះប្រាកដជាបាននៅជាមួយនឹងមនុស្សនោះដែរ ដ្បិតជាសាសន៍កាលីឡេដូចគ្នា
៦០ តែពេត្រុសប្រកែកថា អ្នកអើយ ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ នោះស្រាប់តែមាន់រងាវឡើង
៦១ ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ ពីព្រះបន្ទូលនៃព្រះអម្ចាស់ ដែលមានព្រះបន្ទូលនឹងគាត់ថា មុនដែលមាន់រងាវនោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ
៦២ រួចគាត់ចេញទៅក្រៅដោយយំក្តួល។
គេវាយដំជេរប្រមាថព្រះយេស៊ូវ
(ម៉ាថាយ២៦.៦៧-៦៨ ម៉ាកុស១៤.៦៥)
៦៣ ឯពួកមនុស្សដែលរក្សាព្រះយេស៊ូវ គេចំអកឲ្យ ហើយវាយទ្រង់
៦៤ ក៏ខ្ទប់ព្រះនេត្រ ហើយទះកំផ្លៀងទ្រង់ ដោយទូលថា ចូរទាយចុះ តើអ្នកណាបានទះឯង
៦៥ គេក៏ពោលពាក្យប្រមាថទ្រង់ជាច្រើនទៅទៀតដែរ។
ព្រះយេស៊ូវនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ២៦.៥៩-៦៦ ម៉ាកុស១៤.៥៥-៦៤ យ៉ូហាន១៨.១៩-២៤)
៦៦ ដល់ព្រឹកឡើង នោះពួកចាស់ទុំបណ្តាជន ព្រមទាំងពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា ហើយគេនាំទ្រង់មកក្នុងក្រុមជំនុំ សួរថា
៦៧ បើឯងជាព្រះគ្រីស្ទមែន ចូរប្រាប់មកយើងចុះ តែទ្រង់មានព្រះបន្ទូលទៅគេថា បើសិនជាខ្ញុំជំរាបដល់លោករាល់គ្នា នោះលោកក៏មិនព្រមជឿ
៦៨ ហើយបើខ្ញុំសួរលោកវិញ នោះក៏មិនព្រមឆ្លើយមកខ្ញុំ ឬលែងឲ្យខ្ញុំទៅដែរ
៦៩ អំណឹះទៅមុខ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ
៧០ នោះទាំងអស់គ្នានិយាយឡើងថា ដូច្នេះ ឯងជាព្រះរាជបុត្រានៃព្រះឬអី ទ្រង់មានព្រះបន្ទូលឆ្លើយថា លោករាល់គ្នាមានប្រសាសន៍ដូច្នោះ នោះគឺខ្ញុំនេះហើយ
៧១ គេក៏និយាយថា តើចាំបាច់ត្រូវការនឹងទីបន្ទាល់អ្វីទៀត ព្រោះយើងបានឮចេញពីមាត់ខ្លួនវាមកស្រាប់ហើយ។