៣
លោកយ៉ូហាន-បាទីស្ទប្រៀនប្រដៅបណ្តាជន
(ម៉ាថាយ៣.១-១២ ម៉ាកុស១.១-៨ យ៉ូហាន១.១៩-២៨)
១ នៅឆ្នាំទី១៥ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ និងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីនលេ
២ ហើយក្នុងកាលដែលលោកអាណ និងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានព្រះបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន
៣ គាត់ក៏ទៅពេញក្នុងស្រុកជុំវិញទន្លេយ័រដាន់ទាំងអស់ ព្រមទាំងប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប
៤ ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា «ជាសំឡេងមនុស្សម្នាក់ ដែលកំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ
៥ គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ
៦ នៅគ្រប់ទាំងមនុស្សនឹងឃើញសេចក្តីសង្គ្រោះរបស់ព្រះ»។
៧ គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធ ដែលត្រូវមកដូច្នេះ
៨ បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
៩ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ
១០ បណ្តាមនុស្សក៏សួរគាត់ថា តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ
១១ គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ
១២ មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច
១៣ គាត់ឆ្លើយថា កុំឲ្យទារពន្ធហួសកំរិតដែលបានកំណត់មកឡើយ
១៤ ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។
១៥ កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន
១៦ នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ
១៧ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនិងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន
១៨ នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្តីជាច្រើនទៀតដែរ
១៩ ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ
២០ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
(មថ.៣.១៣-១៧ មក.១.៩-១១ យហ.១.៣២-៣៤)
២១ លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង
២២ ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។
បញ្ជីរាយនាមព្រះឰយុកោរបស់ព្រះយេស៊ូវ
(ម៉ាថាយ១.១-១៧)
២៣ ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី
២៤ ហេលីជាកូនម៉ាត់ថាត់ៗ ជាកូនលេវីៗ ជាកូនម៉ិលគីៗ ជាកូនយ៉ាណាយៗ ជាកូនយ៉ូសែប
២៥ យ៉ូសែបជាកូនរបស់ម៉ាតាធាសៗ ជាកូនហាម៉ូសៗ ជាកូនណាអ៊ូមៗ ជាកូនអែសលីៗ ជាកូនណាកៃ
២៦ ណាកៃ ជាកូនម៉ាអាតៗ ជាកូនម៉ាតាធាសៗ ជាកូនសេម៉ីៗ ជាកូនយ៉ូសែបៗ ជាកូនយូដា
២៧ យូដាជាកូនយ៉ូអាណាន់ៗ ជាកូនរេសាៗ ជាកូនសូរ៉ូបាបិលៗ ជាកូនសាលធាលៗ ជាកូននេរី
២៨ នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាម ជាកូនអ៊ើរ
២៩ អ៊ើរជាកូនយ៉ូសេៗ ជាកូនអេលាស៊ើរៗ ជាកូនយ៉ូរិមៗ ជាកូនម៉ាត់ថាត់ៗ ជាកូនលេវី
៣០ លេវីជាកូនស៊ីម្មានៗ ជាកូនយូដាៗ ជាកូនយ៉ូសែបៗ ជាកូនយ៉ូណានៗ ជាកូនអេលាគីម
៣១ អេលាគីមជាកូនមេលាសៗ ជាកូនម៉ៃណានៗ ជាកូនម៉ាតាថាៗ ជាកូនរបស់ណាថាន់ៗ ជាកូនដាវីឌ
៣២ ដាវីឌជាកូនអ៊ីសាយៗ ជាកូនអូបិឌៗ ជាកូនបូអូសៗ ជាកូនសាលម៉ូនៗ ជាកូនរបស់ណាសូន
៣៣ ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា
៣៤ យូដាជាកូនយ៉ាកុបៗ ជាកូនអ៊ីសាកៗ ជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ាៗ ជាកូនណាឃរ
៣៥ ណាឃរជាកូនសេរូកៗ ជាកូនរេហ៊ូវៗ ជាកូនផាលេកៗ ជាកូនហេប៊ើរៗ ជាកូនសេឡា
៣៦ សេឡាជាកូនកៃណានៗ ជាកូនរបស់អើប៉ាក់សាឌៗ ជាកូនសិមៗ ជាកូនណូអេៗ ជាកូនឡាមេក
៣៧ ឡាមេកជាកូនមធូសាឡាៗ ជាកូនហេណុកៗ ជាកូនយ៉ារេឌៗ ជាកូនម៉ាលេលាលៗ ជាកូនរបស់កៃណាន
៣៨ កៃណានជាកូនអេណុសៗ ជាកូនសេតៗ ជាកូនអ័ដាមៗ ជាកូនព្រះ។