២៥
ឆ្នាំឈប់សំរាក
១ ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ
២ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នា ចូលទៅក្នុងស្រុក ដែលអញឲ្យដល់ឯង នោះដីនៅស្រុកនោះត្រូវមានពេលឈប់សំរាកថ្វាយព្រះយេហូវ៉ា
៣ គឺត្រូវឲ្យឯងរាល់គ្នាសាបព្រោះនៅស្រែឯង ហើយថែរក្សាចំការទំពាំងបាយជូររបស់ឯងអស់៦ឆ្នាំ ព្រមទាំងប្រមូលផលផ្លែផង
៤ តែដល់ឆ្នាំទី៧ នោះជាឆ្នាំឈប់ផ្អាកឲ្យដល់បានសំរាកវិញ គឺជាឆ្នាំឈប់សំរាកថ្វាយព្រះយេហូវ៉ា មិនត្រូវឲ្យធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់ឯងឡើយ
៥ ឯមូរស្រូវដែលដុះឯងពីចំរូតមុន នោះឯងមិនត្រូវច្រូតទេ ក៏មិនត្រូវឲ្យបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ដែរ នោះគឺជាឆ្នាំឈប់សំរាកសំរាប់ស្រុកឯង
៦ ឆ្នាំសំរាកនៃស្រុកឯងនឹងចំរើនជាអាហារដល់ឯង ដល់បាវប្រុសបាវស្រីឯង ជើងឈ្នួល និងអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង
៧ ព្រមទាំងហ្វូងសត្វ និងអស់ទាំងសត្វដែលនៅក្នុងស្រុកឯងផង ផលចំរើននោះនឹងបានសំរាប់ជាអាហារ។
ឆ្នាំដែលត្រូវលោះកម្មសិទ្ធិ
៨ ត្រូវឲ្យឯងរាប់ឆ្នាំឈប់សំរាក៧ដង គឺជា៧ឆ្នាំ៧ដង ត្រូវឲ្យរំលងពេលឆ្នាំឈប់សំរាកអស់៧ ឲ្យបានគ្រប់៤៩ឆ្នាំ
៩ រួចត្រូវចាត់ចែងទៅផ្លុំត្រែ ឲ្យឮរំពង នៅថ្ងៃ១០ ក្នុងខែអស្សុជ ដែលត្រូវនឹងថ្ងៃបុណ្យធួននឹងបាបត្រូវឲ្យគេផ្លុំ នៅពេញក្នុងស្រុកឯង
១០ ត្រូវឲ្យឯងរាល់គ្នាញែកឆ្នាំទី៥០នោះទុកជាបរិសុទ្ធ ព្រមទាំងប្រកាសប្រាប់សេចក្តីប្រោសលែងបាវបំរើ ដល់មនុស្សទាំងអស់នៅពេញក្នុងស្រុកផង ឆ្នាំនោះជាឆ្នាំសោមនស្ស ដល់ឯងរាល់គ្នាដែលឯងនឹងត្រឡប់ទៅ នៅឯដីរបស់ឯងរាល់គ្នារៀបខ្លួនបាន ហើយនឹងត្រឡប់ទៅនៅនឹងញាតិសន្តានរបស់ខ្លួនវិញ
១១ ឆ្នាំទី៥០នោះនឹងបានជាឆ្នាំសោមនស្សដល់ឯងរាល់គ្នា ក្នុងឆ្នាំនោះ មិនត្រូវឲ្យឯងសាបព្រោះ ឬច្រូតកាត់មួរស្រូវដែលដុះឯង ឬបេះផ្លែទំពាំងបាយជូរដែលមិនបានលួសកាត់ឡើយ
១២ ដ្បិតនោះគឺជាឆ្នាំសោមនស្សហើយ ត្រូវរាប់ជាឆ្នាំបរិសុទ្ធដល់ឯងរាល់គ្នា ហើយឯងនឹងបរិភោគផលចំរើនអំពីស្រែចំការ។
១៣ នៅឆ្នាំសោមនស្ស ត្រូវឲ្យឯងរាល់គ្នាត្រឡប់ទៅនៅឯដីរបស់ឯងរៀងខ្លួន
១៤ បើកាលណាឯងលក់របស់អ្វីឲ្យអ្នកជិតខាងឯង ឬទិញអ្វីពីអ្នកជិតខាងឯងមកឯង នោះមិនត្រូវបំបាត់គ្នាទៅវិញទៅមកឡើយ
១៥ ត្រូវឲ្យទិញពីអ្នកជិតខាងឯង រាប់តាមចំនួនឆ្នាំ ក្រោយឆ្នាំសោមនស្សនោះ ហើយគេនឹងលក់ឲ្យឯង ដោយរាប់តាមចំនួនរដូវចំរូតដែរ
១៦ បើនៅមានច្រើនឆ្នាំទៅទៀត នោះឯងត្រូវបង្កើនថ្លៃឡើង តែបើនៅសល់តិចឆ្នាំវិញ នោះត្រូវបន្ថយថ្លៃចុះតាមចំនួនឆ្នាំតិចច្រើនទាំងនោះ គឺជាចំនួនចំរូតទេដែលគេលក់ឲ្យឯង
១៧ មិនត្រូវឲ្យឯងរាល់គ្នាបំបាត់គ្នាឡើយ ត្រូវតែកោតខ្លាចដល់ព្រះនៃឯងវិញ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
១៨ ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់អញ ហើយរក្សាសេចក្តីបញ្ញត្តរបស់អញទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមផង នោះឯងរាល់គ្នានឹងបាននៅក្នុងស្រុកដោយសុខសាន្ត
១៩ ហើយស្រុកនឹងបង្កើតផលឲ្យឯងរាល់គ្នាបានបរិភោគឆ្អែត ឯងរាល់គ្នានឹងបាននៅដោយសុខសាន្ត
២០ បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ
២១ នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ
២២ រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
២៣ មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅ ជាមួយនឹងអញប៉ុណ្ណោះទេ
២៤ ហើយនៅក្នុងស្រុក ដែលជាកេរអាករឯងរាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន
២៥ បើសិនជាបង ឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
២៦ បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន
២៧ នោះត្រូវរាប់ចាប់តាំងពីប៉ុន្មានឆ្នាំដែលលក់ដីនោះមក ហើយត្រូវបង្វិលប្រាក់ដែលសល់នៅប្រគល់ដល់អ្នកដែលទិញ រួចម្ចាស់ដីនឹងទៅនៅឯដីរបស់ខ្លួនវិញ
២៨ បើអ្នកនោះគ្មានអ្វីល្មមនឹងលោះយកបានទេ នោះដីដែលបានលក់ទៅ នឹងនៅក្នុងកណ្តាប់ដៃនៃអ្នកដែលបានទិញ ដរាបដល់ឆ្នាំសោមនស្ស លុះដល់ឆ្នាំសោមនស្សហើយ ដីនោះត្រូវត្រឡប់ទៅម្ចាស់ដើមវិញ រួចគាត់នឹងទៅនៅឯដីរបស់ខ្លួនបាន។
២៩ បើមនុស្សណាលក់ផ្ទះ នៅក្នុងទីក្រុង ដែលមានកំផែង នោះមានច្បាប់លោះមកវិញក្នុងរវាង១ឆ្នាំ រាប់តាំងពីថ្ងៃដែលបានលក់មក គឺនៅវេលាពេញ១ឆ្នាំ គេមានច្បាប់លោះមកវិញបាន
៣០ បើមិនបានលោះវិញក្នុងរវាង១ឆ្នាំនោះទេ ផ្ទះដែលនៅក្នុងទីក្រុងមានកំផែងនោះ នឹងបានដាច់ជារបស់ផងអ្នកដែលទិញ ជាដរាបអស់ទាំងដំណតរៀងទៅ លុះដល់ឆ្នាំសោមនស្ស ផ្ទះនោះមិនបានមកវិញទេ
៣១ ឯផ្ទះទាំងប៉ុន្មានដែលនៅអស់ទាំងស្រុកឥតមានកំផែងព័ទ្ធ នោះត្រូវរាប់ទុកដូចជាស្រែចំការវិញ មានច្បាប់លោះបាន ហើយដល់ឆ្នាំសោមនស្សក៏ត្រូវបានមកវិញដែរ
៣២ ប៉ុន្តែ ឯត្រង់ទីក្រុងទាំងប៉ុន្មានរបស់ពួកលេវី នោះគេមានច្បាប់នឹងលោះផ្ទះ នៅក្នុងទីក្រុងរបស់គេចេះតែបានជាដរាប
៣៣ បើសិនជាអ្នកណាទិញផ្ទះរបស់ពួកលេវីណាមួយ នោះដល់ឆ្នាំសោមនស្ស ផ្ទះដែលបានទិញនោះ ហើយនឹងទីក្រុងរបស់គេនឹងបានទៅគេវិញ ដ្បិតអស់ទាំងផ្ទះនៅក្នុងទីក្រុងរបស់ពួកលេវី នោះជាកេរអាកររបស់គេនៅក្នុងពួកកូនចៅអ៊ីស្រាអែល
៣៤ ឯស្រែចំការទាំងប៉ុន្មាននៅជុំវិញទីក្រុងរបស់គេ នោះលក់មិនបានទេ ដ្បិតជាកេរអាកររបស់ផងគេនៅអស់កល្បជានិច្ច។
ច្បាប់អំពីការឲ្យប្រាក់អ្នកក្រខ្ចី
៣៥ បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ
៣៦ មិនត្រូវយកការប្រាក់ ឬគិតកំរៃពីគេឡើយ គឺត្រូវកោតខ្លាចដល់ព្រះនៃឯងវិញ ដើម្បីឲ្យបងប្អូនបាននៅជាមួយនឹងឯងផង
៣៧ មិនត្រូវឲ្យគេខ្ចីប្រាក់ ដើម្បីនឹងយកការឡើយ ក៏មិនត្រូវឲ្យអាហារដល់គេ ដោយចង់បានកំរៃដែរ
៣៨ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងឲ្យស្រុកកាណានដល់ឯងរាល់គ្នា ហើយឲ្យបានធ្វើជាព្រះនៃឯងរាល់គ្នា។
៣៩ បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ ហើយលក់ខ្លួនដល់ឯង នោះមិនត្រូវឲ្យឯងប្រើគេទុកដូចជាបាវបំរើឡើយ
៤០ ត្រូវឲ្យគេនៅជាមួយនឹងឯងទុកដូចជាអ្នកស៊ីឈ្នួល ហើយដូចជាអ្នកស្នាក់នៅវិញ ត្រូវឲ្យគេនៅបំរើឯងដរាបដល់ឆ្នាំសោមនស្ស
៤១ រួចគេនឹងចេញពីឯងទៅ ព្រមទាំងកូនគេផង ដើម្បីនឹងត្រឡប់ទៅឯគ្រួសារនៅក្នុងកេរអាកររបស់ពួកឰយុកោគេវិញ
៤២ ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ
៤៣ ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
៤៤ តែឯត្រង់បាវបំរើប្រុសឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯរាល់គ្នាវិញ
៤៥ ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេ ដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរអាករដល់ឯងរាល់គ្នា
៤៦ ហើយឯងនឹងទុកអ្នកទាំងនោះ ជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីពួកអ្នកទាំងនោះហើយ ដែលឯងរាល់គ្នាត្រូវយកទុកជាបាវបំរើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។
៤៧ បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយនឹងឯងបានទៅជាអ្នកមាន ហើយបងប្អូនឯងម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ
៤៨ យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន
៤៩ ទោះជាឪពុកធំ ឬមា ឬក្មួយគេក្តី ឬអ្នកណាក៏ដោយដែលជាសាច់ញាតិជិតដិតក្នុងគ្រួសារគេ នោះនឹងលោះបាន ឬបើខ្លួនគេទៅជាមានវិញ ក៏នឹងលោះដោយខ្លួនឯងបានដែរ
៥០ ត្រូវគិតជាមួយនឹងអ្នកដែលទិញខ្លួន រាប់តាំងពីឆ្នាំដែលបានលក់ខ្លួនទៅរហូតដល់ឆ្នាំសោមនស្ស ហើយថ្លៃដែលបានលក់ខ្លួន នោះត្រូវសំរេចតាមចំនួនឆ្នាំដែលបានបំរើនោះ ត្រូវតែគិតឈ្នួលដូចជាអ្នកបំរើវិញ
៥១ បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីដំឡៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ
៥២ តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងដំឡៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ
៥៣ ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹងនៅមុខឯងរាល់គ្នាឡើយ
៥៤ បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញ ក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង
៥៥ ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។