៣
តង្វាយមេត្រី
១ បើសិនជាដង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា
២ ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសំឡាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃប្រោះឈាមនៅជុំវិញលើអាសនា
៣ ហើយត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
៤ ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
៥ រួចពួកកូនអើរ៉ុន នឹងដុតរបស់ទាំងនោះនៅលើដង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាដង្វាយដុតសំរាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
៦ បើសិនជាដង្វាយ ដែលអ្នកនោះថ្វាយ ដល់ព្រះយេហូវ៉ា សំរាប់ជាយញ្ញបូជាខាងឯដង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះ
៧ បើគេថ្វាយកូនចៀម នោះត្រូវឲ្យយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
៨ ត្រូវឲ្យដាក់ដៃលើក្បាលសត្វនោះ រួចសំឡាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនា
៩ ក៏ត្រូវយក១ចំណែក អំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
១០ ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
១១ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
១២ បើគេថ្វាយពពែ នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
១៣ ត្រូវដាក់ដៃលើក្បាល រួចសំឡាប់នៅមុខត្រសាលជំនុំ ហើយពួកកូនអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនា
១៤ ក៏ត្រូវយក១ចំណែកពីដង្វាយ នោះថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
១៥ ព្រមទាំងអង្គញ់ទាំង២ ហើយខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ និងស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
១៦ រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយដែលដុតថ្វាយសំរាប់ក្លិនឈ្ងុយ ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ផងព្រះយេហូវ៉ា
១៧ នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលឯងរាល់គ្នាតាំងនៅទីលំនៅ គឺថា មិនត្រូវឲ្យឯងរាល់គ្នាបរិភោគខ្លាញ់ឬឈាមឡើយ។