៣
ពាក្យព្រមានមេដឹកនាំ
១ ខ្ញុំក៏ថាដូច្នេះទៀត ឱពួកជាប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ ខ្ញុំសូមឲ្យអ្នករាល់គ្នាស្តាប់ខ្ញុំចុះ តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្តីយុត្តិធម៌ទេឬ
២ អ្នករាល់គ្នាដែលស្អប់សេចក្តីល្អ ហើយស្រឡាញ់សេចក្តីអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកពីគេចេញ ហើយបេះសាច់ពីឆ្អឹងគេដែរ
៣ ក៏ស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជារៀបដាក់ក្នុងឆ្នាំង ហើយដូចជាសាច់ដែលដាក់ចុះក្នុងថ្លាង
៤ នៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ
៥ ឯពួកហោរាដែលនាំឲ្យជនជាតិវង្វេងចេញ ជាពួកអ្នកដែលទាយជាសេចក្តីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែបើអ្នកណាមិនដាក់អ្វីក្នុងមាត់គេទេ នោះគេគិតទាំងច្បាំងនឹងអ្នកនោះផង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកនោះថា
៦ ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញការជាក់ស្តែងទៀត ហើយនឹងមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងទាយឡើយ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ
៧ ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូទាយនឹងទាល់គំនិត អើ គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ
៨ តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្តា ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា ព្រមទាំងសេចក្តីយុត្តិធម៌ និងអំណាច ដើម្បីនឹងថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។
៩ ឱពួកជាប្រមុខនៃវង្សយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែល ជាពួកអ្នកដែលខ្ពើមសេចក្តីយុត្តិធម៌ ហើយធ្វើឲ្យសេចក្តីត្រឹមត្រូវប្រែប្រួលទៅអើយ ចូរស្តាប់សេចក្តីនេះចុះ
១០ ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្តីទុច្ចរិត
១១ ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ និងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់យើងឡើយ
១២ ដូច្នេះក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារ និងបានដូចជាទីខ្ពស់នៅព្រៃវិញ។