៦
ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ត្ររបស់ព្រះអង្គ
១ ចូរឲ្យអ្នករាល់គ្នាស្តាប់សេចក្តីដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឥឡូវថា ចូរក្រោកឡើង អង្វរនៅមុខភ្នំធំទាំងឡាយចុះ ហើយបន្លឺឲ្យភ្នំតូចទាំងប៉ុន្មានឮសំឡេងឯងផង
២ ម្នាលភ្នំទាំងឡាយ និងឯងរាល់គ្នា ជាឫសនៃផែនដីដ៏ស្ថិតស្ថេរអើយ ចូរស្តាប់រឿងក្តីរបស់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាបានកើតក្តីនឹងរាស្ត្រទ្រង់ គឺទ្រង់នឹងតវ៉ានឹងពួកអ៊ីស្រាអែល
៣ ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ
៤ ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង
៥ ឱរាស្ត្រអញអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ហើយពីសេចក្តីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិតរបស់ព្រះយេហូវ៉ាចុះ។
៦ តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកដង្វាយដុត ជាកូនគោអាយុ១ខួប ដើម្បីចូលទៅចំពោះទ្រង់ឬ
៧ តើព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬអី តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ
៨ ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។
៩ ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុង ហើយមនុស្សណាដែលមានប្រាជ្ញា នឹងឃើញព្រះនាមទ្រង់ ចូរស្តាប់តាមដំបង និងតាមព្រះអង្គ ដែលបានតម្រូវឲ្យមកផង
១០ តើនៅតែមានទ្រព្យសម្បត្តិ ជាផលនៃការអាក្រក់នៅក្នុងផ្ទះមនុស្សអាក្រក់ និងរង្វាល់ឆកោង ដែលជាទីគួរស្អប់ខ្ពើមឬអី
១១ តើត្រូវឲ្យអញប្រព្រឹត្តដោយបរិសុទ្ធ ចំពោះជញ្ជីងដែលអាក្រក់ និងថង់ពេញដោយកូនជញ្ជីងឆកោងឬ
១២ ដ្បិតមនុស្សអ្នកមាននៅក្នុងទីក្រុង គេពេញដោយអំពើច្រឡោត ហើយពួកអ្នកអាស្រ័យនៅក្នុងក្រុង គេពោលកុហកទទេ អណ្តាតនៅក្នុងមាត់គេក៏ជាគ្រឿងឆបោកដែរ
១៣ ហេតុនោះអញបានវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងខូចបង់ ព្រោះអំពើបាបរបស់ឯង
១៤ ឯងនឹងស៊ីតែមិនបានឆ្អែតទេ សេចក្តីស្រេកឃ្លាននឹងនៅកណ្តាលឯង ឯងនឹងសន្សំទុក តែមិនគង់នៅទេ ឯរបស់អ្វីដែលឯងទុកបាន នោះអញនឹងប្រគល់ដល់ដាវវិញ
១៥ ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសំរាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
១៦ ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្តីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្តីត្មះតិះដៀលនៃរាស្ត្រអញ។