៣
ព្រះយេស៊ូវប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា
(ម៉ាថាយ១២.៩-១៤ លូកា៦.៦-១១)
១ ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង
២ គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់
៣ ទ្រង់មានព្រះបន្ទូលនៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ
៤ រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម
៥ នោះទ្រង់ងាកទតទៅគេទាំងគ្នាន់កា្នញ់ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានព្រះបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង
៦ រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។
មហាជនមកតាមព្រះយេស៊ូវ
៧ នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញ ដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ និងស្រុកយូដា
៨ ពីក្រុងយេរូសាឡិម និងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ និងស្រុកនៅជុំវិញក្រុងទីរ៉ុស និងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន
៩ ទ្រង់មានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់
១០ ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់
១១ កាលណាពួកអារក្សអសោចឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន
១២ ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។
ព្រះយេស៊ូវតែងតាំងសាវ័ក១២រូប
(ម៉ាថាយ១០.១-៤ លូកា៦.១២-១៦)
១៣ ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចមានព្រះបន្ទូលហៅអស់អ្នក ដែលទ្រង់សព្វព្រះហឫទ័យចង់ហៅ ហើយអ្នកទាំងនោះក៏ចូលមកឯទ្រង់
១៤ រួចទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ
១៥ និងឲ្យគេមានអំណាចអាចនឹងប្រោសជំងឺឲ្យជា ព្រមទាំងដេញអារក្សផង
១៦ គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត
១៧ ហើយយ៉ាកុប ជាកូនសេបេដេ១ និងយ៉ូហាន ជាប្អូនយ៉ាកុប១ ដែលទ្រង់ប្រទានឈ្មោះ បោនអ៊ើកេ ដល់អ្នកទាំង២នោះ គឺស្រាយថាជាកូនផ្គរលាន់
១៨ និងអនទ្រេ១ ភីលីព១ បារថូល៉ូមេ១ ម៉ាថាយ១ ថូម៉ាស១ និងយ៉ាកុប ជាកូនអាល់ផាយ១ ថាដេ១ ស៊ីម៉ូន ជាសាសន៍កាណាន១
១៩ ហើយយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។
បងប្អូនរបស់ព្រះយេស៊ូវមកនាំព្រះអង្គយកទៅវិញ
២០ នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ
២១ កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ។
ព្រះយេស៊ូវឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២.២២-៣២ លូកា ១១.១៤-២៣, ១២.១០)
២២ ឯពួកអាចារ្យ ដែលចុះមកពីក្រុងយេរូសាឡិម គេនិយាយឡើងថា អ្នកនោះមានអារក្សបេលសេប៊ូលចូល វាដេញអារក្ស ដោយអាងមេអារក្សទេ
២៣ តែទ្រង់ហៅគេមកមានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចថា ធ្វើដូចម្តេចឲ្យអារក្សសាតាំងបានដេញអារក្សសាតាំងដូច្នេះ
២៤ បើនគរណាបែកទាស់ទែងគ្នាឯងហើយ នគរនោះពុំអាចនឹងនៅស្ថិតស្ថេរបានឡើយ
២៥ ឬបើផ្ទះណាបែកទាស់ទែងគ្នាឯង ផ្ទះនោះក៏មិនអាចនឹងនៅស្ថិតស្ថេរបានដែរ
២៦ ឯអារក្សសាតាំង បើកើតបះបោរបែកទាស់គ្នាវា នោះវាពុំអាចនឹងនៅស្ថិតស្ថេរបានទេ វាត្រូវវិនាសទៅហើយ
២៧ គ្មានអ្នកណាអាចនឹងចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យករបស់ទ្រព្យគេបានទេ លុះត្រាតែបានចងអ្នកនោះជាមុនសិន ទើបនឹងប្លន់យកបាន
២៨ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្រប់ទាំងអំពើបាបនឹងបានអត់ទោសដល់ពួកកូនមនុស្ស ហើយអស់ទាំងពាក្យដែលគេពោលប្រមាថដែរ
២៩ តែអ្នកណាដែលពោលពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនដែលបានអត់ទោសឲ្យឡើយ អ្នកនោះឯងនឹងត្រូវទោស នៅអស់កល្បជានិច្ចវិញ
៣០ ដែលទ្រង់មានព្រះបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោចចូល។
បងប្អូនដ៏ពិតប្រាកដរបស់ព្រះយេស៊ូវ
(ម៉ាថាយ១២.៤៦-៥០ លូកា៨.១៩-២១)
៣១ គ្រានោះ មាតា និងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់
៣២ ហ្វូងមនុស្សដែលអង្គុយនៅជុំវិញទ្រង់ គេទូលថា ន៏ មើល ម្តាយ និងបងប្អូនលោកនៅខាងក្រៅមករកលោក
៣៣ ទ្រង់មានព្រះបន្ទូលឆ្លើយថា តើអ្នកណាជាម្តាយ ហើយជាបងប្អូនខ្ញុំ
៣៤ រួចទ្រង់ងាកទតទៅអស់អ្នកដែលអង្គុយនៅជុំវិញទ្រង់ ដោយព្រះបន្ទូលថា នុ៎ះន៏ ម្តាយ និងបងប្អូនខ្ញុំ
៣៥ ពីព្រោះអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះហើយជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ។