១ មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀបចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះអម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះវិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើល​ន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ២ តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក ៣ ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់ ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​នឹង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​សុចរិត ៤ គ្រា​នោះ ដង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូសាឡិម​នឹង​ជា​ទី​គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ ៥ ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្តី​យុត្តិធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាបធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់សង្កិន​ស្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្តី​យុត្តិធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោតខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ
តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះអម្ចាស់
៦ ដ្បិត​អញ គឺ​យេហូវ៉ា អញ​មិន​ប្រែប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុបអើយ ឯង​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។
៧ ឯង​រាល់​គ្នា​បាន​បោះបង់​ចោល​សេចក្តី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​ព្ធយុកោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច ៨ ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែ​ឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង ៩ ឯង​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្តាសា​ហើយ ដោយ​ព្រោះ​តែងតែ​កោង​យក​របស់​អញ​យ៉ាង​ដូច្នេះ ១០ ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ ហើយ​ល្បងល​អញ​ឥឡូវ បើ​អញ​មិន​បើក​ទ្វារ​ស្ថានសួគ៌ ដើម្បី​ចាក់​ព្រះពរ​មក​លើ​ឯង ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ១១ ដូច្នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ ឯ​ដើម​ទំពាំងបាយជូរ​នៅ​ចំការ​របស់​ឯង ក៏​មិន​ជំរុះ​ផ្លែ​ពី​កាល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ១២ យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា ឯង​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​ឯង​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ។
ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បំរើ​ព្រះអង្គ
១៣ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់ ១៤ គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ១៥ ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បងល​ព្រះ ហើយ​ក៏​រួច​ផង។
១៦ គ្រា​នោះ ពួក​អ្នក​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះយេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឮក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះយេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះនាម​ទ្រង់ ១៧ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត ១៨ គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្តី​សុចរិត និង​សេចក្តី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ និង​មនុស្ស​ដែល​មិន​គោរព​ផង។