១៦
ពួកខាងគណៈផារិស៊ី និងពួកខាងគណៈសាឌូស៊ីចង់ឃើញការអស្ចារ្យ ទុកជាទីសំគាល់
(ម៉ាកុស ៨.១១-១៣ លូកា ១២.៥៤-៥៦)
១ ពួកផារិស៊ី និងពួកសាឌូស៊ី គេមកល្បួងទ្រង់ សូមឲ្យសំដែងទីសំគាល់១ពីលើមេឃឲ្យគេឃើញ
២ តែទ្រង់មានព្រះបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អ ពីព្រោះក្រហម
៣ ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ
៤ ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។
ពុតត្បុតរបស់ពួកខាងគណៈផារិស៊ី និងពួកខាងគណៈសាឌូស៊ី
(ម៉ាកុស ៨.១៤-២១)
៥ ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំបុ័ងទៅ
៦ គ្រានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី ឲ្យមែនទែន
៧ គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង
៨ កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នា អំពីដំណើរដែលមិនបានយកនំបុ័ងមកដូច្នេះ
៩ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ និងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី
១០ ឬពីនំបុ័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី
១១ ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំបុ័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត្ន ពីដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ីនោះទេ
១២ នោះទើបគេបានយល់ថា មិនមែនពីដំបែនំបុ័ង ដែលទ្រង់មានព្រះបន្ទូលប្រាប់ឲ្យគេប្រយ័ត្នទេ គឺពីលទ្ធិរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
លោកស៊ីម៉ូនប្រកាសថា ព្រះយេស៊ូវជាព្រះគ្រីស្ទ
(ម៉ាកុស ៨.២៧-៣០ លូកា ៩.១៨-២១)
១៣ កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា
១៤ ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ
១៥ ទ្រង់មានព្រះបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា
១៦ ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់
១៧ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
១៨ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ
១៩ ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
២០ រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។
២១ តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ
២២ នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអង្គម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ
២៣ តែទ្រង់បែរទៅមានព្រះបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្តីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ
២៤ រួចទ្រង់មានព្រះបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ
២៥ ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ
២៦ ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ
២៧ ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយ និងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន
២៨ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ ទាល់តែបានឃើញកូនមនុស្សមក ក្នុងនគររបស់លោក។