២១
ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិម
(មក.១១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩)
១ គ្រាបានមកជិតក្រុងយេរូសាឡិមហើយ ដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវ នោះព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ
២ ដោយព្រះបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ
៣ បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ
៤ ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា
៥ «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ ដែលជាកូនរបស់មេលា»
៦ សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ
៧ ហើយនាំមេលា និងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់
៨ ឯហ្វូងមនុស្សស្ទើរតែទាំងអស់បានកា្រលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង
៩ ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
១០ រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា
១១ ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។
ព្រះយេស៊ូវដេញពួកអ្នកលក់ដូរចេញពីព្រះវិហារ
(មក.១១.១៥-១៩ លក.១៩.៤៥-៤៨ យហ.២.១៣-២២)
១២ ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់ និងជើងម៉ារបស់ពួកអ្នកលក់ព្រាប
១៣ ហើយទ្រង់មានព្រះបន្ទូលទៅគេថា មានសេចក្តីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ
១៤ ឯពួកមនុស្សខ្វាក់ និងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់
១៥ តែពួកសង្គ្រាជ និងពួកអាចារ្យ គេមានចិត្តគ្នាន់កា្នញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ និងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ
១៦ ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្តីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្តីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង និងកូនដែលនៅបៅ»
១៧ រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។
ដើមល្វាត្រូវបណ្តាសា
(ម៉ាកុស ១១.១២-១៤, ២០-២៤)
១៨ ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន
១៩ ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានព្រះបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ
២០ កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្តីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎
២១ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្តីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ
២២ ហើយគ្រប់ទាំងសេចក្តីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។
អំណាចរបស់ព្រះយេស៊ូវ
(ម៉ាកុស 11.២៧-៣៣ លូកា ២០.១-៨)
២៣ កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក
២៤ ព្រះយេស៊ូវមានព្រះបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ
២៥ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់
២៦ តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា
២៧ រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានព្រះបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
ប្រស្នាអំពីកូនប្រុសពីរនាក់
២៨ ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ
២៩ កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ
៣០ គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែវាមិនបានទៅទេ
៣១ ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ និងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា
៣២ ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ និងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។
ប្រស្នាអំពីអ្នកថែរក្សាចំការទំពាំងបាយជូរ
(ម៉ាកុស ១២.១-១២ លូកា ២០.៩-១៩)
៣៣ ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ
៣៤ កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន
៣៥ តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ
៣៦ ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា
៣៧ ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ
៣៨ ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា
៣៩ គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ
៤០ ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ
៤១ គេទូលឆ្លើយតបថា គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួច និងប្រវាស់ចំការទៅឲ្យពួកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ
៤២ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ»
៤៣ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ
៤៤ អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ
៤៥ កាលពួកសង្គ្រាជ និងពួកផារិស៊ីបានឮពាក្យប្រៀបប្រដូចទាំងនោះហើយ គេក៏ដឹងថា ទ្រង់មានព្រះបន្ទូលឆ្ពោះទៅខ្លួនគេ
៤៦ រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុកជាហោរា។