២៧
ពួកជំនុំជាន់ខ្ពស់កាត់ទោសព្រះយេស៊ូវ
(ម៉ាកុស ១៥.១ លូកា ២៣.១-២ យ៉ូហាន ១៨.២៨-៣២)
១ ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់
២ ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុក ឈ្មោះប៉ុនទាស-ពីឡាត់។
ប្រាក់បង់ថ្លៃឈាម
(កិច្ចការ១.១៨-១៩)
៣ កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ
៤ ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ
៥ វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ
៦ ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម
៧ លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសំរាប់ជាទីកប់ខ្មោចនៃសាសន៍ដទៃវិញ
៨ ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ
៩ នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «គេបានយកប្រាក់៣០ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ
១០ ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។
លោកពីឡាត់កាត់ទោសប្រហារជីវិតព្រះយេស៊ូវ
(ម៉ាកុស ១៥.២-១៥ លូកា ២៣.៣-៥,១៣-២៥ យ៉ូហាន ១៨.៣៣-១៩.១៦)
១១ ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ
១២ តែកាលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានព្រះបន្ទូលឆ្លើយសោះ
១៣ លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី
១៤ តែព្រះយេស៊ូវ ទ្រង់មិនមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។
១៥ ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម
១៦ នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស
១៧ ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ
១៨ ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ
១៩ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបំរើមកជំរាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ
២០ តែពួកសង្គ្រាជ និងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់
២១ នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយឡើងថា សូមលែងបារ៉ាបាសចុះ
២២ លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ
២៣ នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ
២៤ កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ
២៥ បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ
២៦ ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។
ទាហានមើលងាយ និងធ្វើបាបព្រះយេស៊ូវ
(ម៉ាកុស ១៥.១៦-២០ យ៉ូហាន ១៩.២-៣)
២៧ នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់
២៨ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ
២៩ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា
៣០ គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង
៣១ កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។
គេឆ្កាងព្រះយេស៊ូវ
(មក ១៥.២១-៣២ លក ២៣.២៦-៤៣ យហ ១៩.១៧-២៧)
៣២ កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ
៣៣ លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំលលាដ៏ក្បាល
៣៤ នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ
៣៥ គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ»
៣៦ គេអង្គុយចាំយាមទ្រង់នៅទីនោះ
៣៧ ក៏បិទប្រកាសដែលកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»
៣៨ នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។
៣៩ ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា
៤០ ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក
៤១ ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា
៤២ វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា
៤៣ វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ! ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ
៤៤ ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។
ព្រះយេស៊ូវសោយទិវង្គត
(មក ១៥.៣៣-៤១ លក ២៣.៤៤-៤៩ យហ ១៩.២៨-៣០)
៤៥ តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី
៤៦ ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ
៤៧ មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ
៤៨ ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ
៤៩ តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល លោកអេលីយ៉ាមកជួយសង្គ្រោះវា។
៥០ កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ
៥១ គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
៥២ អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន
៥៣ ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ
៥៤ ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន
៥៥ នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ
៥៦ ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារាជាម្តាយយ៉ាកុប និងយ៉ូសេ១ ហើយនិងប្រពន្ធរបស់សេបេដេ១។
ការបញ្ចុះសពព្រះយេស៊ូវ
(មក ១៥.៤២-៤៧ លក ២៣.៥០-៥៦ យហ ១៩.៣៨-៤២)
៥៧ ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់
៥៨ បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់
៥៩ រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត
៦០ ហើយបញ្ចុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទម៉ាត់ផ្នូរហើយ នោះក៏ចេញទៅបាត់
៦១ ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។
៦២ កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ និងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា
៦៣ លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ
៦៤ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័ត្នផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្តីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត
៦៥ លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ
៦៦ រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។